Monday, June 17, 2019

ប្រវត្តិនៃការជួសជុលតារាជ

«តារាជ» ជាចម្លាក់ទេពតំណាងឱ្យព្រះវិស្ណុនៃព្រហ្មមញ្ញសាសនាដែលមានព្រះហស្ថ៨រចនាបថបាយ័ន្ត កម្ពស់ជិត៤ម៉ែត្រ ឆ្លាក់ពីថ្មមួយដុំ តម្កល់ទុកនៅច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត។ ភាពល្បីល្បាញនៃឫទ្ធានុ​ភាពដ៏អស្ចារ្យនៃអាទិទេពនេះ ត្រូវបានព្រះមហាក្សត្រខ្មែរនិងប្រជាជនខ្មែរតាំងពីបុរាណ រហូតដល់បច្ចុប្បន្នគោរពបូជា មានជំនឿជាក់មុតមាំនឹងភាពស័ក្តិសិទ្ធិរបស់ព្រះអង្គ ហើយចាត់ទុកជាស្តេចទេពដ៏ខ្ពង់ខ្ពស់បំផុត ដែលថែរក្សាប្រាសាទអង្គរវត្តរហូតដល់សព្វថ្ងៃ។
បើទោះបីជាមានអាយុរាប់រយឆ្នាំ ឆ្លងកាត់ច្រើនសម័យកាលនៃប្រទេសជាតិ ក៏បដិមា «តារាជ» នៅតែបង្ហាញរាងមាំទាំនិងពេញដោយតេជៈបារមី។ ទេពអង្គនេះ ក៏ធ្លាប់បានទទួលការជួសជុលជាច្រើនដងពីអ្នកជំនាញជាតិ-អន្តរជាតិដែលរងគ្រោះដោយកត្តាធម្មជាតិនៃអាយុកាលរបស់ខ្លួន សង្គ្រាមស៊ីវិល និងការយារយីពីពួកឈ្មួញទុច្ចរិតប៉ងកាត់ព្រះកេសយកទៅជួញដូរដ៏គួរឱ្យខ្លោចផ្សារ។ ទាក់ទងនឹងការអភិរក្សឡើងវិញ លោក ឡុង ណារី អ្នកជំនាញអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ និងជាអ្នកធ្លាប់រួមចំណែកជួសជុលតារាជកន្លងមក បានឱ្យដឹងថា មកដល់ពេលនេះ លោកតារាជ បានឆ្លងកាត់ប្រវត្តិជួសជុលច្រើនជំនាន់មកហើយ យោងទៅលើភស្តុងតាងបច្ចេកទេសអភិរក្សនិងសម្ភារៈនៅក្នុងរាងកាយដែលធ្លាប់ជួសជុលពីសម័យមុនៗ។
លោក ណារី បញ្ជាក់ថា ការជួសជុលតារាជ គឺមានតាំងពីចុងស.វ.ទី១៦ នៅលើជើងដែលបាក់ជាពីរកំណាត់ទាំងពីរ ព្រោះតាមការពិសោធរបស់អ្នកជំនាញឃើញថា សាច់ថ្មនៅជើងនិងដងខ្លួនមានគុណភាពផ្សេងគ្នា។ បញ្ហាបែកបាក់នេះកើតឡើងប្រហែលដោយសារអន្តរកាលផ្លាស់ប្តូរសាសនាពីព្រហ្មមញ្ញមកព្រះពុទ្ធ។ បន្តមកទៀត នៅសម័យបារាំងដោយមើលឃើញហានិភ័យនៃបដិមាទ្រេតផ្ងារទៅក្រោយរកដួលរលំ អ្នកជំនាញសាលាបារាំងចុងបូព៌ា ក៏បានជួសជុលឡើងវិញ ដោយការជីកបង្ហាប់ដី ពង្រឹងគ្រឹះដើម្បីតម្កល់ព្រះវិស្ណុឬតារាជឱ្យមានលំនឹង កាន់តែរឹងមាំឡើងវិញ នាឆ្នាំ១៩៤៦។
ក្រោយមក នៅឆ្នាំ១៩៨៧-១៩៩៣ ដោយមានកិច្ចសហប្រតិបត្តិការរវាងអភិរក្សដ្ឋានអង្គរនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមួយឥណ្ឌា ក៏បានធ្វើការជួសជុលផ្នែកខ្លះនៃព្រះហស្ថទាំងសងខាងដែលបែកបាក់ បាត់បង់ ដោយប្រើស៊ីម៉ង់តិ៍ជំនួស។ បើរំឭកកាលពីឆ្នាំ១៩៨៥ ព្រះកេសរបស់លោកតារាជ ត្រូវបានជនទុច្ចរិតមួយក្រុមប៉ុនប៉ងអារផ្តាច់ក្នុងបំណងជួញដូរ តែមិនបានសម្រេច ទើបសមត្ថកិច្ចយកព្រះកេសទៅរក្សាទុកនៅអភិរក្សអង្គរ មុននឹងបញ្ជូនទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញដើម្បីរក្សាសុវត្ថិភាព។ ក្នុងភាពវឹកវរ ប្រទេសជាតិមិនទាន់មានសន្តិសុខពេញលេញ ក្រុមអភិរក្សអង្គរបានចម្លងព្រះកេសថ្មីពីស៊ីម៉ង់តិ៍ជំនួសព្រះកេសដើមវិញដើម្បីបំពេញលក្ខណៈរាងកាយនៃបដិមានិងជំនឿរបស់ប្រជាជនខ្មែរ។
លុះមកដល់ឆ្នាំ២០០២-២០០៣ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរាជាមួយស្ថាប័នអាល្លឺម៉ង់ (GACP) ក៏បានធ្វើការជួសជុលលើព្រះហស្ថឆ្វេង២ ស្តាំមួយ និងស្មាស្តាំដែលប្រេះបម្រុងធ្លាក់ អាចបណ្តាល ឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់រូបចម្លាក់ផ្ទាល់ និងទេសចរដែលឆ្លងកាត់ទីនេះមកគោរពបូជាផង ទើបក្រុមការងារក៏ បានប្តូរព្រះហស្ថទាំងបីនិងស្មាដែលធ្វើពីស៊ីម៉ង់តិ៍ជំនួសដោយថ្មភក់វិញ។ បន្ថែមពីនោះ ដោយមើលឃើញថាលោកតារាជ ជាទេពស័ក្តិសិទ្ធិក្នុងជំនឿខ្មែរ ហើយប្រទេសជាតិក៏មានសុខសន្តិភាពហើយ ក្រុមការងារអាជ្ញាធរជាតិអប្សរានិងអាល្លឺម៉ង់ ក៏បានស្នើទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសារមន្ទីរជាតិភ្នំពេញ ដើម្បីសុំព្រះកេសដើម ដើម្បីមកតភ្ជាប់នឹងព្រះកាយវិញ ទើបសមនឹងតម្លៃនៃការគោរពជំនឿដ៏មុតមាំនិងសមត្ថភាពនៃក្រុមការងាររបស់អ្នកជំនាញអាជ្ញាធរជាតិអប្សរាក្នុងកិច្ចការអភិរក្សផង។
លោក ឡុង ណារី ក៏បានសំណូមពរដល់អ្នកមកគោរពបូជា សូមកុំស្រោចទឹកលើព្រះបាទ បដិមា ដែលបណ្តាលឱ្យទឹកហូរជ្រាបចូលតាមស្នាមប្រេះដល់បាយអរ នាំឱ្យសាច់ថ្មឆាប់សឹករិចរិល និងពុកផុយ។ រីឯផ្សែងធូប ច្រើន នឹងធ្វើឱ្យម្រ័ក្សណ៍និងទឹកមាសលើរូបបដិមា ប្រែទៅជាពណ៌ខ្មៅស្រអាប់។ ក្នុងនោះដែរ ការបំពាក់ ស្បង់ចីពរ ច្រើនជាន់ លើ គ្នា នឹង ធ្វើ ឱ្យធ្ងន់ នាំឱ្យរបេះដល់ជាតិម្រ័ក្សណ៍លើ ដងខ្លួនបដិមា ព្រោះម្រ័ក្ស ណ៍ខ្លះដែលទើប លាបជំនាន់ក្រោយមិន មាន គុណភាពល្អដូច ដើមទេ ងាយនឹងធ្វើឱ្យខូចខាតណាស់៕
អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ EFEO/ GACP/ លោក ហ៊ុ រិទ្ធី








No comments:

Post a Comment