Wednesday, April 15, 2015

សេចក្តីប្រកាសព័ត៌មាន៖ ការរាំចង្វាក់ ម៉ាឌីហ្សុន ជាក្រុម​នៅក្នុង​ព្រឹត្តិ​ការណ៍​អង្គរ​សង្រ្កាន្ត​ឆ្នាំ​២០១៥ ត្រូវបាន​កត់​ត្រា​ជាផ្លូវ​ការ​ចូល​ក្នុង​កំណត់​ត្រា​ពិភព​លោក Guiness World Record

រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥

សេចក្តីប្រកាសព័ត៌មាន
 
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) មានកិត្តិយសូមជម្រាបជូនជនរួមជាតិឲ្យបានជ្រាបថា ការរាំចង្វាក់ ម៉ាឌីហ្សុន ជាក្រុមនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៥ ត្រូវបានកត់ត្រាជាផ្លូវការចូលក្នុងកំណត់ត្រាពិភពលោក Guiness World Record ហើយកាលពីវេលាម៉ោង​​១៣ និង៥៣នាទីនាថ្ងៃ​ទី១៥ ខែ មេសា ឆ្នាំ២០១៥ នេះ។
ការរំាជាក្រុម ដែលមានអ្នកចូលរួមចំនួន ២,០១៥នាក់ ក្នុងរយៈពេល៥នាទីចាប់ពីម៉ោង ១១:៤៣​​នាទី ដល់ម៉ោង១១:៥៣នាទី ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងបង្ហាញពីសាមគ្គីភាពក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ក្នុងន័យចង្កឹះមួយបាច់កាច់មិនបាក់ ហើយការ​រាំនេះ​ក៏ចង់ផ្តល់វេទិកាមួយប្លែក និងមានភាពសប្បាយរីករាយដល់បណ្តាភ្ញៀវជាតិ និងអន្តរជាតិដែលកំពុងមកចូលរួម​ ទស្សនាក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅលើទឹកដីនៃខេត្តសៀមរាប ។
បន្ទាប់ពីវិនិច្ឆ័យ​អស់រយៈពេលប្រមាណ២ម៉ោង លោកស្រី Seyda Subasi-Gemici ចៅក្រមនៃកំណត់ត្រាពិភពលោក Guiness World Record បានមាន​ប្រសាសន៍ថា ការរាំចង្វាក់ ម៉ាឌីហ្សុន នៅទីលានជល់ដំរីបានជាប់កំណត់ត្រាពិភពលោក Guiness World Record ដែលធ្វើឲ្យអ្នករាំនិងអ្នកទស្សនារាប់​ម៉ឺននាក់បាន​អបអរសាទរ និង​សប្បាយរីករាយ។
គួរបញ្ជាក់ថា នេះជាកំណត់ត្រាពិភពលោកលើកទីពីរហើយក្នុងរយៈពេលបីថ្ងៃ បន្ទាប់ពីស្ថាប័ន Guiness World Record  បានកត់នំអន្សមខ្មែរចូល​ក្នុងកំណត់ត្រាពិភពលោករបស់ខ្លួន​កាលពីរសៀល​ថ្ងៃទី១៣ ខែ មេសា ឆ្នាំ២០១៥ កន្លងទៅនេះ។
ការរាំចង្វាក់ ម៉ាឌីហ្សុននេះគឺជាកម្មវិធីមួយដែលសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប (យុទ្ធនាការសៀមរាបផ្ទះខ្ញុំ) បានរៀបចំឡើង ហើយក៍ជាកម្មវិធីមួយ​ក្នុងចំណោមកម្មវិធីជាច្រើនទៀតនៃព្រឹត្តិ​ការណ៍​ អង្គរសង្រ្កាន្ត​ឆ្នាំ២០១៥ ដែលសហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំឡើងដោយមានកិច្ចសហការពីសំណាក់ស្ថាប័ន​​ រដ្ឋ និងឯក​ជន​នានា៕

No comments:

Post a Comment