Friday, June 15, 2018

ខេត្តកំពត​ ប្រារព្ធទិវាបរិស្ថានជាតិ​ និងបរិស្ថាន​ពិភពលោក ​៥ មិថុនា ២០១៨​

កំពត៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងបរិវេណអនុវិទ្យាល័យ ឌីប៉ុក មហាសាមគ្គី ក្រុងកំពត ខេត្តកំពត លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០១៨ ក្រោមប្រធានបទ ” រួមគ្នាដើម្បីលុបបំបាត់ការពុលដោយប្លាស្ទិក ” ដោយមានការចូលរួមពី លោក លោកស្រីក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ តំណាងអង្គការស្ការ៉ូ លោកគ្រូ អ្នកគ្រូ យុវជន យុវនារី សិស្សានុសិស្សសរុប ៨០០ នាក់ ។
នៅក្នុងពិធីនេះដែរ លោកអភិបាលខេត្ត បានផ្តល់នូវអនុសាសន៍ល្អៗដល់អង្គពិធីទាំងមូលរួមមាន៖ ការងារបរិស្ថាន គឺជាកិច្ចការដែលត្រូវបានពិភពលោក បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយតម្រូវឲ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងសង្គមជាតិ តំបន់ និងពិភពលោកត្រូវបន្តពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីរក្សាឲ្យបាននូវសុវត្ថិភាពនៃភពផែនដី វឌ្ឍនភាពសង្គម និងការរស់នៅប្រកបដោយចីរភាព ។
ទាក់ទងទៅនឹងប្រធានបទ “ រួមគ្នាលុបបំបាត់ការពុលដោយប្លាស់ស្ទិក ” លោកបានមានប្រសាសន៍ថា ដោយសារតែប្លាស្ទិក ផលិតមកពីកាកសំណល់ប្រេងចុងក្រោយគេ ដែលមានសារធាតុគីមីគ្រោះថ្នាក់ និងជាកាកសំណល់រឹងមិនងាយរលាយធាតុ ដូចនេះលោក បានស្នើដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ មន្ត្រីរាជការ សិស្សានុសិស្សទាំងអស់ត្រូវរួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកឲ្យបានច្រើន និងងាកមកប្រើប្រាស់នូវ សម្ភារៈជំនួសប្លាស្ទិកមានដូចជា ថង់ក្រដាស ថង់ក្រណាត់ កន្ត្រកសម្រាប់ដាក់សម្ភារៈជាដើម ។

លោក ជាវ តាយ បានបន្តទៀតថា សូមឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ទទួលខុសត្រូវសំអាតកាកសំណល់ប្លាស្ទិកជាប្រចាំដើម្បីរក្សាបាននូវអនាម័យ សោភ័ណភាពខេត្ត ឲ្យសក្តិសមជាខេត្ត ដែលទទួលបានពានរង្វាន់ផ្ការំដួលបីទង។ ស្នើសុំបងប្អូនទាំងអស់កុំដុតថង់ប្លាស្ទិក ព្រោះវានឹងភាយឧស្ម័នពុលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងស្រទាប់អូហ្សូន។ នៅក្នុងពិធីនេះ លោកអភិបាលខេត្ត បានចែកដបទឹក ជូនដល់អ្នកចូលរួមទាំងអស់ និងដាំដើមឈើនៅក្នុងបរិវេណសាលាអនុវិទ្យាល័យ ឌីប៉ុក មហាសាមគ្គីផងដែរ៕







No comments:

Post a Comment