Friday, June 15, 2018

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦

ស្វាយរៀង៖ នារសៀលថ្ងៃព្រហស្បតិ៍ទី១៤ ខែមិថុនា ឆ្នាំ២០១៨ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន សមា​ជិកាគណៈអចិន្រ្តៃយ៍គណៈ​កម្មាធិការកណ្តាល ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមបេក្ខជនឈរឈ្មោះ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ជាមួយសមាជិក សមាជិកាគណបក្សស្រុក-ឃុំ និងភូមិ ក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សរុបចំនួនប្រមាណ៦៦២នាក់ ។
មានប្រសាសន៍ក្នុងពិធីនេះ លោកស្រីឧបនាយករដ្ឋមន្ត្រី បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងភរិយា ដែលជានិច្ចកាលតែងតែមានមនោសញ្ចេតនា ស្រឡាញ់រាប់អាន ដល់បងប្អូននិងរួមសុខទុក្ខជាមួយ បងប្អូនជនរួមជាតិទាំងអស់ និងតែងតែជួយដោះស្រាយទុក្ខលំបាក សព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុវត្តនូវគោលនយោបាយឈ្នះ-ឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ធ្វើអោយប្រជាពលរដ្ឋរស់់នៅក្រោមតំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ។
លោកស្រីបានបន្តថា បច្ចុប្បន្នខេត្តស្វាយរៀងកំពុងមានការអភិវឌ្ឍគ្រប់ទីកន្លែងដូចជា ហេដ្ឋារចនាសម្ព័ន្ធ ទាំងពុទ្ធិចក្រ និងអាណាចក្រ រួមមាន វត្តអារាម ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ព្រមទាំងអគារសំណង់អាគាររោងចក្រសហគ្រាសជាច្រើន ដែលឆ្លើយតបនិងជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀងជាច្រើននាក់។ ម្យ៉ាងទៀតរាជរដ្ឋាភិបាលក៏បានដោះស្រាយជាបន្ត បន្ទាប់ផងដែរ នូវបញ្ហាអគ្គិសនីសម្រាប់ខេត្តស្វាយរៀងនិងមានភ្លើងប្រើប្រាស់គ្រប់គ្រាន់ចាប់ពីទីក្រុងដល់ជនបទ ដែលរាជរដ្ឋាភិបាលកំពុងជំរុញការយកចិត្ត ទុក្ខដាក់តបណ្តាញពង្រីកសេវាពីទីក្រុងមកជនបទស្ទើគ្រប់ទីកន្លែងទៅហើយ។

ជាចុងបញ្ចប់នៃកម្មវិធីលោកស្រី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សា សុខសន្តិភាព ហើយសូមកុំភ្លេចទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខទាំងអស់គ្នា៕






No comments:

Post a Comment