រដ្ឋមន្ត្រីក្រសួងបរិស្ថាន
ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា ដើម្បីឱ្យឆ្នេរសមុទ្រខេត្តព្រះសីហនុ
ក៏ដូចជាខេត្តនៅតាមបណ្តោយឆ្នេរចំនួនបីទៀតអាចរក្សាបាននូវតម្លៃនៃសម្រស់ឆ្នេរ
តម្លៃសេដ្ឋកិច្ច និងអាចរក្សាបាននូវទីកន្លែងប្រកបមុខរបរការងារជូនប្រជាពលរដ្ឋ
ឆ្នេរសមុទ្រកម្ពុជាត្រូវតែរក្សាឱ្យបាននូវអនាម័យបរិស្ថានស្អាត
និងគ្មានទឹកសំណល់ហូចូលសមុទ្រ។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបែបនេះនៅថ្ងៃទី០១
ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយបទដ្ឋានគតិយុត្តក្នុងការគ្រប់គ្រង
និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
និងផែនការរៀបចំកែលម្អតំបន់ឆ្នេរខ្សាច់ខេត្តព្រះសីហនុ
ដែលប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម អុឹម ឈុនលឹម
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង
និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក) ឯកឧត្តម ថោង ខុង
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.អ.ឆ.ក និងឯកឧត្តម សាយ
សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធាន គ.អ.ឆ.ក។
ជាមួយគ្នានោះ
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងបរិស្ថាន
ក៏មានការប្តេជ្ញារខ្ពស់ក្នុងការពង្រឹងប្រសិទ្ធិភាពលើការប្រមូលសំរាម
ការគ្រប់គ្រង់ប្រព័ន្ធលូ
ដោយផ្ទេរមុខងារនៃការគ្រប់គ្រងសំណល់រឹងរាវមកដល់មូលដ្ឋានថ្នាក់ក្រុង ស្រុក ខណ្ឌ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសំណូមពរដល់អាជីវករ
ប្រជាពលរដ្ឋគ្រប់រូបសូមចូលរួមក្នុងការសំអាតអនាម័យបរិស្ថានឆ្នេរឱ្យបានល្អ
ព្រោះបើឆ្នេរស្អាត ទឹកសមុទ្រគ្មានការបំពុល
នោះក៏នឹងផ្តល់លទ្ធភាពកាន់តែខ្ពស់ដល់បងប្អូនប្រជាពលរដ្ឋក្នុងការប្រកបមុខរបររកសុីប្រចាំថ្ងៃផងដែរ៕
No comments:
Post a Comment