Tuesday, January 23, 2018

តាមការរំពឹងទុក នឹងមានអ្នកចូលរួមបុណ្យទន្លេ ជាង១លាននាក់ នៅខេត្តកណ្តាល ចាប់ពីថ្ងៃទី៩-១១មីនាខាងមុខ

រាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធពិធីបុណ្យទន្លេលើកទី៤ នៅក្រុងតាខ្មៅ ទីរួមខេត្តកណ្ដាល ចាប់ពីថ្ងៃទី៩-១១ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ ក្រោមអធិបតីភាព លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងភរិយា ជាមួយនឹងការរំពឹងទុកថា នឹងមានភ្ញៀវទេសចរចូលរួមទស្សនាប្រមាណជាង ១លាននាក់។

ការបញ្ជាក់នេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៤ នៅសាលាខេត្តកណ្ដាល នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល។ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីគណៈអធិបតីទាំងពីរបានដឹកនាំប្រតិភូ និងមន្ត្រីពាក់ព័ន្ធចុះត្រួតពិនិត្យទីតាំងជាក់ស្ដែងតាមមាត់ទន្លេបាសាក់ ក្នុងដែនរដ្ឋបាលក្រុងតាខ្មៅ។

ថ្លែងទៅកាន់អង្គប្រជុំ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកណ្ដាល ជាសេនាធិការ បាននិងកំពុងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីត្រៀមរៀបចំ និងរៀបចំពិធីបុណ្យទន្លេលើកទី៤ នៅក្រុងតាខ្មៅ ទីរួមខេត្តកណ្ដាល រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែមីនា ឆ្នាំ២០១៨ ខាងមុខ ហើយបើតាមទីតាំងភូមិសាស្ត្រ ទីរួមខេត្តកណ្ដាលនេះ គឺនៅជិតរាជធានីភ្នំពេញ ដូច្នេះនឹងមានភ្ញៀវទេសចរចូលរួមកម្សាន្តប្រមាណ ១លាន៥សែននាក់។

លោករដ្ឋមន្ត្រី ថោង ខុន បានសង្កត់ធ្ងន់ថា កត្តាដ៏សំខាន់ ដែលផ្ដល់ឱកាសឱ្យកម្ពុជាមានលទ្ធភាពប្រារព្ធពិធីបុណ្យតូចធំ ដូចជា ពិធីបុណ្យសមុទ្រ បុណ្យទន្លេជាដើមនោះ គឺកត្តាសន្តិភាព ដែលពុះពាររកបានដោយលំបាកលំបិន និងខិតខំថែរក្សាសន្តិភាពនេះ ឱ្យនៅគង់វង្សតរៀងទៅ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក ថោង ខុន បានបន្តថា ដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៤នេះឱ្យមានភាពឱឡារឹក និងទទួលបានជោគជ័យផងនោះ ភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការគ្នាបំពេញការងារឱ្យបានគ្រប់ជ្រុងជ្រោយ ដោយក្នុងនោះបានណែនាំនូវការអនុវត្តការងារចាំបាច់មួយចំនួន៖
១- ត្រូវយកឱកាសប្រារព្ធពិធីបុណ្យទន្លេនេះ ធ្វើជាយុទ្ធនាការទីក្រុងស្អាត រៀបចំសណ្ដាប់ធ្នាប់សាធារណៈ រៀបចំបន្ថែម និងសម្អាតបង្គន់អនាម័យសាធារណៈ ដោះស្រាយបញ្ហាសំរាម និងត្រូវដាក់ធុងសំរាមបន្ថែមនៅតាមទីសាធារណៈ ត្រូវមានការតុបតែងរចនាលម្អគេហដ្ឋានរបស់ប្រជាពលរដ្ឋ ទាំងនៅក្នុងក្រុងតាខ្មៅ ក៏ដូចជានៅត្រើយម្ខាង និងទូទាំងខេត្តផងដែរ។
២- ពង្រឹងការគ្រប់គ្រងអភិវឌ្ឍន៍រមណីយដ្ឋានគុណភាពសេវាទេសចរណ៍នៅតាមភោជនីយដ្ឋាន អាហារដ្ឋាននានាបានសមរម្យ និងមានពេញចិត្ត ពិសេសត្រូវយកចិត្តទុកដាក់ដល់គុណភាព សេវានាវាទេសចរណ៍ទន្លេ (Mekong river cruise) ជាទុនទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្តពិសេសត្រូវបញ្ឈប់ការបោះសំរាម ឬក្រដាសចោលក្រោមតុ ដោយជំនួសមកវិញនូវកន្សែងត្រជាក់ ឬក្រណាត់អនាម័យទើបជាការប្រសើរ។
៣- រៀបចំប្រព័ន្ធការពារសុវត្ថិភាពរៀបចំសណ្ដាប់ធ្នាប់សារធារណៈ ការបញ្ជៀស និងកាត់បន្ថយបញ្ហាចរាចរណ៍ ត្រូវរៀបចំឱ្យមានការដឹកជញ្ជូនភ្ញៀវតាមផ្លូវទឹក និងផ្លូវវាងនៅត្រើយម្ខាង (សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ)។
៤- ត្រូវកៀរគរប្រជាពលរដ្ឋខ្មែរឱ្យចូលរួមតាំងពិព័រណ៍ និងដាក់លក់ផលិតផលក្នុងស្រុកដែលពួកគាត់សម្រេចបានដូចជា ដំណាំកសិកម្ម ឧស្សាហកម្ម ផលិតផលកែច្នៃក្នុងស្រុកជាដើម ដើម្បីបង្ហាញពីសក្តានុពលផលិតផលក្នុងស្រុកទាំងនោះ សំដៅទាក់ទាញការបញ្ជាទិញពីក្រៅប្រទេស។
៥- ត្រូវជំរុញការសម្ដែងសិល្បៈចម្រុះ សិល្បៈវប្បធម៌ ផ្ទាំងទស្សនីយភាពដែលបង្ហាញពីអត្តសញ្ញណនៃទឹកដី ភូមិសាស្ត្រ និងសកម្មភាពកីឡានានា ទាំងនៅលើគោក និងនៅលើទឹក ហើយត្រូវមានទូកកាណូតដឹកទេសចរចូលរួមផងដែរ។
៦- ត្រូវពង្រីកការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍បុណ្យទន្លេនេះ ប្រាប់ទៅប្រជាពលរដ្ឋ ភ្ញៀវទេសចរ អាជីវករ ក្រុមហ៊ុន និងដៃគូនានា ដើម្បីជំរុញការចូលរួមក្នុងព្រឹត្តិការណ៍ទេសចរណ៍នេះឱ្យបានច្រើនកុះករ ពោលសម្រេចឱ្យបានការរំពឹងទុក ១លាន៥សែននាក់។

លោករដ្ឋមន្ត្រី ថោង ខុន បានគូសបញ្ជាក់បន្ថែមថា ទន្លេមេគង្គជាទន្លេដែលវែងជាងគេលំដាប់ទី១៧ក្នុងពិភពលោក និងទី១២ក្នុងអាស៊ី។ ទន្លេមេគង្គមានប្រវែង ៤,២០០គីឡូម៉ែត្រ ហូរឆ្លងកាត់កាត់៥ប្រទេស (ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា វៀតណាម)។ ដោយឡែក នៅកម្ពុជាទន្លេមេគង្គហូរឆ្លងកាត់ប្រវែងជាង ៥០០គីឡូម៉ែត្រ និងបានបែកចេញជាទន្លេសាប និងទន្លេតូចជាច្រើនទៀត ទាំងនៅប៉ែកខាងលើ ប៉ែកខាងក្រោម មានប្រជាជនរាប់លាននាក់រស់នៅតាមដងទន្លេ និងទទួលបានផលប្រយោជន៍ពីទន្លេនេះ។ បុណ្យទន្លេត្រូវបានសម្រេចឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដោយសម្រេចយកសប្តាហ៍ទី១ ឬទី២ ក្នុងខែមិនា។ បុណ្យទន្លេបានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ក្នុងយុទ្ធនាការផ្សព្វផ្សាយអាស៊ានផងដែរ។ បុណ្យទន្លេជាផលិតផលទេសចរណ៍ឆ្លើយតបនឹងក្របខណ្ឌនយោបាយយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាងមហាអនុតំបន់មេគង្គអាស៊ានមេគង្គ-គង្គា។

អង្គប្រជុំដែលដឹកនាំដោយលោក ថោង ខុន បានឯកភាពគ្នាថា នឹងបន្តពិភាក្សាការងារត្រៀមរៀបចំពិធីបុណ្យទន្លេនេះ នាពេលក្រោយៗឱ្យបានលម្អិតជាបន្តបន្ទាប់ទៀត៕





No comments:

Post a Comment