Monday, June 17, 2019

ពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុងបានលុង អាណត្តិទី៣

រតនគិរី៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ លោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុងបានលុង អាណត្តិទី៣។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមលោកផ្ទាល់ លោក បានសំដែងនូវការអបអរសាទរកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាក្រុងបានលុង ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាសង្កាត់ ដែលជាអង្គបោះឆ្នោត បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដើម្បីបន្តដឹកនាំឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យថែមទៀតនៅមូលដ្ឋាន។
ទន្ទឹមគ្នានេះ លោកអភិបាលខេត្ត បានស្នើសុំឱ្យក្រុមប្រឹក្សាគណៈអភិបាលក្រុង មន្រ្តីរាជការ និងកងកម្លាំង មានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងសាមគ្គីភាព ឯកភាព ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ពង្រឹងការងារផ្តល់សេវាប្រកបដោយតម្លាភាព គណនេយ្យភាព សំដៅអភិវឌ្ឍន៍មូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឱ្យយើងសម្រេចគោលដៅមូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ ព្រមជាមួយនេះត្រូវជំរុញលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ នៅតាមមូលដ្ឋានរៀងៗខ្លួន ជាពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ប្លន់ និងល្បែងស៊ីសងខុសច្បាប់ នៅគ្រប់មូលដ្ឋាន។
លោកអភិបាលខេត្ត បានបន្តថា សមិទ្ធផល និងស្នាដៃការងារដែលគណៈអភិបាល និងក្រុមប្រឹក្សាក្រុងបានលុង សម្រេចបានព្រមទាំងលទ្ធផល នៃការបោះឆ្នោតនាពេលកន្លងមកនេះ គឺជាមូលដ្ឋានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
សូមបញ្ជាក់ថា សម្រាប់ក្រុងបានលុង អាណត្តិទី៣នេះ មានសមាជិកក្រុមប្រឹក្សាចំនួន ១៥រូប ក្នុងនោះ លោក អ៊ុន ស៊ីដេត ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាក្រុង៕






No comments:

Post a Comment