Wednesday, June 15, 2016

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានអនុញ្ញាតឲ្យគណៈ​ប្រតិភូកូរ៉េចូលជួបសំដែងការ​គួរសមនិង ជំរុញការវិនិយោគ និងពាណិជ្ជកម្មកូរ៉េ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និង  ​​​​ហិរញ្ញវត្ថុចេញថ្ងៃទី១៣ ខែ​​មិថុនា ឆ្នាំ២០១៦ ​​​   នៅទីស្តីការក្រសួងសេដ្ឋកិច្ច    ​ និងហិរញ្ញវត្ថុ ​​​​ ​​ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឲ្យ គណៈប្រតិភូកូរ៉េ មកពីគណៈកម្មការសេវាហិរញ្ញវត្ថុកូរ៉េ (FSC) ភ្នាក់ងារជំរុញការវិនិយោគ និងពាណិជ្ជកម្មកូរ៉េ (KOTRA) និងមជ្ឈមណ្ឌល FINTECH ដឹកនាំដោយលោក KIM HAK KYUN ជា Standing Commissioner នៃ FSC ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ​​​អំពីការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនៅកម្ពុជា និងប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ ហៅកាត់ថា Fin Tech (Financial Technology)
ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ក៏បានរំលឹកអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មការសេវាហិរញ្ញវត្ថុកូរ៉េ ក្នុងការកសាងទីផ្សារមូលបត្រកម្ពុជាតាំងពីដំណាក់កាលដំបូង។ តាមរយៈកិច្ចសហប្រតិបត្តិការល្អពី FSC របស់កូរ៉េ កម្ពុជាបានដាក់ឲ្យដំណើរការទីផ្សារមូលបត្រដោយជោគជ័យ ដោយបច្ចុប្បន្នមានក្រុមហ៊ុនចុះបញ្ជីបោះផ្សាយលក់មូលបត្រជាសាធារណៈ    ​​​ ​​​នៅលើក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាចំនួន ​​​​​​   ​​    ​​​​​ ០៤ក្រុម​​ហ៊ុន។ ឯកឧត្តមបណ្ឌិតក៏បានមានប្រសាសន៍ទៀតថា    ​​   ដើម្បីបន្តគាំទ្រវិស័យនេះ
រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តផ្នែកពន្ធដារនៅក្នុងវិស័យមូលបត្រ ដោយបន្ថយពន្ធលើប្រាក់ចំណេញចំនួន ៥០% នៃពន្ធលើប្រាក់ចំណេញត្រូវបង់ សម្រាប់រយៈពេល ៣ឆ្នាំ ជូនក្រុមហ៊ុនចុះបញ្ជី និងគោលនយោបាយជំរុញការធ្វើ I.P.O របស់សហគ្រាសរដ្ឋ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំក្របខ័ណ្ឌច្បាប់ និងស្ថាប័នដើម្បីផ្តល់លទ្ធភាពឲ្យសហគ្រាសធុនតូច និងមធ្យម (SMEs) អាចស្វែងរកប្រភពទុនពីទីផ្សារមូលបត្រផងដែរ។
ពាក់ព័ន្ធនឹងប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fin Tech) ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃប្រព័ន្ធព័ត៌មានវិទ្យានៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ក៏ដូចជានៅក្នុងកិច្ចការធុរកិច្ច។ ការផ្សាភ្ជាប់រវាងប្រព័ន្ធបច្ចេកវិទ្យា និងវិស័យហិរញ្ញវត្ថុ ពិតជាអាចរួមចំណែកដល់ដំណើរការក្នុងវិស័យហិរញ្ញវត្ថុឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការកាត់បន្ថយពេលវេលា និងចំណាយប្រតិបត្តិការផងដែរ។ យ៉ាងណាក៏ដោយបច្ចុប្បន្ន វត្តមាននៃប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា គឺមានកម្រិតទាបនៅឡើយ ដែលនេះជាកិច្ចការដែលត្រូវធ្វើការអភិវឌ្ឍបន្ថែម។ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីចេតនា ក្នុងការពិនិត្យលើការរៀបចំឡើងវិញនូវអនុស្សរណៈនៃការយោគយល់ (MOU) រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មការសេវាហិរញ្ញវត្ថុកូរ៉េ ដោយពង្រីកវិសាលភាពនៃ MOU ​​​​​​នេះលើការអភិវឌ្ឍសកម្មភាពគោលនយោបាយបន្ថែមទៀតនៅក្នុងវិស័យហិរញ្ញ​​វត្ថុនេះ។
សេចក្តីប្រកាសព័ត៌មានក៏បានឲ្យដឹងថា លោក KIM HAK KYUN  តំណាងប្រតិភូកូរ៉េ ក៏បានជំរាបជូនឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី អំពីអាទិភាពរបស់រាជរដ្ឋាភិបាលកូរ៉េក្នុងការធ្វើ​​ឲ្យ Fin Tech ក្លាយជាក្បាលម៉ាស៊ីននៃកំណើនថ្មីរបស់ប្រទេសកូរ៉េ។ ដូច្នេះការវិនិយោគលើFin Tech គឺជាអាទិភាពរបស់ប្រទេសកូរ៉េ។

ក្នុងនោះតាមរយៈដំណើរបេសកកម្មកម្ពុជានាពេលនេះ គណៈប្រតិភូកូរ៉េបានចូលរួមក្នុងការចុះហត្ថលេខាលើ MOU រវាងធនាគារកាណាឌីយ៉ា និង ធនាគារគួកមិន (Kookmin  Bank) និង MOU រវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK និង ធនាគារគួកមិន ស្តីពីកិច្ចសហប្រតិបត្តិការធុរកិច្ច ក៏ដូចជាកិច្ចព្រមព្រៀងរវាង ធនាគារឯកទេស វីង និង ក្រុមហ៊ុន Gmoney Trans របស់កូរ៉េស្តីពីការផ្ទេរប្រាក់រវាងប្រទេសកូរ៉េ និងកម្ពុជា។ ភាគីកូរ៉េ ក៏បានថ្លែងអំណរគុណយ៉ាជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី     ព្រមទាំងមានចេតនាក្នុងការបន្ត​​​គាំទ្ររាជរដ្ឋាភិបាលកម្ពុជាលើការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុផងដែរ៕




No comments:

Post a Comment