Friday, June 15, 2018

ប្រមុខរាជរដ្ឋាភិបាលកោតសរសើរពីភាពជោគជ័យនិងការខិតខំរបស់ក្រសួងស្ថាប័នពាក់ព័ន្ធលើការកែទម្រង់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងស្ថាប័នពាក់ព័ន្ធនានាជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការខិតខំអនុវត្តដោយជោគជ័យ នូវការកែទម្រង់ស៊ីជម្រៅក្នុងវិស័យអប់រំ បណ្តុះបណ្តាល​បច្ចេ​កទេស និងវិជ្ជាជីវៈ។ នេះបើយោងតាមខ្លឹមសារនៅក្នុងសារលិខិតអបអរសាទររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ១៥ មិថុនា លើកទី១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨។

សារលិខិតនោះ បានបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណផងដែរដល់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យបាល អាជ្ញាធរដែនដី និយោជក ផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ដែលបានខិតខំប្រឹងប្រែងចំណាយទាំងកម្លាំងកាយ កម្លាំងចិត្ត និងទាំងធនធានសម្រាប់ជួយជ្រោមជ្រែងដល់ការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាឱ្យសម្រេចបានជោគជ័យគួរជាទីមោទនៈក្នុងរយៈពេលកន្លងមកនេះ៕








No comments:

Post a Comment