Friday, June 09, 2017

កងទ័ពមួកខៀវរបស់កម្ពុជា បានរងការវាយប្រហារជាថ្មីម្តងទៀត នៅតំបន់ Bria ប្រទេស​អាហ្រ្វិកកណ្តាល​ ប៉ុន្តែពុំបាន​ធ្វើឱ្យទាហាន​កម្ពុជា​ ណាម្នាក់ស្លាប់ ​ឬរបួសនោះទេ​

កងទ័ពមួកខៀវរបស់កម្ពុជា បានរងការវាយប្រហារ​ជាថ្មីម្តងទៀត នៅតំបន់ Bria ប្រទេសអាហ្រ្វិកកណ្តាល កាលពីព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ ប៉ុន្តែទោះជាយ៉ាងណា​ការប៉ះទង្គិចគ្នានេះពុំបានធ្វើឱ្យទាហានកម្ពុជាណាម្នាក់ស្លាប់ឬរបួសនោះទេ នេះបើតាមរបាយការណ៍របស់ក្រសួងការពារជាតិ។
របាយការណ៍បានឱ្យដឹងទៀតថា នៅវេលាម៉ោង០៧៖៣០នាទីព្រឹក (ម៉ោង ១៣:៣០នាទីនៅភ្នំពេញ) ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ មានជន Anti-Balaka ចំនួន០២រូប ប្រដាប់ដោយអាវុធ AK-47 បានជិះម៉ូតូសំរុកចូលបន្ទាយអង្គការ សហប្រជាជាតិ ក្នុងតំបន់ Bria ប្រទេសអាហ្វ្រិកខាងត្បូង ហើយកម្លាំងកម្ពុជា រួមជាមួយកម្លាំង Zambia ដែលឈរជើងក្នុងតំបន់នោះ បានធ្វើការព័ទ្ធចាប់។
នៅវេលាម៉ោង ០៨៖២៥នាទី (ម៉ោង១៤៖២៥នាទីនៅភ្នំពេញ) ថ្ងៃដដែលនោះ កម្លាំងប្រជាពលរដ្ឋលាយឡំនឹងកម្លាំង Anti-Balaka បំពាក់ដោយកាំបិត ក៏បានសម្រុកចូលបុស្តិ៍យាមរបស់ អ.ស.ប នៅតំបន់នោះ​ថែមទៀត ពេលនោះកម្លាំងកម្ពុជា បានបាញ់ឡើងលើចំនួន០៥គ្រាប់ជាការគម្រាម ប៉ុន្តែក្រុមទាំងនោះមិនបញ្ឈប់ការសំរុកចូលឡើយ ដូច្នេះកម្លាំងកម្ពុជាក៏បាញ់ត្រូវត្រង់ជើង០១គ្រាប់ ទើបកម្លាំងទាំងនោះដកថយទៅវិញ។
សម្រាប់ហេតុការណ៍ខាងលើនេះ អ្នករងរបួស ត្រូវបានបញ្ជូនទៅទទួលការព្យាបាលនៅមន្ទីរពេទ្យរដ្ឋក្នុងតំបន់ Bria ហើយក្រុមការងារមជ្ឈមណ្ឌលជាតិ កំពុងធ្វើការតាមដានសភាពការណ៍នេះ។
សូមរំលឹកថា កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ក្បួនកងកម្លាំងរក្សាសន្តិភាព​របស់អង្គការសហប្រជាជាតិ ដែលក្នុងនោះ មានទាំងកងទ័ពមួកខៀវកម្ពុជាផង បានរងការវាយប្រហារពីក្រុមឧទ្ទាម​នៅប្រទេសអាហ្រ្វិកកណ្តាលដែរ បណ្តាលឱ្យកងទ័ពមួកខៀវកម្ពុជាមួយរូប ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង៣នាក់ផ្សេងទៀតត្រូវបានស្លាប់ នៅ២គីឡូម៉ែត្រពីកន្លែងកើតហេតុ។ ចំណែកទាហានម៉ារ៉ុក ៥នាក់ ដែលស្ថិតនៅក្នុងក្បួន អ.ស.ប ជាមួយកម្ពុជា ក៏បានរងរបួសដែរ។
សូមបញ្ជាក់ថា កងកម្លាំងមួកខៀវរបស់កម្ពុជា ដែលបានពលីជីវិតនោះរួមមាន៖ លោកអនុសេនីយ៍ទោ អឹម សំ មានស្រុកកំណើតនៅស្រុកពួក ខេត្តសៀមរាប, លោកអនុសេនីយ៍ឯក ម៉ៅ អេង មានលំនៅឋានក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ, លោកព្រិន្ទបាលទោ ស៊ាង នរិន្ទ មានលំនៅឋានក្នុងស្វាយរៀង និងលោកព្រិន្ទបាលទោ មុំ តុលា មានស្រុកកំណើតនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់៕


No comments:

Post a Comment