លោកស្រី Manika Jain អគ្គរដ្ឋទូត បានគោរពជំរាបជូន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ឥណ្ឌា និងកម្ពុជា គឺមានវប្បធម៌ អរិយធម៌ប្រហាក់ប្រហែលគ្នា ហើយតាមរយៈប្រទេសទាំងពីរក៏មានទំនាក់ទំនងល្អជាយូរលង់ណាស់មកហើយ។ មកដល់ពេលនេះទៀត ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានភាពកាន់តែជិតស្និទ្ធ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ដំណើរបេសកកម្មការទូតរបស់លោកស្រីអគ្គរដ្ឋទូតនៅកម្ពុជានាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកនូវទំនាក់ទំនងការទូតជាមួយកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។
លោកស្រីអគ្គរដ្ឋទូត បានមានប្រសាសន៍ផងដែរថា ក្នុងបេសកកម្មការទូតរបស់លោកស្រីនៅពេលនេះ លោកស្រី នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងលទ្ធភាពធ្វើយ៉ាងណា គឺពង្រីកទំនាក់ទំនង ទាំងពាណិជ្ជកម្ម វិនិយោគ រួមទាំងវិស័យទេសចរណ៍ វប្បធម៌ និងវិស័យផ្សេងៗទៀត ដែលជាការរួមចំណែកក្នុងការពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អខ្លាំងឡើង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្វាគមន៍ និងថ្លែងនូវការអបអរសាទរជូនចំពោះ លោកស្រី Manika Jain ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅ កម្ពុជា។ លោកនាយករដ្ឋមន្ត្រី ក៏បានយល់ស្របជាមួយលោកស្រីអគ្គរដ្ឋទូត ថា ទំនាក់ទំនង រវាងប្រទេសកម្ពុជា និងឥណ្ឌា គឺមានរយៈពេលរាប់ពាន់ឆ្នាំមកហើយ ហើយទំនាក់ទំនងនៅពេលនេះទៀតសោត ក៏កំពុងតែមានការរីកចម្រើនជឿនលឿនទៅមុខយ៉ាងល្អប្រសើរ ទាំងទំនាក់ទំនងទ្វេរភាគីរវាងកម្ពុជា-ឥណ្ឌា និង ទំនាក់ទំនងក្នុងតំបន់ រវាងអាស៊ាន និងឥណ្ឌា៕


No comments:
Post a Comment