Tuesday, April 24, 2018

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ ដើម្បីធានាសន្តិភាព និងការអភិវឌ្ឍយូរអង្វែង ខ្ញុំនឹងបន្តដឹកនាំប្រទេសជាតិ យ៉ាងហោចណាស់២អាណត្តិទៅមុខទៀត

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសថា លោកនឹងបន្តដឹកនាំ ប្រទេសកម្ពុជា យ៉ាងហោចណាស់២អាណត្តិ (១០ឆ្នាំ) ទៅមុខទៀត ដើម្បីធានាឲ្យបានសន្តិភាព និងការអភិវឌ្ឍន៍យូរអង្វែងជូនប្រទេសកម្ពុជា។

បន្ទាប់ពីធ្លាប់បានបញ្ជាក់ជារឿយៗប្រាប់បងប្អូនកម្មករ កម្មការិនី ក្នុងឱកាសដែលលោកចុះជួបនាពេលកន្លង មកនោះ នៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីតាមរយៈ Facebook ផ្លូវការរបស់សម្តេចថា «ដើម្បីធានាសន្តិភាព និងការអភិវឌ្ឍយូរអង្វែង ខ្ញុំនឹងបន្តដឹកនាំប្រទេសជាតិ យ៉ាងហោចណាស់ ២អាណត្តិ ទៅមុខទៀត។ អរគុណបងប្អូនជនរួមជាតិ ដែលបានផ្តល់នូវជំនឿទុកចិត្ត គាំទ្រឥតងាករេ និងបោះឆ្នោតជូនតែ គណបក្សប្រជាជនតាំងពីដើមរហូតមក»។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បញ្ជាក់ផងដែរថា កម្ពុជាសន្តិភាព គឺកំពុងផ្តល់ឱកាសដល់ វិនិយោគគិនជាតិ និងអន្តរជាតិចូលរួមកសាងប្រទេសដោយគ្មានការភ័យខ្លាច ហើយពលរដ្ឋកម្ពុជាក៏អាច ធ្វើដំណើរ ទៅកំសាន្តនៅតាមតំបន់រមណីយដ្ឋានទាំងនោះ កាន់តែងាយស្រួលទៀតផង។

ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៣,៩៧១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ០៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ សម្តេតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំអរគុណចំពោះ ក្មួយៗកម្មករ ដែលបានជូនពរខ្ញុំថា សូមសម្តេចសុខសប្បាយ អាយុវែងដើម្បីនៅជាមួយកូនចៅបន្តទៀត។ ឥឡូវអីចេះ មិនចាំបាច់បន់ស្រន់ស្អីទេ ល្អជាងគេ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទៅ ហ៊ុន សែន នៅបន្តជាមួយហើយ។ អាហ្នឹង គឺបន់ជាក់ស្តែង មានទៅមានមកជាក់ស្តែងមិនចាំ បាច់បន់…បើចង់អាយុវែងក៏អត់បានការបើអត់មានអ្នកបោះឆ្នោតឲ្យផង អីចឹងទាល់តែអាយុវែងហើយ កាន់តំណែង នាយករដ្ឋមន្ត្រី ទើបបាននៅជាមួយក្មួយៗបានយូរ។ ពូអរគុណចំពោះក្មួយទាំងឡាយ ដែលផ្តល់នូវការគាំទ្រ សម្រាប់ការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក» ៕

No comments:

Post a Comment