Friday, June 15, 2018

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំង​ ការពារជំងឺអុតក្តាម​ ជំងឺសារទឹក​ គោ ក្របី ​ស្ថិតនៅឃុំ​ហាន់ជ័យ​ ស្រុកកំពង់សៀម​

កំពង់ចាម៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក សេន សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានអញ្ជើញចូលរួមក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជំងឺអុតក្តាម ជំងឺសារទឹក គោ ក្របី ស្ថិតនៅឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
លោកអភិបាលខេត្ត បានមានប្រសាសន៍ថាការចាក់វ៉ាក់សាំងនេះ ក្នុងគោលបំណង ដើម្បីការពារកុំអោយសត្វចិញ្ចឹម (គោ ក្របី ) នេះឆ្លងជំងឺ ប្រសិនបើយើងមានការធ្វេសប្រហែសបន្តិច អាចអោយសត្វគោ ក្របី ឈឺស្លាប់ ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងគ្រួសារ និងពេលវេលាផងដែរ។
លោកបានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋមួយចំនួននៅមិនទាន់យល់ច្បាស់ពីបញ្ហារចាក់ថ្នាំបង្ការនេះទេ ដោយគិតថាសត្វរបស់គាត់មិនទាន់ឈឺផង ហេតុអ្វីត្រូវចាក់ថ្នាំ នេះហើយជាកត្តាដ៏ចម្បងដែលបណ្តាលអោយផ្ទះជំងឺ អ៊ុតក្តាម និងសារទឹក នាពេលកន្លងមកក្នុងឆ្នាំ២០១៧ ក្នុងឃុំកោះសំរោង បណ្តាលឲ្យសត្វគោ ក្របី ឈឺជាបន្តបន្ទាប់ ហើយអាជ្ញាធរ រួមនឹងមន្ត្រីជំនាញពសុពេទ្យនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចុះទប់ស្កាត់ចាក់ថ្នាំការពារបានទាន់ពេលវេលា។

បន្ថែមពីនោះ លោក គួច ចំរើន ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះ យកទៅផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋដែលមិនបានចូលរួម សូមយកសត្វ គោ ក្របី មកចាក់ថ្នាំបង្ការនេះ ដោយមិនគិតប្រាក់ឡើយ៕

 



No comments:

Post a Comment