Friday, April 29, 2016

សម្តេច​តេជោ​ ហ៊ុន​ សែ​ន ផ្តល់​អនុ​សាសន៍​៨ចំណុ​ច​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​​និស្សិត​សាក​លវិទ្យា​ល័យ​ធន​ធា​នមនុស្ស​

នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត​សាកល​វិទ្យា​ល័យ​ធនធានមនុស្ស ដែលមានអ្នកចូលរួមជាង ១៥៨៩ នាក់ មាននិស្សិតថ្នាក់វិជ្ជាជីវៈ និស្សិត​ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅវិទ្យាស្ថាន​ជាតិ​អប់រំ រាជ​ធានីភ្នំពេញ។
នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានសំណូមពរដល់ សិស្សនិស្សិតឱ្យខិតខំសិក្សា ទោះបីមានការបន្តុះបង្អាប់មាក់ងាយពីក្រុមអ្នកនយោបាយមួយចំនួន ដែលមើលងាយដល់ សញ្ញាបត្រក្នុងប្រទេសយ៉ាងក៏ដោយ។ សម្តេចតេជោ ក៏បានលើកឡើងអំពីបញ្ហាមួយចំនួនដូច តទៅ៖
១.  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សូមប្រកាសចូលរួមរំលែកទុក្ខ​ចំពោះ​​​​ក្រុមគ្រួសារសព មន្រ្ដីកងរាជអាវុធហត្ថ ដែលត្រូវក្រុមជួញដូរគ្រឿងញៀន​បាញ់​ស្លាប់ នៅល្ងាចថ្ងៃម្សិលមិញក្នុងប្រតិបត្តិការ​បង្ក្រាបក្រុមជួញដូរគ្រឿងញៀន​ដ៏ធំ ​នៅ​ខណ្ឌ​​ទួលគោក រាជធានីភ្នំពេញ។
២. សម្តេចតេជោ ហ៊ុន​​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា នៅពេលនេះមិនទាន់​ឃើញ​មានគណបក្សនយោបាយណាមួយចូលរួម ចែកចាយទឹកស្អាតដល់ប្រជា​ពលរដ្ឋ​នៅ​ឡើយ​ទេ បន្ទាប់ពីមានការអំពាវនាវដល់ទាំងមន្រ្តីរាជរដ្ឋាភិបាល, បក្សនយោបាយ និង​កាកបាទ​ក្រហម ចូលរួមចែកចាយទឹកសម្រាប់ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតទឹកនៅ​តាម​បណ្តាខេត្តនិងទីជនបទ។
៣. សម្តេចតេជោបានបញ្ជាក់ថា យើងនឹងប្រឹងរហូតដល់ប្រជាពលរដ្ឋ​មានទឹកប្រើ​ប្រាស់​គ្រប់​គ្រាន់ ទើបយើងអាចបន្ធូរដៃបាន ប៉ុន្តែឥឡូវនេះ នៅកាងដៃនៅឡើយទេ ហើយ​កាង​​ដៃកាន់តែធំទៀត។ សម្តេចបន្តអំពាវនាវឲ្យបន្តយុទ្ធនាការ​ចែកចាយទឹក​ជូន​ប្រជា​ពលរដ្ឋ។
៤.  សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជានឹងធ្វើការសិក្សាដោយពិចារណា លើ​ការបិទទន្លេសាប ដើម្បីទប់ទល់ចំពោះបញ្ហាខ្វះខាតទឹក។
៥.  សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះរលកកំដៅក្នុងឆ្នាំនេះ បញ្ហារលកកំដៅគឺជាបញ្ហាពិភពលោក ចំណែកបញ្ហាគ្រោះធម្មជាតិ​ជាបញ្ហាក្នុង​តំបន់​ទាំងមូល។
៦.  សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា គណបក្សនយោបាយដទៃ នឹងចូលរួមយុទ្ធនាការ​ចែក​ចាយទឹកជូនប្រជាពលរដ្ឋដែលខ្វះខាតទឹក។
៧. សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចទើបនឹងចុះហត្ថលេខា ដើម្បីបែង​ចែក​ភារ​កិច្ច​ក្រសួងបរិស្ថាន និងក្រសួងកសិកម្មឱ្យនៅដាច់ដោយឡែកពីគ្នា។ សម្តេច បានថ្លែងថា ចាប់ពីពេលនេះតទៅ ក្រសួងបរិស្ថាន ត្រូវប្រគល់ដីសម្បទាន​ដែល​គ្រប់​គ្រង​​ដោយ​វិស័យ​ឯកជន ទៅឱ្យក្រសួងកសិកម្ម ហើយក្រសួងកសិកម្ម ត្រូ​វប្រគល់សិទ្ធិ​គ្រប់​គ្រង​ព្រៃ​ឱ្យក្រសួងបរិស្ថាន។

៨.  សម្តេចតេជោ ហ៊ុន សែន ព្រមានគណបក្សនយោបាយមួយចំនួន ដែលបានឆ្លៀត​យក​បញ្ហាគ្រោះរាំងស្ងួតនៅកម្ពុជា ដើម្បីទាញចំណេញនយោបាយ។ សម្តេច បានថ្លែងថា កន្លង​មក​នៅពេលដែលកម្ពុជាជួបបញ្ហាគ្រោះធម្មជាតិ ក្រុមអ្នកនយោបាយទាំងនោះ​តែង​​និ​យាយ​ថា មកពីបញ្ហាកាប់ព្រៃឈើ ប៉ុន្តែបញ្ហានេះមិនមែនមាន​តែ​នៅកម្ពុជា​ទេ ប្រទេស​ផ្សេងទៀតជាពិសេសឥណ្ឌាក៏មានបញ្ហាគ្រោះរាំងស្ងួតដូចគ្នា រហូតដល់មាន​មនុស្ស​ស្លាប់​​ថែមទៀតផង។ សម្តេចពន្យល់ថា បញ្ហាគ្រោះធម្មជាតិ គឺជាបញ្ហា​ពិភព​លោកមិន​មែន​ប្រទេសណាមួយនោះទេ៕





No comments:

Post a Comment