Tuesday, April 24, 2018

ក្រុមមគ្គុទ្ទេសក៍សាទរចំពោះគម្រោងក្រាលក្ដារឈើនៅតាមឬសឈើបុរាណក្នុងបរិវេណប្រាសាទតាព្រហ្ម

សៀមរាប៖ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បាននិងកំពុងរៀបចំជួសជុល និងក្រាលក្ដារឈើតាម ឬសឈើធំៗក្នុងបរិវេណប្រាសាទតាព្រហ្ម។ គម្រោងនេះត្រូវបានគាំទ្រ និងសាទរដោយក្រុមមគ្គុទ្ទេសក៍ ទេសចរណ៍ ដោយពួកគេយល់ថា នេះជាការយកចិត្តទុកដាក់ដល់ដើមឈើដែលមានវ័យចំណាស់ៗ លើកសោភ័ណភាពប្រាសាទ ក៏ដូចជាការការពារគ្រោះថ្នាក់ដល់ភ្ញៀវជាយថាហេតុផងដែរ។

ចាប់ពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨មក ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានដំណើរការគម្រោងរៀបចំក្រាលក្ដារឈើ តាមឬសឈើធំៗ និងនៅតាមវង់ទស្សនា របស់ភ្ញៀវទេសចរ នៅប្រាសាទតាព្រហ្ម។ តាមការប៉ាន់ស្មាន គម្រោងនេះអាចនឹងបញ្ចប់នៅមុនរដូវវស្សា មកដល់។

គម្រោងនេះមានការសាទរ និងគាំទ្រដោយមគ្គុទ្ទេសក៍ទេសចរណ៍ជាទូទៅ។ តួយ៉ាង មគ្គុទ្ទេសក៍ទេសចរណ៍ ភាសាអង់គ្លេស លោក តឹក តែម បានសម្ដែងអារម្មណ៍រីករាយ និងគាំទ្រយ៉ាងពេញទំហឹងលើគម្រោងរៀបចំ ក្រាលក្ដារនៅប្រាសាទតាព្រហ្មនេះ។ លោកយល់ថា គម្រោងនេះអាចការពារឬសឈើ ដែលមានវ័យ ចំណាស់ៗ និងមួយទៀត ជួយការពារគ្រោះថ្នាក់ដល់ភ្ញៀវជាយថាហេតុផងដែរ។

ដោយឡែក លោក ទៀ គីយូ ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជានោះវិញ ក៏បានសម្ដែង ការគាំទ្រអស់ពីចិត្តទៅលើគម្រោងខាងនេះផងដែរ។ លោក គីយូ បានឱ្យដឹងថា ឬសឈើទាំង នោះអាចបង្ក គ្រោះថ្នាក់ដល់ភ្ញៀវដែលមានវ័យចំណាស់ គឺអាចឱ្យពួកគាត់ជំពប់ជើងជាដើមប្រសិនបើខ្វះការប្រុងប្រយ័ត្ន ហើយគម្រោងនេះ នឹងជួយការពារដល់ដើមឈើដែលមានវ័យចំណាស់នៅក្នុងប្រាសាទតាព្រហ្មផងដែរ។ ដើមឈើទាំងនោះអាចនឹងស្លាប់បាន តាមរយៈការដើរជាន់ពីសំណាក់ភ្ញៀវទេសចរដែលមាន ចំនួនច្រើនរយ នាក់ក្នុងមួយថ្ងៃៗ។

គេដឹងហើយថា ដើមឈើធំៗ និងឬសធំៗ ដែលមានវ័យចំណាស់នៅប្រាសាទតាព្រហ្ម គឺជាផ្នែកមួយដ៏ទាក់ ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ ពួកគេតែងផ្តិតយកទិដ្ឋភាពទាំងនោះ នៅពេលបានមកដល់ ប្រាសាទម្តងៗ។ ជាមួយនឹងកំណើនទេសចរជាច្រើនមកដល់ប្រាសាទតាព្រហ្ម វាក៏បានបង្កហានិភ័យផងដែរ។ ហានិភ័យត្រង់ភ្ញៀវទេសចរបានដើរជាន់ឬសឈើនៅក្រោមដីដោយមិនដឹងខ្លួន ដែលវានឹងបង្អាក់ដំណើរ លូត លាស់របស់ដើមឈើទាំងនោះ។

លោក យិន សូវ៉ាត អ្នកគ្រប់គ្រងការដ្ឋានគម្រោងក្រាលក្ដារនៅប្រាសាទតាព្រហ្ម បានឱ្យដឹងថា រហូតមកដល់ ពេលនេះ យើងបានក្រាលក្ដារបានប្រមាណ ៥០ម៉ែត្ររួចហើយគិតទាំងជណ្ដើរ។ លោកបន្ថែមថា នឹងបន្តគម្រោងនេះជាដំណាក់កាលៗរហូតដល់បញ្ចប់។

លោក យិន សូវ៉ាត អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ បរិស្ថាន និងទេសភាពវប្បធម៌ ដែលកំពុងដឹកនាំ ក្រុមការងាររៀបចំកម្រាលក្ដារនៅប្រាសាទតាព្រហ្ម បានថ្លែងនាពេលកន្លងទៅថា គោលបំណងនៃការរៀបចំ នេះ គឺដើម្បីបង្កើនការលូតលាស់របស់ដើមឈើ និងថែរក្សាបរិស្ថានជុំវិញឱ្យបានល្អប្រសើរឡើងវិញ។ តាមការបញ្ជាក់របស់មន្រ្តីព្រៃឈើ ទីតាំងឬសឈើចំនួន៦កន្លែង ដែលគ្រោងក្រាលក្ដារ និងនៅតាមវង់ទស្សនា ប្រវែងជាង៤០០ម៉ែត្របន្ថែមទៀត ហើយឈើដែលយកមកក្រាលនេះជាប្រភេទឈើគគីរ ដែលតាមការប៉ាន់ ស្មានអាចមានប្រហែល៧០ម៉ែត្រគីប ដែលវាអាចរក្សាគុណភាពបានពី៦ ទៅ៧ឆ្នាំ។ ឈើនេះជាជំនួយឧបត្ថម្ភ ដោយភាគីឥណ្ឌា ដែលកំពុងដំណើរការជួសជុលប្រាសាទតាព្រហ្ម ចំណែកអាជ្ញាធរជាតិអប្សរា ចេញផ្នែក កម្លាំងពលកម្ម ដែលប្រើប្រាស់កម្មករចំនួន ១២នាក់ ៕





No comments:

Post a Comment