Friday, April 29, 2016

យុទ្ធនាការ​ចែក​ចាយ​ទឹក​កំពុង​ជំរុញ​ទៅ​មុខ និង​កំពុង​ពង្រីក​វិសាល​ភាព​កាន់​តែធំ​ដើម្បី​ដោះ​ស្រាយ​ទុក្ខ​លំបាក​ចំពោះ​មុខ​ប្រជាពលរដ្ឋ

ក្រោយមានការអំពាវនាវពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ថ្លែង​ចេញ​​​ពី​ខេត្ត​បន្ទាយ​មានជ័យ  ឲ្យបើកយុទ្ធនាការចែកចាយទឹក ក្នុងរយៈពេលមួយថ្ងៃពីរនេះ​ យុទ្ធនាការ​ចែក​​ចាយ​​ទឹក​ជូន​​ប្រជាពលរដ្ឋដែលខ្វះខាតទឹក កំពុងរីកផុស​ផុលយ៉ាង​ខ្លាំងទៅមុខ និងកំពុង​ពង្រីក​​វិសាលភាពគ្របដណ្តប់លើភូមិសាស្រ្ត​កាន់​តែធំ ប្រជា​ពលរដ្ឋ​​ទទួល​បានទឹកមាន​ចំនួន​កាន់តែច្រើន។
ថ្លែង​នៅក្នុងពិធីចែកសញ្ញាប័ត្រជូននិស្សិត សាកលវិទ្យាល័យធនធានមនុស្ស​នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ថា ​សម្តេចនឹងប្រឹង​រហូត​ដល់​ប្រជា​ពលរដ្ឋ​​មាន​ទឹក​ប្រើប្រាស់គ្រប់គ្រាន់ ទើបយើងអាចបន្ធូរដៃបាន ប៉ុន្តែឥឡូវនេះ នៅ​កាង​ដៃ​នៅឡើយទេ ហើយ​​កាងដៃកាន់តែធំទៀត។ សម្តេច ក៏បានអំពាវនាវ​ឲ្យ​បន្ត​យុទ្ធនា​ការ​ចែក​ចាយ​​ទឹក​ជូនប្រជា​ពលរដ្ឋ។
ដោយឡែកនៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បាន​បង្ហាញ​​​នៅលើ Facebook យ៉ាងដូច្នេះថា៖ យុទ្ធនាការ កំពុងជំរុញទៅមុខ និងកំពុង​ពង្រីក​វិសាល​ភាព​គ្របដណ្តប់លើ ភូមិសាស្ត្រកាន់​តែធំនិងប្រជាជន ទទួលបានទឹកមាន​ចំនួន​កាន់​ច្រើន។ សូម​អរគុណកម្លាំងទាំងអស់ដែលចូលរួមជួយប្រជាជននាពេលដ៏លំបាកនេះ ជាមួយ​និងការ​ជូន​ពរ សូម​មានជោគជ័យក្នុងយុទ្ធនាការផ្តល់ទឹកជូនប្រជាជន។

សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានគណបក្សនយោបាយមួយចំនួន ដែលបានឆ្លៀតយក​បញ្ហាគ្រោះរាំងស្ងួតនៅកម្ពុជា ដើម្បីទាញចំណេញនយោបាយ។ សម្តេចថា កន្លងមកនៅពេល​ដែលកម្ពុជា​ជួបបញ្ហាគ្រោះធម្មជាតិ ក្រុមអ្នកនយោបាយ​ទាំងនោះតែងនិយាយថា មកពីបញ្ហា​កាប់ព្រៃឈើ។ ប៉ុន្តែសម្តេចថាបញ្ហានេះមិនមែនមានតែកម្ពុជាទេប្រទេសផ្សេងទៀត​ជាពិ​សេស​​ ឥណ្ឌា​ក៏មានបញ្ហា​រាំងស្ងួត​ដូចគ្នា រហូតដល់មានមនុស្ស ស្លាប់ថែមទៀត។ បញ្ហាគ្រោះធម្មជាតិ គឺជាបញ្ហាពិភពលោក មិនមែនប្រទេសណា​មួយនោះ​ទេ៕





No comments:

Post a Comment