Wednesday, June 15, 2016

រាជរដ្ឋាភិបាលកម្ពុជាគាំទ្រ និងផ្ដល់កិត្ដិយសគ្រប់កាលៈ​ទេសៈចំពោះសាសនាអ៊ិស្លាម

ទោះបីសាសនាអ៊ិស្លាមមិនមែនជាសាសនារបស់រដ្ឋ តែត្រូវបានរាជរដ្ឋាភិបាលកម្ពុជា គាំទ្រ និង​ផ្ដល់កិត្ដិយស គ្រប់កាលៈ ទេសៈ មិនរើសអើងពូជសាសន៍អ្វីឡើយ។ នេះបើតាម ការ​បញ្ជាក់​​ឱ្យដឹងពី ឯកឧត្ដម អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្ត្រី ខណៈ​ដែល​ឯកឧត្តម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ឯកឧត្ដម Yousef Alotha imeen អគ្គនាយកខុទ្ទកាល័យអគ្គលេខាធិការ អង្គការសហប្រតិបត្តិការអ៊ិស្លាម (OIC) តំណាង ឯកឧត្ដម Iyad Ameen Madani អគ្គលេខាធិការ OIC ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដើម្បី​ស្វែងយល់ពីសភាពការណ៍នយោបាយនៅកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ២០១៦។
ឯកឧត្ដម អូស្មាន ហាស្សាន់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកសាង និងអភិវឌ្ឍន៍ ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ វិស័យ​សាស​នាក៏ត្រូវបានរីកចម្រើន ពីគ្រប់ទិសទីនិងមានការគាំទ្រពីប្រជាពលរដ្ឋផងដែរ។
ឯកឧត្ដមបន្ដថា ទោះបីសាស នាអ៊ិស្លាម មិនមែនជាសាសនា របស់រដ្ឋតែត្រូវបាន រាជរដ្ឋា​ភិ​បាល កម្ពុជា គាំទ្រ និងផ្ដល់កិត្ដិយស គ្រប់កាលៈ ទេសៈ មិនរើសអើងពូជសាសន៍អ្វីឡើយ។
ឯកឧត្ដម អូស្មាន ហាស្សាន់ ក៏បានលើកឡើង ពីការផ្តល់ជូនសព្វបែបយ៉ាង ពីសំណាក់​រាជ​រដ្ឋាភិបាលកម្ពុជា ចំពោះសហគមន៍អ៊ិស្លាមកម្ពុជា។ បើទោះជា សាសនាអ៊ិស្លាម ពុំមែន​ជា​សាសនារបស់រដ្ឋ តែសាសនិកអ៊ិស្លាមកម្ពុជា មានសិទ្ធិសេរីភាពពេញលេញ​ក្នុងការប្រតិបត្តិ​សាសនារបស់ខ្លួន ដោយគ្មានការរារាំងណាមួយទេ ថែមទាំងមានថ្នាក់ដឹកនាំកំពូលរបស់ជាតិ ចូលរួមក្នុងកម្មវិធីសម្ពោធ សមិទ្ធផលអ៊ិស្លាមនានា និងពិធីផ្សេងៗទៀតផងដែរ។
ក្រៅពីនេះ សាសនិកអ៊ិស្លាម ក៏ទទួលបាននូវការអនុគ្រោះជាច្រើន ដូចជាការអនុញ្ញាតឱ្យ​សិស្ស​​និស្សិត អាចគ្របក្បាលចូលរៀនក្នុងសាលារដ្ឋ ថតរូបធ្វើអត្តសញ្ញាណប័ណ្ណ និងលិខិត​ឆ្លងដែន មិនយកពន្ធលើ ការនាំចូលសំភារៈសាងសង់សមិទ្ធផលអ៊ិស្លាម ក៏ដូច​ជាការ​នាំចូល​ជំនួយផ្សេងៗ ហើយបានបើកទូលាយ ទទួលជំនួយសប្បុរសធម៌។
ឯកឧត្តម បានលើកឡើងថា រាជរដ្ឋាភិបាល បានរៀបចំឱ្យមានស្ថាប័ន កំពូលរបស់អ៊ិស្លាម​នៅ​កម្ពុជាគឺ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា ហើយបានផ្តល់ជូនជាហូរហែ រហូត​ថ្មីៗនេះ បានសម្រេចជាគោលការណ៍ បញ្ចូលគ្រូខ្មែរអ៊ិស្លាមចំនួន ១៥០០នាក់ នៅក្នុងក្រប​ខ័ណ្ឌ​មន្ត្រីរាជការ ក្នុងក្រសួងអប់រំ យុវជន និង កីឡា។
ឯកឧត្ដម Dr. Yousef Alothaimeen បានសម្តែងនូវក្តីសប្បាយរីករាយព្រមជាមួយ នឹងការថ្លែង អំណរគុណ និងកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន ជាប្រមុខ ដែលបានដឹកនាំប្រទេសឱ្យមានសុខសន្តិភាព ហើយបាន​យកចិត្តទុកដាក់ ចំពោះសាសនិកអ៊ិស្លាម នៅកម្ពុជា ដោយសារ ប្រទេសកម្ពុជាគឺជាប្រទេស គំរូសម្រាប់ប្រទេស ផ្សេងទៀត។
ឯកឧត្ដម ក៏សូមអំពាវនាវឱ្យសហគមន៍អ៊ិស្លាមនៅកម្ពុជា សូមរក្សាឱ្យបាននូវសុខសន្តិភាពនេះ ហើយត្រូវ ប្រកាន់ខ្ជាប់នូវសាមគ្គីភាព ចៀសវាងការបែកបាក់ណាមួយ ខណៈដែលបញ្ហា​ជា​ច្រើនកើតឡើង នៅជុំវិញពិភពលោក បាននិងកំពុងត្រូវបានប្រើប្រាស់ឈ្មោះអ៊ិស្លាម។
ឯកឧត្ដមបន្ដថា អង្គការសហប្រតិបត្តិការអ៊ិស្លាម OIC មានប្រភពធនធានគ្រប់គ្រាន់ ដែលអាច​ជួយកម្ពុជា បាន ឬក៏អាចបញ្ជូនបន្តនូវសំណើរបស់កម្ពុជា ទៅប្រទេសជាសមាជិកទាំង ៥៧ ហើយ OIC ក៏បានបើកភ្លើងខៀវ ដល់កម្ពុជាក្នុងការធ្វើសំណើតែងតាំងអ្នក​តំណាងឱ្យ​កម្ពុជា​នៅ OIC ផងដែរ។ចំពោះកម្ពុជាបានស្នើសុំចូលជាសមាជិកអង្កេតការ របស់ OIC ឯកឧត្ដម សង្ឃឹមថា ប្រទេស​កម្ពុជា រួមជាមួយសមាជិកទាំងអស់ នឹងបោះឆ្នោតគាំទ្រនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ដែលនឹង​ធ្វើ​ឡើង​នៅថ្ងៃ ទី១៨-១៩ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះជាមិនខាន៕


No comments:

Post a Comment