វគ្គបណ្តុះបណ្តាលក្រុមការងារបច្ចេកទេស
រៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន
ដែលមានរយៈពេល ២ថ្ងៃ បានបញ្ចប់នៅថ្ងៃនេះ ដោយធ្វើការប្រមូលមតិយោបល់
និងសំណូមពរនានារបស់សាធារណៈជន
ដើម្បីដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់ឲ្យមានខ្លឹមសារគ្រប់គ្រាន់ ។
ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ត្រូវគេរំពឹងថា
នឹងត្រូវអនុម័តនៅចុងឆ្នាំនេះ ឬក្នុងពាក់កណ្តាលឆ្នាំក្រោយ ។
ពិធីបិទវគ្គបណ្តុះបណ្តាលបានធ្វើឡើង
ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ នៅថ្ងៃទី២
ខែកុម្ភៈនេះ នៅសណ្ឋាគារឯកជនមួយក្នុងរាជធានីភ្នំពេញ
ដោយមានការចូលរួមពីតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា
និងមន្រ្តីពាក់ព័ន្ធនានា។
ឯកឧត្តម ខៀវ
កាញារីទ្ធ បានមានប្រសាសន៍ថា ការជជែកពិភាក្សារយៈពេល ២ថ្ងៃមកនេះ គឺផ្ដល់នូវសារៈសំខាន់ក្នុងការប្រមូល
និងជ្រើសរើសយកនូវមតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋទូទៅ
ដើម្បីដាក់បញ្ជូលក្នុងសេចក្តីព្រាងច្បាប់ឱ្យមានខ្លឹមសារគ្រប់ គ្រាន់
ប្រកបដោយតម្លាភាព ក្នុងការអភិវឌ្ឍប្រទេសជាតិ ។ ឯកឧត្តមបញ្ជាក់ថា
ច្បាប់នេះមិនត្រឹមតែមានសារសំខាន់សម្រាប់អ្នកសារព័ត៌មានប៉ុណ្ណោះ ទេ
ប៉ុន្តែច្បាប់នេះបានផ្តល់សិទ្ធិឱ្យសាធារណៈជនទូទៅទទួលបានព័ត៌មាន
គ្រប់គ្រាន់ ក្នុងការស្រាវជ្រាវ និងធានាយុត្តិធម៌ក្នុងសង្គម ។
មន្រ្តីគម្រោងតាក់តែងច្បាប់សិទ្ធិទទួលបានព័ត៌មាន
របស់អង្គការយូណេស្កូប្រចាំកម្ពុជា លោក ឆាយ សុផល បានថ្លែងថា នេះជាលើកទី១
ហើយ ដែលដំណើរការតាក់តែងសេចក្ដីព្រាងច្បាប់
ស្ដីពីសិទ្ធិទទួលព័ត៌មានបានប្រមូលនូវមតិយោបល់ និងតម្រូវការពីគ្រប់ភាគីពាក់ព័ន្ធ
និងប្រជាពលរដ្ឋ បន្ទាប់ពីគេបានធ្វើសិក្ខាសាលានៅតាមសហគមន៍
ដើម្បីយកមកដាក់បញ្ចូលក្នុងមាត្រាច្បាប់ ។ លោកបន្តថា ជាទូទៅ
ការតាក់តែងច្បាប់ ប្រសិនបើរាជរដ្ឋាភិបាល ឬក្រសួង
ស្ថាប័នជាអ្នករៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ហើយមិនបានសាកសួរ
និងប្រមូលនូវមតិយោបល់ពីប្រជាពលរដ្ឋ ដាក់បញ្ចូលក្នុងខ្លឹមសារ
គឺច្បាប់នោះ មិនអាចបានទូលំទូលាយ និងនាំឲ្យមានការរិះគន់ថែមទៀត ។
No comments:
Post a Comment