Tuesday, January 23, 2018

អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច៖ ការបង្កើតចលនាសង្រ្គោះជាតិរបស់សម រង្ស៊ី គឺគ្រាន់តែដើម្បីប្រមូលលុយពីអ្នកគាំទ្រនៅក្រៅប្រទេសតែប៉ុណ្ណោះ

លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ម្សិលមិញនេះ បានចំអកដល់អតីតថ្នាក់ដឹកនាំរបស់អតីតគណបក្សសង្រ្គោះជាតិ ដែលនៅតែបន្តបែកបាក់គ្នាក្រោយពេលដែលគណបក្សរបស់ពួកគេត្រូវបានរំលាយ។ លោកបានលើកឡើងដូចនេះ បន្ទាប់ពីមានភាពចម្រូងចម្រាស់ផ្ទៃក្នុងរបស់អតីតគណបក្សសង្រ្គោះជាតិ ពោលគឺរវាងបក្ខពួកលោក សម រង្ស៊ី និងបក្ខពួករបស់ លោក កឹម សុខា បានផ្ទុះឡើងជាសាធារណៈម្តងទៀតក្រោយលោក សម រង្ស៊ី បង្កើតចលនាសង្រ្គោះជាតិ ដែលក្រុមលោក កឹម សុខានិយម បានចាត់ទុកថា ជាការដាក់បន្ថែមទោសដល់អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ពន្ធនាគារត្រពាំងផ្លុង ប្រទេសកម្ពុជា។

លោក ញ៉េប ប៊ុនជិន បានមើលឃើញថា ការប្រកាន់បក្ខពួក និងភាពចម្រូងចម្រាស់ផ្ទៃក្នុងរបស់អតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិនេះ មិនមែនទើបនឹងកើតឡើងនៅពេលនេះទេ គឺពួកគេចាប់ផ្តើមមានតាំងពីបង្កើតគណបក្សសង្រ្គោះជាតិម្ល៉េះ។ លោកបានបញ្ជាក់ទៀតថា ក្រុមរបស់លោក សម រង្ស៊ី និយម និងក្រុមរបស់ លោក កឹម សុខា និយម បានដើរនយោបាយដោយមិនស៊ីសង្វាក់គ្នាទេ។

ទោះជាយ៉ាងនេះក្តី លោកចាត់ទុកថា ចលនាសង្រ្គោះជាតិខុសច្បាប់ដែលបង្កើតឡើងដោយក្រុមរបស់លោក សម រង្ស៊ី នេះ គឺគ្រាន់តែដើម្បីប្រមូលលុយពីអ្នកគាំទ្រនៅក្រៅប្រទេសតែប៉ុណ្ណោះ ហើយមិនអាចជួយអ្វីដល់ លោក កឹម សុខា ឡើយ។ លោកលើកឡើងយ៉ាងដូច្នេះថា «ម្នាក់នៅខាងក្នុងស្រុក ម្នាក់នៅខាងក្រៅស្រុក ដែលគាត់ធ្វើចលនានេះ ខ្ញុំមើលទៅគ្រាន់តែដើម្បីប្រមូលបច្ច័យអ្នកគាំទ្រប៉ុណ្ណោះ មិនអាចជាប្រយោជន៍អ្វី សម្រាប់អ្នកខាងក្នុងនោះទេ»។

អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានបន្ថែមថា ការផ្ទុះឡើងនូវភាពចម្រូងចម្រាស់ជាសាធារណៈនេះ នឹងធ្វើឱ្យអតីតសមាជិកគណបក្សសង្រ្គោះជាតិ ដែលគ្មានក្បាលម៉ាស៊ីនដឹកនាំកាន់តែពិបាកថែមទៀត៕

(ប្រភព៖ Fresh News)


No comments:

Post a Comment