Friday, June 15, 2018

អាជ្ញាធរជាតិអប្សរាចុះ អនុស្សារណៈយោគយល់​ជាមួយអាជ្ញាធរ​ DASTA ប្រទេសថៃ​ ស្តីពីការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយចីរភាព​

នៅទីក្រុងបាងកកនៃប្រទេសថៃ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរ DASTA (Designated Area for Sustainable Tourism Administration) របស់ប្រទេសថៃ បានចុះអនុស្សារណៈយោគយល់គ្នាជាផ្លូវការ ក្រោយបានជួបពិភាក្សា និងសិក្សាពីគ្នាអស់រយៈពេលជាងមួយឆ្នាំមក។
សារៈសំខាន់នៃពិធីចុះអនុស្សារណៈគឺ ដើម្បីបង្កើតកិច្ចសហការសម្រាប់ផ្លាស់ប្តូរបទពិសោធន៍ និងជំនាញនៃការគ្រប់គ្រងទេសចរណ៍ប្រកបដោយចីរភាព ដោយផ្តោតទៅលើកិច្ចការសំខាន់ៗមួយចំនួនដូចជា ការស្រាវជ្រាវទេសចរណ៍ ការផ្លាស់ប្តូរអ្នកជំនាញទេសចរណ៍ និងចែករំលែកបទពិសោធន៍ និងចំណេះដឹងនានាពាក់ព័ន្ធនឹងការគ្រប់គ្រងទេសចរណ៍ ការធ្វើទស្សនកិច្ចចុះសង្កេតដើម្បីស្វែងយល់ និងដកពិសោធន៍ការងារ ការបណ្តុះបណ្តាលអំពីគំរូនៃការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងការបណ្តុះបណ្តាលវគ្គជំនាញទេសចរណ៍ផ្សេងៗជាដើម។
លោក សុខ សង្វារ តំណាង លោកអគ្គនាយកអាជ្ញាជាតិអប្សរា បានបញ្ជាក់ថា ការសម្រេចចិត្តចុះអនុស្សារណៈយោគយល់ជាមួយអាជ្ញាធរ DASTA គឺក្នុងគោលដៅពង្រឹងទំនាក់ទំនងលើវិស័យគ្រប់គ្រងទេសចរណ៍ ដោយហេតុថា កិច្ចការចម្បងរបស់អាជ្ញាធរនេះគឺផ្តោតសំខាន់ទៅលើចីរភាពទេសចរណ៍នៅតំបន់ទាំង៥គឺ Koh Chang Islands, Pataya City, Sukhothai-Kamphaengphet Historic Parks, Leoi Province និង U-Thong ដែលបានកំណត់ដោយព្រះរាជក្រឹត្យ។
លោក Nalikathibhag Sangsnit បញ្ជាក់ថា ភាពជោគជ័យនៃការគ្រប់គ្រងរមណីយដ្ឋានអង្គរ គឺជាចំណុចដែលធ្វើឲ្យក្រុមការងាររបស់លោកកោតសរសើរយ៉ាងខ្លាំង។ លោកជឿជាក់ថា តាមរយៈទំនាក់ទំនងនេះ ក្រុមការងារលោកនឹងទទួលបានបទពិសោធន៍ល្អៗបន្ថែមទៀត ក្នុងការរៀបចំតំបន់ទេសចរណ៍ DASTA។ ជាមួយគ្នានេះដែរ លោកក៏បានអញ្ជើញមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា ដើម្បីចូលរួមប្រជុំអំពីការគ្រប់គ្រងតំបន់បេតិកភណ្ឌពិភពលោក ក្នុងតំបន់អាស៊ាន ដែលគ្រោងនឹងរៀបចំនៅប្រទេសថៃ ក្នុងខែសីហា ខាងមុខនេះ។

ជាការចាប់ផ្តើមនៃការអនុវត្តលើអនុស្សារណៈយោគយល់គ្នានេះ អាជ្ញាធរ DASTA បានរៀបចំដំណើរទស្សនកិច្ចសិក្សាជូនមន្ត្រីជំនាញរបស់អាជ្ញាធរជាតិអប្សរា ទៅកាន់រមណីយដ្ឋានសុខោទ័យ ដែលជាបេតិកភណ្ឌពិភពលោកមួយ ដើម្បីដកស្រង់បទពិសោធន៍ពីការងារគ្រប់គ្រងទេសចរណ៍នៅទីនោះ៕


No comments:

Post a Comment