Tuesday, January 23, 2018

ទស្សនៈមិត្តអ្នកអាន​៖ ឧទ្ទាម​ភ្លើង​ចំបើង​

ប៉ុន្មាន​ថ្ងៃ​នេះ​ អតីត​អ្នកនយោបាយ​​ចាញ់​ចាស់​វស្សា​ម្នាក់​​ បាន​ខិតខំ​ស្រវេស្រវ៉ា​ស្រែក​ និង​បង្កើត​​​​​ព្រឹត្តិ​ការណ៍​​​ទាំង​​ទទឹង​ទិស​ ដោយ​ក្តី​ស្រម៉ៃ​ ក្នុង​ន័យសោក​ស្តាយពី​​ការ​​បញ្ចប់​​ជីវិត​នយោបាយ​ចុង​​ក្រោយ​​​របស់​ខ្លួន​ ដែល​​ស្ថិត​ក្នុង​ភាព​បរាជ័យ​ស្ទើរ​ពេញ​មួយ​ជីវិត​បែបនេះ​ នោះ​គឺអតីត​មេ​បក្ស​ប្រឆាំង​​ សម​ រង្ស៊ី​។​ នរណា​ក៏ដឹង​ដែរ​ថា​មក​ដល់​ឆ្នាំ​២០១៨​​នេះ​ លោក សម រង្ស៊ី​ មាន​អាយុ​ជិត​៧០​ឆ្នាំ​ទៅ​ហើយ ស្ទើរ​ពេញ​មួយជីវិត​នយោបាយ​របស់​គាត់​គឺ​ជួប​តែ​ភាព​បរាជ័យ​​យ៉ាង​អាម៉ាស់​ និង​ជូរចត់​ ម្លោះហើយ​នៅតំណាក់​កាល​នៃ​ជីវិត​ចុង​ក្រោយ​នេះ​ គឺ​ត្រូវ​តែ​ត្រដរ​ខ្យល់​ស្រែក​បំពង​សម្លេង​ក្នុង​ន័យ​បំបាត់​ជម្ងឺ​ស្ត្រេស​ខាង​នយោបាយ​ បើ​ទោះ​បី​ជាដឹង​ថា​គ្មាន​សង្ឃឹម​ក៏ដោយ​។ រីឯ​​កំលាំង​កាយ​ និង​ប្រាជ្ញា​ស្មារតី​ ក៏​ទ្រុឌទ្រោម​​ ​ចុះ​ខ្សោយ​មិនអាច​តស៊ូលើ​សៃវៀន​នយោបាយ​​ជាមួយ​​​​គូ​ប្រកួត​​បាន​​ឡើយ។​​ តើ​មាន​១០​ឆ្នាំ​ប៉ុន្មាន​ដង​ទៀត​​សម្រាប់​ជី​វិត​នយោបាយ​ចុងក្រោយ​នេះ​?​ ចម្លើយ​គឺ​សូន្យ​បាត់​ទៅ​ហើយ​។ ​ម៉្យាង​ទៀត​​​​ក្នុង​ភាព​ជា​​ទណ្ឌិត​រត់​គេច​ខ្លួនពី​សំណាញ់​ច្បាប់​​ក្នុង​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​​​​ជា​ច្រើន​ករណី​ផង​នោះ​ បាន​ធ្វើ​ឱ្យ​គាត់​ស្ថិត​ក្នុង​សម្ពាធ​ពោរពេញ​ដោយ​អារម្មណ៍​ធុញ​ថប់​ វិលវល់​ ស្មុគស្មាញ​ចាក់​ស្រេះ​ គិត​មិន​បាន​ជ្រៅ​ មុជ​មិន​បាន​ឆ្ងាយ​ឡើយ​។ ​​ប្រហែល​ដោយ​​សារ​អារម្មណ៍​បែប​​​នេះ​​ហើយ​ ទើប​រាល់​សកម្មភាព​ដែល​គាត់​បង្កើត​ឡើង​ គឺ​ហាក់​គ្មាន​ប្រសិទ្ធ​ភាព និង​ដូច​ភ្នក់​ភ្លើង​ចំបើង​ ហើយ​កាន់​តែ​វ័ណ្ឌ​ក នឹង​គុគ​ច្រវ៉ាក់​កាន់​តែ​ច្រើន​ថែម​ទៀត​​។

ថ្មីៗនេះ​ការ​បង្កើត​អង្គការ​ចាត់​តាំងឧទ្ទាម​​ក្រៅច្បាប់​នៅបរទេស​ឈ្មោះ​ «ចលនា​សង្គ្រោះជាតិ​» ផ្តួច​ផ្តើម​ដោយ​ សម រង្ស៊ី​ គឺជា​ការញុះញង់ និង​បញ្ចុះបញ្ចូល តាមគ្រប់ទម្រង់​ប្រកបដោយ​ឧបាយកល​បោក​បញ្ឆោត​ ដើម្បីអូស​ទាញ​ឱ្យ​ប្រជាជនបះបោរប្រឆាំងនឹងរដ្ឋអំណាច និង​ឱ្យកងកម្លាំង​ប្រដាប់​អាវុធ​មិន​ស្តាប់​បង្គាប់​បញ្ជា​របស់​រដ្ឋអំណាច​ដើម្បី​សម្រេច​គោលដៅថ្មី​ គឺ​ការ​​បង្កើត​បណ្តាញ​សម្ងាត់​ក្នុង​ប្រទេស​ក្នុង​ន័យ​ប្រកាស​​ឱ្យ​ប្រជា​ពល​រដ្ឋ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ ឬ​ញុះញង់​​ឱ្យ​កម្លាំង​ប្រដាប់​អាវុធ​ បង្កភេរវកម្ម ប្រឆាំង​រាជរដ្ឋាភិបាល ដែល​​ជា​សកម្ម​ភាពថ្មីមួយទៀត​ ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​​ដោយ​ចំហរ​ ហើយ​ដែល​​ជាការ​ប្រឈម​​នឹង​វិធាន​ការ​ច្បាប់​​បន្ថែម​ទៀត​​យ៉ាង​​ប្រាកដ​​។ ការ​បង្កើត​ចលនា​ឧទ្ទាម​ខុស​ច្បាប់​​នៅ​បរទេស​បែបនេះ​ គេ​នៅរង់​ចាំ​មើល​ថា​ តើ​បរទេស​ណា​មួយដែលនឹង​ហ៊ាន​​អនុញ្ញាតឱ្យ​ចលនា​ឧទ្ទាម​ខុស​ច្បាប់​​​​​របស់​ សម រង្ស៊ី​ នេះ​ បង្កើត​មូល​ដ្ឋាន​នៅ​ក្នុង​ប្រទេស​ខ្លួន​​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស្រប​ច្បាប់​នោះ​​?​ តើ​ប្រទេស​នោះនឹង​​ជ្រើស​រើស​​យក​ទំនាក់​ទំនង​ការទូត​ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុម​ចលនា​ឧទ្ទាមខុសច្បាប់​​ ឬ​ជាមួយ​រាជរដ្ឋាភិបាល​​កម្ពុជា​​ស្រប​​ច្បាប់​​?​​​

ក្នុង​ករណី​ដែល​ចលនា​ខុស​ច្បាប់​មួយ​នេះ​ នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ និង​មាន​អង្គការ​ចាត់​តាំង​ខុស​ច្បាប់​នៅ​បរទេស​ វាពិត​ជា​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ច្បាប់ជាធរមាន។​

ដូច្នេះ​ ចលនា​សង្គ្រោះជាតិ​ ដែល​មាន​ សម រង្ស៊ី ជាមេក្លោង​នោះ​ និងបក្ខពួក នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខច្បាប់ជាក់​ជាមិន​ខាន​។ ការ​អនុវត្ត​នីតិ​វិធី​ច្បាប់​ក៏​នឹង​អាច​ដំណើរ​ការ​បាន​តាម​រយៈ​ការ​ធ្វើ​បត្យាប័ន​ជន​ឧក្រិដ្ឋដែល​រត់​គេច​ខ្លួន​​ ក្រោយ​ពី​តុលាការ​រក​ឃើញ​នូវ​បទល្មើស​។​

តើចលនាសង្រ្គោះជាតិគឺជាអ្វី? ចលនានេះ គឺពិត​ជា​ចលនា​ឧទ្ទាម​ក្រៅច្បាប់​​ បង្កើត​ឡើង​ដោយ​ក្រុម​សមាសភាព​​មួយតំបរ​ស្វា ​ដែលធ្លាប់​ត្រូវ​បាន​តុលាការ​កំពូល​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈពេល​៥ឆ្នាំ​​រួចទៅ​ហើយ​ ​ហើយស្ថិតក្នុងសមាសភាព​តែមួយនៃអតីត​គណបក្ស​សង្រ្គោះ​ជាតិ​ ដែលត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ចលនា​ឧទ្ទាម​​ក្រៅច្បាប់បែបនេះ​ គឺ​ជា​ចលនាដែលធ្វើ​សកម្មភាព​​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ​និង​​ច្បាប់​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​។

ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​ស្វែង​យល់​ថា​ ការ​ចូល​រួម​ក្នុង​សកម្មភាព​សម្ងាត់​របស់​ចលនា​ឧទ្ទាម​​ខុស​​ច្បាប់​ណា​មួយ​​​​​ គឺ​វា​ប្រឈម​នឹងទោស​គុគឧក្រិដ្ឋ។ នៅ​ពេល​ដែល​មេក្លោង​នៃ​ចលនាឧទ្ទាម​នោះ​មិន​បាន​ចូល​រួម​​នោះ​ទេ​ ប៉ុន្តែ​ពួក​មេក្លោង​ទាំង​នោះ​បាន​ប្រើ​វោហាសាស្ត្រ​អូស​ទាញ​បង​ប្អូន​ឱ្យ​ប្រព្រឹត្តិ​ជាក់​ស្តែង​ ហើយ​ទី​បំផុត​បង​ប្អូន​​​ប្រជាពលរដ្ឋ​ដែល​ប្រព្រឹត្តិ​ផ្ទាល់​ត្រូវ​បាន​ចាត់​វិធានការ​ច្បាប់​​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ចទៅវិញ​ ចំណែក​ឯ​ពួក​​មេក្លោង​​​និង​​គូកនរបស់​គេ​​ បែរជានាំ​គ្នា​ដេក​បញ្ជា​ និង​ញុះញង់​​ពី​បរទេស​យ៉ាង​​មាន​សុវត្ថិភាព​​។

ក្នុង​នាម​ជាពលរដ្ឋ​ល្អ​​ ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​ស្វែង​យល់​ថា​ ការ​ផ្លាស់​ប្តូរ​រដ្ឋ​អំណាច​ក្នុង​សង្គម​ស៊ី​វិល័យ​ គឺ​ត្រូវ​​អនុវត្ត​ក្នុង​ក្របខណ្ឌ​នៃ​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ តាម​រយៈ​ការ​បោះ​ឆ្នោត​ ប្រកប​ដោយ​តម្លាភាព​​។ ការ​ជ្រើស​រើស​ការ​ផ្លាស់​ប្តូរ​របប​ តាម​រយៈ​ការ​បះបោរ​ក្រោម​ការ​ញុះញង់​របស់​ក្រុម​ចលនា​ឧទ្ទាមនឹង​​បង្កើតឱ្យមានការបែកបាក់ជាតិ និងសង្គ្រាម​ស៊ីវិល​ដូច​នៅ​បណ្តា​ប្រទេស​នៅ​អារ៉ាប់​ និង​មជ្ឈឹម​បូព៌ា​ជាក់​ជាមិន​ខាន​។​

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​យ៉ាង​ម៉ឹង​ម៉ាត់​ ក្នុង​ការ​បន្តដំណើរ​ការ​នៃ​លទ្ធិប្រជាធិបតេយ្យ​ ប្រកប​​ដោយ​នីតិរដ្ឋ ដោយ​ជំរុញ​ឱ្យ​មាន​ដំណើរ​ការ​បោះ​ឆ្នោត​យ៉ាង​ទៀង​ទាត់​នៅ​រៀងរាល់​៥ឆ្នាំ​ម្តង​ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​។ ជាក់​ស្តែង​ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​​ បាន​បញ្ជាក់​ជាថ្មី​​ថា​ ការ​បោះ​ឆ្នោត​​ព្រឹទ្ធសភា​អាណត្តិ​​​​ទី៤​​​នឹង​ប្រព្រឹត្តិ​ទៅ​តាម​កាល​កំណត់គឺ​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ និង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​​អាណត្តិ​ទី​៦​ នឹង​ប្រព្រឹត្តិ​ទៅ​​​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា​ ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ ដោយ​គ្មាន​ការ​ប្រែប្រួល ឬ​ពន្យារ​​ពេល​​ជាដាច់​ខាត​។

ដូច្នេះ​ ទោះបី​ជា​ស្រមោល​នៃ​អតីតមេ​​បក្សប្រឆាំង​​ខិតខំ​បង្កើត​ព្រឹត្តិការណ៍ ឬចលនា​ឧទ្ទាម​​ ដើម្បី​​​ឱ្យ​​សាធារណៈ​​មតិ​​ចាប់​​អារម្មណ៍​យ៉ាងណាក៏ដោយ ក៏ចលនា​ឧទ្ទាម​នេះគឺ​ជា​ឧទ្ទាម​ភ្លើង​ចំបើង​​​តែ​ប៉ុណ្ណោះ​​ និង​​មិន​អាច​ផ្លាស់​​ប្តូរ​ស្ថាន​ការណ៍​នៅកម្ពុជា​ ដែល​​កំពុង​មាន​សុខសន្តិភាព​ ស្ថេរភាព​សេដ្ឋកិច្ច​ និង​​ការ​អភិវឌ្ឍ​ដូច​បច្ចុប្បន្ន​នេះ​បាន​ឡើយ​។ ចលនា​ឧទ្ទាមក្រៅច្បាប់​​របស់​ក្រុម​ សម រង្ស៊ី នឹង​កាន់​​តែ​​បន្ថែម​​​បន្ទុក​​នៃ​បទ​ឧក្រឹដ្ឋ​​កាន់​តែ​ធ្ងន់​ធ្ងរ​ ដោយ​មិន​អាច​​អត់​​ឱន​​ឱ្យ​​បាន​​ជា​ដាច់​ខាត​​​​​​​​៕​ ​​

ដោយ៖ សួន ចំរើន​


No comments:

Post a Comment