រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
បានធ្វើការព្រមានចំពោះអ្នកពាក់ព័ន្ធចំពោះការជួញដូរគ្រឿងញៀន
ក្នុងនោះមានមន្ត្រីអនុវត្តន៍ច្បាប់ ដូចជានគរបាល កងរាជ អាវុធហត្ថ
និងមន្ត្រីស្ថាប័នតុលាការ
ត្រូវជៀសវាងឱ្យបានជាដាច់ខាតកុំឱ្យជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងឆ្នាំ២០១៥
និងទិសដៅឆ្នាំ២០១៦ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នាទីស្តីការក្រសួង
សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
បានលើកឡើងចំពោះមុខមន្ត្រីអនុវត្តន៍ច្បាប់ថា ប្រសិនបើរកឃើញអ្នកណាបានជាប់ពាក់ព័ន្ធគ្រឿងញៀន
នឹងត្រូវប្រឈមចំពោះមុខច្បាប់។
សម្តេចក្រឡាហោមបានបញ្ជាក់ថា
មន្ត្រីអនុវត្តន៍ច្បាប់គ្រប់ថ្នាក់ទាំងកងកម្លាំងនគរបាលជាតិ កងរាជ អាវុធហត្ថ
និងមន្ត្រីតុលាការត្រូវបានបន្តសហការគ្នាក្នុងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព
និងតម្លាភាព ជាពិសេសក្នុងការពង្រឹងនីតិវិធីកសាងសំណុំរឿងដាក់បន្ទុកនូវស្ថានទម្ងន់ទោស
ដោយគ្មានស្ថានសម្រាលចំពោះពួកឧក្រិដ្ឋជនគ្រឿងញៀនជាដាច់ខាត។
សម្តេចបន្តថា
សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តជំរុញសកម្មភាពស្រាវជ្រាវទប់ស្កាត់
និងបង្ក្រាបគ្រឿងញៀនដែលធ្វើឡើងយ៉ាងសកម្មកន្លងមកនេះ ត្រូវធ្វើជាប្រចាំនិងសកម្មជាងនេះទៅទៀត
ដែលខិតខំពង្រីកវិធានការទប់ស្កាត់ពីចម្ងាយជាមួយប្រទេសជិតខាង និងអន្តរជាតិ៕
No comments:
Post a Comment