Monday, June 17, 2019

កម្ពុជា តួកគី ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មឱ្យដល់១ពាន់លានដុល្លារអាមេរិក

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីតួកគីលោក តាយយីប អ៊ែរដូហ្កាន (Recep Tayyip Erdoğan)។ ក្នុងជំនួបនោះប្រធានាធិបតីតួកគី បានអរគុណលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបំពេញទស្សនកិច្ចនៅតួកគីកាលពីឆ្នាំ២០១៨កន្លងទៅ និងបានចុះហត្ថលេខាលើកិច្ចព្រម ព្រៀងមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។
លោកប្រធានាធិបតី បានមានប្រសាសន៍ថា បច្ចុប្បន្នប្រទេសកម្ពុជា និងតួកគី កំពុងប្រារព្ធពិធីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងប្រទេសទាំងពីរហើយលោកពិតជារីករាយដែលកម្ពុជាបានបើកស្ថានទូតនៅក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី ក៏ដូចជាការបើកស្ថានទូតរបស់តួកគីនៅក្នុងរាជធានីភ្នំពេញ។
លោកប្រធានាធិបតី បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្នទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានត្រឹម ៩១លានដុល្លារអាមេរិកប៉ុណ្ណោះ ស្ថិតក្នុងកម្រិតទាបនៅឡើយហើយលោក បានស្នើឱ្យជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឡើងទៅដល់ ៥០០លាន ឬ ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
លោកប្រធានាធិបតីតួកគី បានថ្លែងបញ្ជាក់ទៀតថា គួរ តែជំរុញឱ្យអ្នកវិនិយោគ និងពាណិជ្ជករតួកគី និងកម្ពុជារកស៊ីជាមួយគ្នាឱ្យកាន់តែច្រើនឡើង។ លោកបានថ្លែងថា បច្ចុប្បន្នតួកគីកំពុងឱ្យតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ហើយប្រទេសតួកគីជាប្រទេសដៃគូសន្ទនាតាមវិស័យជាមួយអាស៊ាន។ លោកបានបន្ថែមថា កន្លងមកប្រទេសតួកគី បានចូលរួមក្នុងការបោសសំអាតមីននៅក្នុងប្រទេសសមាជិកអាស៊ាន តាមរយៈមជ្ឈ មណ្ឌលសកម្មភាពកម្ចាត់មីនអាស៊ាន ហើយតួកគីមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសសមាជិកអាស៊ានទាំងអស់។ តួកគីចង់ប្រែក្លាយពីប្រទេ សដៃគូតាមវិស័យទៅជាជាប្រទេសដៃគូសន្ទនាជាមួយអាស៊ានផងដែរ។
ប្រធានាធិបតីតួកគី ក៏ចង់ឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លាថែមទៀតក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើភេរវកម្មផងដែរ។
ជាការឆ្លើយតបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះទស្សនៈទាំងឡាយដែលលោកប្រធានាធិបតីតួកគីបានលើកឡើង។ លោក ក៏បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងរៀបចំស្ថានទូតនៅទីក្រុងអង់ការ៉ា។ ពាក់ព័ន្ធការប្រារព្ធពិធីអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងកម្ពុជា និងតួកគីនោះ កម្ពុជាចង់អញ្ជើញរដ្ឋមន្ត្រីការបរទេសតួកគីមកបំពេញទស្សន កិច្ចនៅកម្ពុជា ដើម្បីពិនិត្យពីវឌ្ឍនភាព និងសមិទ្ធផលការងារដែលបានធ្វើនាពេលកន្លងទៅ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហាញក្តីរំពឹងផងដែរថា ប្រធានាធិបតីតួកគី នឹងអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានមានប្រសាសន៍ដែរថា លោកស្វាគមន៍ចំពោះការតែងតាំងសហប្រធាននៃគណៈកម្មការចម្រុះនៃប្រទេសទាំងពីរ ដែលនៅពេលខាងមុខនេះនឹងមានការប្រជុំសម្រាប់ឆមាសទី៤ផងដែរ។
ពាក់ព័ន្ធបញ្ហាពាណិជ្ជកម្មរវាងប្រទេសទាំងពីរវិញ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ចង់ឃើញការជំរុញទំហំពាណិជ្ជកម្មនេះឱ្យដល់១ពាន់លានដុល្លារអាមេរិកផងដែរ។ ដើម្បីជំរុញការងារលោក បានលើកជាគំនិតថា គួរធ្វើបញ្ជីមុខទំនិញដែលអាចនាំចេញនាំចូលរវាងប្រទេសទាំងពីរ ពោលតើទំនិញអ្វីដែលកម្ពុជាអាចនាំទៅតួកគីបាន ហើយតួកគីអាចនាំទំនិញអ្វីមកកម្ពុជាបាន?
ចំពោះការស្នើសុំពីប្រទេសតួកគីដែលចង់ប្រែក្លាយពីប្រទេសដៃគូសន្ទនាតាមវិស័យ ទៅជាប្រទេសដៃគូសន្ទនារបស់អាស៊ាននោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងការគាំទ្រ ហើយបានសន្យាធ្វើការជាមួយប្រទេសដទៃទៀត ដើម្បីគាំទ្រលើកកម្ពស់ដៃគូរបស់តួកគីជាមួយអាស៊ាន។
ពាក់ព័ន្ធលើការប្រយុទ្ធប្រឆាំងអំពើភេរវកម្មវិញ លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា នឹងយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំង។ ដោយឡែកលើការដោះមីនវិញ លោក ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់តួកគី ដែលបានឧបត្ថម្ភគាំទ្រដល់មជ្ឈមណ្ឌលកម្ចាត់មីនតំបន់អាស៊ាន៕







No comments:

Post a Comment