Tuesday, April 24, 2018

យុវជនជនជាតិដើមភាគតិចកម្ពុជា ព្រមានមិនឱ្យទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយ ឬមានឱកាសដឹកនាំប្រទេសទេ ដោយសារតែកិច្ចព្រមព្រៀងកាត់ទឹកដី

រតនគិរី៖ យុវជនជនជាតិដើមភាគតិចកម្ពុជា ដែលរស់នៅក្នុងខេត្តរតនគិរី នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ បានសម្តែងការឈឺចាប់យ៉ាងខ្លាំង ចំពោះការលួចចុះកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគ​តិចវៀតណាម ដែលធ្វើឡើងដោយទណ្ឌិត សម រង្ស៊ី។ ជាមួយគ្នានេះ តំណាងយុវជនជនជាតិភាគតិចទំពួន បានព្រមានប្រឆាំងនឹង លោក សម រង្ស៊ី ដោយមិនឱ្យទណ្ឌិតក្បត់ជាតិនេះ ធ្វើនយោបាយតទៅទៀតទេ។

ការប្រតិកម្មយុវជនជនជាតិដើមភាគតិចកម្ពុជាខេត្តរតនគិរី បានធ្វើឡើងក្រោយរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យ​ជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ារបស់ លោក សម រង្ស៊ី បានផ្ទុះឡើងនៅពេល សកម្មជនប្រឆាំងទម្លាយ​វីដេអូនៃចុះកិច្ចព្រមព្រៀង កាលពី៥ឆ្នាំមុន ដែលធ្វើឡើងដោយលោក សម រង្ស៊ី និង លោក កុក ស មេដឹកនាំ​ជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។

យុវជន ខុម ប៊ុនសៃ តំណាងជនជាតិដើមភាគតិចទំពួន រស់នៅភូមិថ្មដារ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា បងប្អូនជនជាតិភាគតិចកម្ពុជាទំពួន បានទទួលដំណឹងអំពីការចុះកិច្ចព្រមព្រៀងនេះ តាម Facebook និងតាមបណ្តាញព័ត៌មានផ្សេងៗ។ លោកបានបន្តថា ក្រុមយុវជនជនជាតិដើមភាគតិច របស់លោកឃើញការចុះកិច្ចព្រម​ព្រៀងនេះហើយ​ឈឺចាប់​ណាស់ ទើបពួកគាត់នាំគ្នាប្រកាសប្រឆាំងតែម្តង។

លោកបានអះអាងថា លោក និងបងប្អូនជនជាតិភាគតិចកម្ពុជាដទៃទៀត មិនបានស្គាល់ជនជាតិ​ម៉ុងតាញ៉ា​ពីមុនមកនោះទេ។ លោកជឿថា ជនជាតិនេះ មានប្រភពនៅប្រទេសវៀតណាម។ លោកមានការស្នើសុំឱ្យ​តុលាការ ដាក់ទោស លោក សម រង្ស៊ី ឱ្យបានធ្ងន់ធ្ងរតាមច្បាប់ ចំពោះអំពើក្បត់ជាតិកាត់ទឹកដី​ទៅឱ្យ​ជនជាតិដទៃ។

សូមបញ្ជាក់ថា នៅក្នុងវីដេអូបង្ហាញពីកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេល​បក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រង​ដោយ​ស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាច​ច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។

ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅ​សាលាដំបូង​រាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ខណៈដែលជនសង្ស័យ ដែលមាន​ឈ្មោះជាទណ្ឌិត កំពុងរត់គេចពីសំណាញ់ច្បាប់នៅក្រៅប្រទេសនៅឡើយ ៕

ប្រភពព័ត៌មាន Fresh News

No comments:

Post a Comment