Wednesday, February 03, 2016

ក្រុមប្រតិភូតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បរាជ័យក្នុងការបញ្ចប់ជំលោះផ្ទៃក្នុងនៅខេត្តរតនគិរី

ក្រុមប្រតិភូតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២ ខែកុម្ភៈ បានព្យាយាមសម្របសម្រួលបញ្ចប់ជម្លោះផ្ទៃក្នុងរវាងសកម្មជនគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំនៅខេត្តរតនគិរី ប៉ុន្តែមិនបានជោគជ័យឡើយ។ សកម្មជនអ្នកតវ៉ានៅតែទទូចឲ្យមេដឹកនាំជាន់ខ្ពស់គណបក្សនេះប្ដូរតួនាទីប្រធាន និងអនុប្រធានក្រុមការងារថ្នាក់ខេត្តដោយមូលហេតុថា មន្ត្រីមូលដ្ឋានទាំងពីររើសអើង និងបក្សពួកនិយម។
សកម្មជនគណបក្សសង្គ្រោះជាតិ ជាមន្ត្រីមានតួនាទីដឹកនាំនៅស្រុក និងឃុំមួយចំនួនក្នុងខេត្តរតនគិរី មានគ្នាជាង ១០នាក់ បាននាំយកញត្តិមានស្នាមមេដៃអ្នកគាំទ្រប្រមាណ ១ពាន់នាក់ទាមទារឲ្យប្ដូរតួនាទីប្រធាន និងអនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ថ្នាក់ខេត្ត។
អ្នកតវ៉ានាំគ្នាមកការិយាល័យការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តរតនគិរី បន្ទាប់ពីពួកគេមិនព្រមទទួលយកការសម្របសម្រួលរបស់ប្រតិភូជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក អេង ឆៃអ៊ាង ដែលបានបើកកិច្ចប្រជុំពង្រឹងស្មារតីសកម្មជននៅមូលដ្ឋានប្រមាណ ២០០នាក់នៅសណ្ឋាគារសុលឆេង ក្នុងក្រុងបានលុង នៅថ្ងៃទី២ ខែកុម្ភៈ។
ប្រធានគណៈកម្មការប្រតិបត្តិស្រុកកូនមុំ នៃគណបក្សសង្គ្រោះជាតិ ខេត្តរតនគិរី លោក ឈិត ផាត ថ្លែងបញ្ជាក់ថា សមាជិកគាំទ្រគណបក្សសង្គ្រោះជាតិ មួយចំនួនធំមិនពេញចិត្តចំពោះការដឹកនាំរបស់ប្រធាន អនុប្រធានក្រុមការងារគណបក្សនៅខេត្តដែលអសមត្ថភាព រើសអើង និងប្រកាន់បក្សពួក។
លោកបន្តថា សកម្មជនភាគច្រើនមិនគាំទ្រការសម្របសម្រួល និងការតែងតាំងប្រធាន និងអនុប្រធានក្រុមការងារថ្នាក់ខេត្ត គឺលោកស្រី យឹម លៀង និងលោក ខាត់ សុជាតិ តាមការសម្របសម្រួលពីក្រុមប្រតិភូអ្នកតំណាងរាស្ត្រនោះឡើយ៖ «មូលហេតុគាត់ធ្វើការកន្លងមកនេះ អស់លោកទាំង ៩ស្រុកក៏មិនពេញចិត្តដូចរូបខ្ញុំដែរ។ គាត់ធ្វើការកន្លងទៅនេះមិនតម្លាភាពក្នុងជួរគណបក្សសង្គ្រោះជាតិ»
ដូចគ្នានេះដែរ ប្រធានគណៈកម្មការប្រតិបត្តិស្រុកអណ្ដូងមាស គណបក្សសង្គ្រោះជាតិ អ្នកស្រី ទួន សុខាន់ បញ្ជាក់ដែរថា «ឲ្យមានការផ្លាស់ប្ដូរឲ្យរហ័ស បើមិនអ៊ីចឹងទេបរាជ័យហើយ ខេត្តរតនគិរី នៅតែរកាំរកូស អត់ស្រួលទេ។ ល្អតែមើលទេ ធ្វើព្រឹកមិញនេះ»
ទាក់ទិនការចោទប្រកាន់នេះ អ្នកស្រី យឹម លៀង មានប្រសាសន៍បញ្ជាក់តាមរយៈជំនួយការអ្នកស្រីថា បើទោះបីមានស្នាមមេដៃច្រើនទាមទារដកអ្នកស្រីយ៉ាងណាក្តី រឿងនេះអាស្រ័យលើគណៈកម្មការថ្នាក់ជាតិធ្វើការសម្រេច៖ «ការស្នើសុំដកលោកស្រីពីតួនាទីជាសិទ្ធិរបស់អ្នកតវ៉ា ក៏ប៉ុន្តែបញ្ហានេះឋិតលើការវាយតម្លៃរបស់គណៈកម្មការថ្នាក់ជាតិដែលបានសម្រេចតែងតាំងលោកស្រីតែប៉ុណ្ណោះ»
អនុប្រធានគណៈកម្មការនាយកគណបក្សសង្គ្រោះជាតិ និងជាប្រធានប្រតិភូដឹកនាំកិច្ចសម្របសម្រួលជួបពិភាក្សាជាមួយសកម្មជននៅមូលដ្ឋាន លោក អេង ឆៃអ៊ាង មានប្រសាសន៍បញ្ជាក់ថា នេះជាបញ្ហាផ្ទៃក្នុងរបស់គណបក្សដែលត្រូវបន្តដោះស្រាយជម្លោះនេះបន្ថែមទៀត
សកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តរតនគិរី គ្រោងតវ៉ាប្រឆាំងការតែងតាំងសមាសភាពគណៈកម្មការប្រតិបត្តិ និងសមាសភាពក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តរតនគិរី ខណៈមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ គឺលោក យឹម សុវណ្ណ គ្រោងប្រកាសសមាសភាពគណៈកម្មការប្រតិបត្តិកាលពីថ្ងៃទី១៧ ខែមករា។ នៅថ្ងៃទី២០ និង ២១ ខែដដែល ក្រុមអ្នកតវ៉ាបាននាំគ្នាទៅតវ៉ានៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ និងនៅការិយាល័យអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅរដ្ឋសភាផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១៥ក្លងទៅ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិខេត្តសៀមរាបជាង៥០នាក់ បានឡើងមកតវ៉ានៅមុខស្នាក់ការគណបក្សកណ្តាលគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែ ដើម្បីទាមទារឲ្យផ្លាស់ប្ដូរលោកស្រីកែ សុវណ្ណរតន៍ ពីប្រធានក្រុមការងារខេត្តសៀមរាប ព្រោះលោកស្រី បក្សពួកនិយម គ្មានតម្លាភាព និងប្រព្រឹត្តអំពើពុករលួយ ប៉ុន្តែពុំមានការដោះស្រាយជូនសកម្មជនទាំងនោះនោះទេ៕



No comments:

Post a Comment