Tuesday, April 24, 2018

តំបន់អាស៊ីប៉ាស៊ីហ្វិក​ដើរ​លើស​ពី​​ប្រទេស​អាមេរិក​ដែល​ដឹកនាំ​ ត្រាំ ទៅ​ទៀត

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាន​ប្រើវិធានការ​គាំពានិយម​ជ្រុល​ចំពោះពាណិជ្ជកម្ម។ ត្រាំ បាន​ចាប់ផ្តើម​ជំហរ​​ឯកតោភាគីជា​ច្រើន​ រាប់ទាំង​ការ​បង្កើន​ពន្ធ​នាំ​ចូល​លើ​ការ​នាំ​ចូល​ដែក​ថែប និង​អាលុយមីញ៉ូម​ ក្រោម​មូល​ហេតុ​សន្តិសុខជាតិ​​និង​បាន​ប្រកាស​ពីផែនការ​​យក​ពន្ធ​លើ​ទំនិញ​នាំ​ចូល​របស់​ចិន​ដែល​មាន​ទឹក​ប្រាក់ ៦០ ពាន់​លាន​ដុល្លារ។​

ភាព​មិន​ច្បាស់លាស់​អំពី​ការ​ចូល​ទៅកាន់ទីផ្សារ​អាមេរិក​នោះ ​បាន​បង្ខំ​ឲ្យ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ ដែល​ពាណិជ្ជកម្ម​គឺជា​អាយុជីវិត​សេដ្ឋកិច្ច​នោះ បាន​ងាក​ហួស​ពី​ប្រទេស​​អាមេរិក​ដែល​ដឹកនាំ​ដោយ​ ត្រាំ ទៅ​ទៀត ដោយ​ការ​បង្កើត​ការ​ឆ្លើយ​តប​ខាង​គោល​នយោ​បាយ​ដែល​មាន​មុខ​ព្រួញ​បីគឺ ការ​ពន្លឿន​​​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្រង់ទ្រាយ​ធំ ការ​បង្កើន​ការ​តភ្ជាប់​​តំបន់ ​និង​ការ​ធ្វើ​ឲ្យ​ស៊ីជម្រៅ​ដល់​កិច្ច​សហប្រតិបត្តិការណ៍​សេដ្ឋកិច្ច​អន្តរតំបន់។​ ជប៉ុន ​និង​អូស្រ្តាលី​​បាន​នាំ​មុខ​គេ​ក្នុងការ​ជំរុញ​ឡើង​តាម​រយៈ​កិច្ច​ព្រមព្រៀង​ចម្រើន​និយម​ និង​គ្រប់ជ្រុង​ជ្រោយ​ដើម្បីភាព​ជា​ដៃគូ​អន្តរប៉ាស៊ីហ្វិក (Comprehensive and Progressive Agreement for Trans-Pacific Partnership – CPTPP or TPP-11) ដោយ​​គ្មាន​អាមេរិក។ កិច្ច​ព្រមព្រៀង​នេះ​បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃទី ៨ ខែ​កុម្ភៈ ឆ្នាំ ២០១៨ ហើយ​​ត្រូវ​រំពឹង​ថា នឹង​ចូល​ជាធរមាន​នៅ​ដើម​ឆ្នាំ ២០១៩ នៅពេល​ប្រទេស​យ៉ាង​តិច​ ៦ ក្នុង​ចំណោម​សមាជិក​ទាំង ១១ នោះ​ផ្តល់​សច្ចាប័ន។​

ទោះជា​ CPTPP នោះ​បាន​ព្យួរ ឬ​បាន​ធ្វើ​វិសោធនកម្ម​ដល់​ខចែង​ចំនួន ២២ ដែល​គាំទ្រ​ដោយ​អាមេរិក​ចេញពីកិច្ច​ព្រមព្រៀង​ TPP ដើម​ក៏​ដោយ​ ក៏​ CPTPP នៅតែ​ជា​កិច្ច​ព្រមព្រៀង​ស្តង់ដារ​មាស​ដែរ។ កិច្ច​ព្រមព្រៀង​នោះ​បាន​លប់ចោល​ពន្ធ​លើ​មុខ​ទំនិញ​ពាណិជ្ជកម្មចំនួន ៩៥ ភាគ​រយ​​រវាង​ភាគី​នៃ​កិច្ច​ព្រមព្រៀង​នោះ ក្នុង​ខណៈ​ដែល​មាន​ច្បាប់​ដ៏ទំនើប​ជា​ច្រើន​ពាក់ព័ន្ធនឹង​ពាណិជ្ជ​កម្ម​នៅ​សតវត្សរ៍​ទី ២១។ CPTPP បាន​ផ្តល់​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ដ៏ធំ​ទោះបីជា​គ្មាន​ការ​ចូល​រួមពីអាមេរិក។

ប្រទេសផ្សេង​ទៀតជា​ច្រើន​ប្រហែលក៏អាច​ចូល​រួមជាមួយ CPTPP ដែរ។​ កូរ៉េខាង​ត្បូង​និយាយ​ថា ខ្លួន​កំពុង​វាយតម្លៃ​ផលប៉ះពាល់​របស់ CPTPP មុនពេល​សម្រេចចិត្ត។ ឥណ្ឌូនេស៊ី ថៃ ហើយ​សូម្បីតែ​អង់គ្លេស​បាន​សម្តែងចំណាប់អារម្មណ៍​ក្នុងការ​ចូល​រួម​កិច្ច​ព្រមព្រៀង​ថ្មីនោះ​។ ត្រាំ បាន​និយាយថា គាត់​បើក​ចំហរ​ដល់​ការ​ចូល​រួម​ឡើង​វិញ​នូវកិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​នោះ ប៉ុន្តែ​ទាល់តែ​វាផ្តល់ប្រយោជន៍​ប្រសើ​រ​មួយ​សម្រាប់អាមេរិក។ នេះ​មិន​អាចទៅ​​រួច​​នៅ​ពេល​ឆាប់ៗនេះទេ។​

បណ្តា​ប្រទេស​អាស៊ី​ក៏​បាន​ពន្លឿន​ការ​ចរចា​សម្រាប់កិច្ច​ព្រមព្រៀង​ភាព​ជាដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ដែល​ដឹកនាំ​ដោយ​អាស៊ាន (RCEP) ដែរ។ ប្រសិន​បើ CPTPP ជោគជ័យ វា​គួរ​ផ្តល់​សន្ទុះ​ដល់ការ​ចរចា​ RCEP។ ភាគីចរចា​នោះ​មាន​សុទិដ្ឋិនិយម​ថា RCEP អាច​ធ្វើ​រួច​នៅ​ឆ្នាំ ២០១៨ នេះ​នៅពេល​សិង្ហបូរីជា​ប្រធានអាស៊ាន។ ដើម្បីពន្លឿន​ដល់ RCEP គំនិត​នៃ​រូបមន្ត “RCEP ដក ស៊ីចេញ” កំពុង​តែ​ទទួល​បានការ​គាំទ្រ។

ដោយ​សារតែ RCEP ជា​កិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​សេរី​ដ៏ធំមួយ​ដែល​រួម​មាន​ប្រទេស​កំពុង​អភិវឌ្ឍន៍​​ភាគ​ច្រើន​នោះ វា​នឹង​មិន​មាន​លក្ខណៈ​​ប្រែប្រួល​ខ្លាំង​ដូច​កិច្ច​ព្រមព្រៀង CPTPP នោះ​ទេ។ ប៉ុន្តែ​ផែនការ​ពាណិជ្ជកម្ម​សេរី​របស់ខ្លួន​នឹង​នៅតែ​ផ្តល់​ផល​ប្រយោជន៍​ធំដែរ។ យើងប៉ាន់ប្រមាណ​ថា នៅ​រយៈ​ពេល​មធ្យម RCEP នឹង​បង្កើត​ផល​ចំណេញ​ចំនួន ១២៧ ពាន់​លាន​ដុល្លារ​ បើ​ធៀបទៅ​នឹង​ចំនួន ៣៧ ពាន់​លាន​ដុល្លារ​របស់ CPTPP។ កម្ពុជា ​និង​ថៃ​ទំនងជា​នឹង​ទទួល​បាន​ផល​ច្រើនជាង​គេ​ពី​ RCEP នោះ។​

បណ្តាប្រទេស​នៅអាស៊ីប៉ាស៊ីហ្វិកក៏បាន​បង្កើន​កិច្ច​ខិត​ខំ​ក្នុងការ​ពន្លឿន​ភាព​តភ្ជាប់​តំបន់​តាម​រយៈ​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ ដែលជា​មុខ​ព្រួញទីពីរ​ដើម្បីជំនះ​នឹង​ភាពគាំពារ​និយម​ខាង​​ពាណិជ្ជកម្ម​របស់​អាមេរិក។ នៅឆ្នាំ ២០១៦ អាស៊ាន​បាន​បង្ហាញ​ផែនការ​មេរបស់ខ្លួន ​ស្តី​ពី​​ការ​តភ្ជាប់​អាស៊ាន។ ផែនការ​នោះ​ប្រមើលមើល​ដល់​ការ​តភ្ជាប់ ​និង​សមាហរណកម្ម​អាស៊ាន​នៅត្រឹម​ឆ្នាំ ២០២៥។ វា​រួម​មាន​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រង់ទ្រាយធំ​ដូចជា​បណ្តាញ​​ផ្លូវ​ថ្នល់​អាស៊ាន​ជាដើម។​

ប៉ុន្តែ ការ​ផ្តួច​ផ្តើម​គំនិត​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ចាប់អារម្មណ៍​ខ្លាំង​នៅ​ក្នុង​តំបន់នោះគឺ​​ខ្សែក្រវ៉ាត់ ​និង​វិថី (Belt and Road Initiative – BRI) ​របស់​ចិន។ BRI នោះ​មាន​គោល​ដៅ​ត​ភ្ជាប់ប្រទេស​ជាង​ ៧០ នៅទូទាំង​ឧបទ្វីប​អាហ្វិកនិង​អឺរ៉ុប​អាស៊ី​តាម​រយៈ​គម្រោង​ទ្រង់ទ្រាយធំៗ រួម​មាន​ផ្លូវ​ដែក ផ្លូវ​ថ្នល់ ស្ពាន កំពង់​ផែ និង​បំពង់​បង្ហូរ​ប្រេង។ ទោះជា​មានការ​រិះគន់​ពីការ​ខ្វះ​តម្លាភាព ​និង​ពី​វិស័យ​ការ​ទូត​ដែល​ជាប់​អន្ទាក់​បំណុល​របស់​ចិន​ក៏​ដោយ ក៏​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ច្រើនដែល​ស្រែក​ឃ្លាន​​ហិរញ្ញវត្ថុ​​វិនិយោគ​នោះ​បានមើល​ឃើញ BRI ថា ជា​គំនិត​គួរ​ឲ្យ​ទាក់ទាញ​។​

សំណើរ​តភ្ជាប់ពីរ​អាច​ត្រូវ​បាន​គេមើលឃើញថា ជា​ការ​ជំនួស​ដល់ BRI។ ឥណ្ឌា​កំពុង​សហ​ការ​ជា​មួយជប៉ុន​​ស្ថិត​ក្រោម​សំណើរ​​ច្រក​កំណើន​អាស៊ី​អាហ្វ្រិក (Asia – Africa Growth Corridor) ដើម្បី​បង្កើត​ការ​តភ្ជាប់​ដែន​សមុទ្រកាត់​តាម​ទ្វីប​អាហ្វ្រិក ឥណ្ឌា និង​តំបន់​អាស៊ី​អាគ្នេយ៍។ អូស្ត្រាលី ឥណ្ឌា ជប៉ុន​ និង​អាមេរិក​បាន​ចូល​រួម​ក្នុង​ក្រុមមួយ​ទៀត​ដែល​គេ​ស្គាល់​ថា ភាព​ជា​ដៃគូ​ឥណ្ឌូ​ប៉ាស៊ី​ហ្វិក។ សំណើរ​ទាំងពីរ​នោះ​នៅតែ​ស្ថិត​ក្នុង​ដំណាក់កាលចរចា​នៅ​ឡើយ។ មុខ​ព្រួញទីបីនៃ​ការ​ឆ្លើយតប​របស់តំបន់អាស៊ីប៉ាស៊ីហ្វិក​ចំពោះ​ភាព​គាំពារ​និយម​របស់​អាមេរិក​នោះគឺការ​លើក​កម្ពស់​ដល់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អន្តរតំបន់។​

នៅថ្ងៃទី ៥ ខែ​កុម្ភៈ ឆ្នាំ ២០១៨ ហ្វីលីពីន​បាន​ផ្តល់​សច្ចាប័ន​ដល់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់ខ្លួន​ជា​មួយ​សមាគមន៍​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប​។ អូស្ត្រាលី និង​ណូវែល​ ហ្សឺឡង់ សង្ឃឹម​​ថានឹង​ចូល​រួម​ការ​ចរចា​ពាណិជ្ជកម្ម​ជា​មួយ​សហភាព​អឺរ៉ុប​នៅ​ឆ្នាំនេះ ក្នុង​ខណៈដែល​អាស៊ាន​សង្ឃឹម​ថា នឹង​បន្ត​ការ​ចរចា​កិច្ច​ព្រមព្រៀង​រវាង​តំបន់​និង​តំបន់ដែល​កំពុងជាប់គាំងរបស់ខ្លួន​ជាមួយ​សហភាព​អឺរ៉ុប​នៅ​ប៉ុន្មាន​ខែ​ខាង​មុខទៀត​នេះ។ កូរ៉េខាងត្បូង​​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០១៨ ជា​មួយ​ប្រទេសជា​ច្រើន​នៅអាមេរិក​កណ្តាល។ សិង្ហបូរី​កំពុង​ចរចា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជា​មួយ​សម្ព័ន្ធ​ប៉ាស៊ីហ្វិក (Chile, Colombia, Mexico និងPeru)។

តើ​ផែនការ​ពាណិជ្ជកម្ម​តំបន់​ដែល​កំពុង​រីក​លូតនោះ​អាច​មាន​រូប​រាង​ដូច​ម្តេច?

ប្រទេស​ជា​ច្រើន​នឹង​ទទួល​ផល​ពី​ការ​ចូល​រួម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ធំៗលើស​ពីចំនួន ១ ។ ឧទាហរណ៍ ផ.ស.ស ពិត​របស់វៀតណាម​នឹង​កើន​ឡើង ១,៥ ភាគ​រយ​​ពីការ​ចូល​រួម​ជាមួយ CPTPP ឬចំនួន ៣,៣ ភាគ​រយ​ពីការ​ចូល​រួម​ជា​មួយ RCEP។ ប្រសិន​វៀតណាម​ចូល​រួម​ទាំង​ពីរ ផ.ស.ស ពិត​ខ្លួន​នឹង​កើន​ប្រមាណ ៤,២ ភាគ​រយ។​

នៅពេល​កិច្ច​ព្រមព្រៀង CPTPP ត្រូវ​ផ្តល់​សច្ចាប័ន មានតែ​ប្រទេស​ជា​សមាជិករបស់ CPTPP (កាណាដា មិកស៊ិចកូ ប៉េរូ និង​ឈីលី) គួរតែ​ស្វះស្វែង​រក​សមាជិកភាព​របស់ RCEP។ ស្រដៀង​គ្នាដែរ ប្រទេស​ដែល​ជា​ភាគី​របស់ RCEP (កម្ពុជា ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់​ម៉ា ហ្វីលីពីន កូរ៉េខាង​ត្បូង និង​ថៃ) គួរ​តែ​ស្វែង​រក​សមាជិក​ភាព​នៅ CPTPP។ នេះ​នឹង​នាំ​ឲ្យ​មាន​ប្លុក​មួយ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​មាន​ប្រទេស ២០ ដែល​មាន​សមាជិក​ភាព​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ CPTPP និង RCEP។

ផល​ប្រយោជន៍​ពី​សមាជិកភាពទាំងពីរ​នោះ​គឺ​ការ​ចូល​ទៅកាន់​ទីផ្សារ​របស់​ឥណ្ឌា ​និង​ចិន​តាម​រយៈ​ RCEP និង​ការ​មាន​ច្បាប់​ពាណិជ្ជកម្ម​​គុណភាព​ខ្ពស់​​តាមរយៈ CPTPP។ ប្រទេស​ទាំង​នោះ​​នឹង​មិន​ត្រូវ​កាន់ជើង​រវាង​កិច្ច​ព្រមព្រៀង CPTPP និង RCEP នោះទេ។​

តាម​ត្រង់ទៅ ប្រធានាធិបតី ត្រាំ គួរតែបាន​ធ្វើ​ការងារ​​ដើម្បី​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​តំបន់ ​និង​អន្តរតំបន់​នៅ​អាស៊ីប៉ាស៊ីហ្វិកច្រើន​ជាង​តំបន់នោះ​សម្រេច​ឡើង​ដាច់​ដោយ​ឡែក​៕

ប្រភព៖ East Asia Forum ចុះថ្ងៃទី២៣ ខែមេសា ​ឆ្នាំ២០១៨


No comments:

Post a Comment