Tuesday, April 24, 2018

អាមេរិកសម្រេចបន្តឡើងវិញ នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ! ក្រសួងពាណិជ្ជកម្ម ប្រកាសឲ្យពាណិជ្ជករ ដែលនាំចូលទំនិញទៅទីផ្សារអាមេរិក ដាក់ពាក្យស្នើសុំដកប្រាក់ពន្ធនោះត្រឡប់មកវិញ

ក្រសួងពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ បានចេញសេចក្តីជូនដំណឹងដល់រាល់ពាណិជ្ជករ​ទាំងអស់ ដែលនាំចូលទំនិញទៅទីផ្សារសហរដ្ឋអាមេរិក នាពេលកន្លងមកហើយ បានបង់ពន្ធរួចមក​ហើយ​ចាប់​ពីខែមករាមក អាចធ្វើការស្នើសុំដកប្រាក់ពន្ធនោះត្រឡប់មកវិញបាន បន្ទាប់ពីសហរដ្ឋអាមេរិក បានសម្រេច​បន្តឡើងវិញ នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ និងដាក់ឲ្យចូលជាធរមានកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨។

សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលចេញផ្សាយនៅថ្ងៃនេះបានបញ្ជាក់ថា លោកប្រធានាធីបតី​សហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ បានចុះហត្ថលេខាលើច្បាប់ស្តីពី Consolidated Appropriations Act, 2018 ដើម្បីបន្តឡើងវិញ នៃប្រព័ន្ធអនុគ្រោះពន្ធទូទៅដោយ​ភ្ជាប់ជា​មួយការធ្វើប្រតិសកម្មពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។

ការសម្រេចនេះ អាចឲ្យរាល់ពាណិជ្ជករទាំងអស់ដែលប្រើ Special Program Indicator (SPI) កូដ អាចទទួល​​ប្រាក់ពន្ធដែលបានបង់រួចហើយត្រឡប់មកវិញដោយស្វ័យប្រវត្តិ។ ដោយឡែងអ្នកនាំផលិតផល​ទៅអាមេរិកដែលមិនប្រើ SPI កូដអាចស្នើសុំប្រាក់ពន្ធមកវិញ បានដោយត្រូវដាក់ពាក្យស្នើសុំដោយខ្លួនឯង តាមរយៈគេហទំព័រនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ៕



No comments:

Post a Comment