Wednesday, April 15, 2015

សម្តេច​​តេជោ ហ៊ុន សែន និង​​​ឯកឧត្តម សម រង្ស៊ី មាន​​វត្តមាន​​ដ៏​ក​ម្រជាប្រវត្តិ​សាស្ត្រ​ក្នុង​​​ពិធី​​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៥​​នៅ​ខេត្ត​​សៀមរាប ជា​មួយ​​នឹង​ការ​​ពង្រឹ​ង​បន្ថែម​​នូវ​វប្បធម៌​​សន្ទនា


ប្រមុខ​រាជរដ្ឋាភិបាល​​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន​  និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន សែន​ និង​ឯកឧត្តម​ សម រង្ស៊ី ព្រម​ទាំង​លោក​ជំ​ទាវ​ ជូឡុង សូម៉ូ​រ៉ាស​គណបក្ស​សង្គ្រោះ​ជាតិ​​ បាន​មាន​វត្តមាន​រួម​គ្នា​ជា​លើក​ដំ​បូងក្នុង​ប្រវត្តិសាស្ត្រ​​ នៃ​​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​ឆ្នាំ​២០១៥ ដែល​រៀប​ចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​មាន​ឯកឧត្តម​ ហ៊ុន ម៉ា​នី​ជា​ប្រធាន​ ដែលពិធី​ដ៏​មហស្ចារ្យនេះ​បាន​ប្រារព្ធ​ឡើង​នៅ​ខាង​មុខប្រាសាទបាយ័ន​ ក្នុង​តំ​បន់​រមណី​ដ្ឋាន​អង្គរខេត្តសៀម​រាប​ កាលពី​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៥​។

វត្តមាន​របស់​សម្តេច​តេជោ និង​មេដឹក​នាំគណ​បក្ស​សង្គ្រោះ​ជាតិ បាន​កើត​មាន​មុន​ពេល​វេលា​តែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ មុន​ការ​យាង​មក​ដល់​នៃ​ទេវតា​ឆ្នាំ​ថ្មី ដើម្បី​ប្ដូរ​វេន​ជាមួយ​ទេវតា​ឆ្នាំ​ចាស់។

សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ទៅ​កាន់ប្រជាពល​រដ្ឋ​ដ៏​ច្រើ​កុះ​ករ​នៅ​ក្នុង​ពិធី​បើក​ព្រឹត្តិ​ ការណ៍​​អង្គរ​សង្ក្រាន្ត​លើក​ទី​៣ ឆ្នាំ​២០១៥ ថា នេះ​គឺ​ឆ្នាំ​ដ៏​ពិសេស​ដែល​សម្តេច​សុខ​ចិត្ត​លុប​ចោល​​ដំណើរ​ទៅ​កាន់​ សាធារណរដ្ឋ​កូរ៉េ ដើម្បី​យក​ឱកាស​ចូល​រួម​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ប្រារព្ធ​ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​អបអរ​ឆ្នាំ​ថ្មី​វិញ។ សម្តេច​ បាន​បន្ថែម​ថា ពេល​នេះ​ប្រទេស​កម្ពុជាបាន​ដើរ​ដល់​ដំណាក់កាល​ថ្មី​មួយ​ទៀត ដោយសារ​មាន​វត្តមាន​របស់​ឯកឧត្តម​សម រង្ស៊ី និង​លោកជំ​ទាវ​ ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ។

សម្តេច​មាន​ប្រសាសន៍​បន្ត​ថា  នៅ​ថ្ងៃ​នេះ វប្បធម៌​សន្ទនា​មួយ​បាន​ចាប់​ផ្ដើម​នៅ​លើ​ទឹកដី​កម្ពុជា ជំនួស​ឱ្យ​ការ​ប្រទូសរ៉ាយ។ គ្មាន​ការ​ដោះស្រាយ​តាម​រយៈ​ជម្លោះ​ប្រដាប់​អាវុធ ឬ​ការ​ប្រទូស​រ៉ាយ​​នយោបាយ​ណា​មាន​លទ្ធផល​ល្អ​ជា​ជាង​ការ​សន្ទនា​គ្នា​ទេ។ ឥឡូវ​នេះ​​យើង​ត្រូវ​លើក​កម្ពស់​​ការ​សន្ទនា​រវាង​អ្នក​នយោបាយ៖ «វប្បធម៌​សន្ទនា​របស់​យើង​គោលដៅ​សំខាន់ ២​យ៉ាង ១​ពង្រឹង​សន្តិភាព​មួយ​ទៀត​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ចេះ​ធ្វើ​ការ​ ជាមួយ​គ្នា»។


ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​ ត្រូវ​បាន​រៀប​ចំ​ឡើង​ ដើម្បី​ចូល​រួម​អប​អរសាទរពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ និង​ផ្តល់​ភាព​សប្បាយ​រីក​រាយ​ជួប​ជុំ​គ្នា​ តាម​រយការ​បង្ហាញ​អំ​ពី​ល្បែង​ប្រជា​ប្រីយ៍​ របាំប្រពៃណី​ ទំ​នៀម​ទម្លាប់​នៃការ​រស់​នៅ​របស់​ប្រជាជន​ខ្មែរ សិល្បៈ និង​ទស្សនីយភាព​ផ្សេង​ៗ ដែល​​សម្តែង​ដោយ​យុវជន​ យុវនារី​ សិល្បករខ្មែរ រួម​ជា​មួយ​នឹង​ការ​បង្ហាញ​នូវកេរដំ​ណែល​​អរិយធម៌​ និង​ស្នាដៃ​នានារបស់​បុព្វ​បុរស​ខ្មែរដែល​បាន​បន្សល់​ទុក​តាំងពី​យូរលង់​មក​ នោះ មក​រំ​លេចឡើង​ជា​ផ្ទាំង​ទស្សនីយភាព​ថ្មី​ៗ និង​ប្លែក​អស្ចារ្យ​ ដើម្បី​បង្ហាញ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ បាន​​ចូល​រួម​ទស្សនាកំ​សាន្ត។

សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ថា សម្តេច​ សូម​ឆ្លៀត​ឱកាសនេះ​ នឹករលឹក​ឃើញ​​ដល់​គុណរបស់​បុព្វ​បុរសខ្មែរ ដែល​បាន​កសាង និងបន្សល់ទុកប្រាសាទ​ជាច្រើន គឺ​សម្តេច​ បញ្ជាក់​ថា « ផឹក​ទឹក​ ត្រូវ​នឹក​ដល់​ប្រភព​ទឹក​» ហើយថា ​ព្រឹត្តិការណ៍​អង្គ​រសង្ក្រាន្ត​ គឺ​ជា​ឱកាស​ដ៏​ប្រពៃ​នៃ​ការ​ជួប​ជុំ​មហាគ្រួសារខ្មែរទាំង​ផ្នែក​វប្បធម៌ និង​នយោបាយ ឆ្លុះ​បញ្ចាំង​អំពី​ឯកភាព​​ជាតិ​ សាមគ្គី​ភាព​  និង​ក៏​ជា​ការ​បង្ហាញ​អំ​ពី « ​ជំ​នួប​រវាង​វប្បធម៌​អរូបី ជួប​ជា​មួយ​វប្ប​ធម៌​រូបី​» ។​ ក្នុង​ន័យ​ថា ពេជ្រដែល​មិន​ទាន់​បាន​ច្នៃ ត្រូវ​បាន​កែ​ច្នៃដោយ​ក្រុម​យុវជន តាម​រយៈការ​រៀប​ចំ​របាំប្រពៃណី​ ល្បែង​កំ​សាន្តនានានៅ​លើ​ទី​តាំង​រូប​បី​ គឺ​ទឹក​ដី​អង្គវត្តដ៏​បវរនៃ​យើង ។ សម្តេច​​បន្ថែម​ថា ​ការ​រៀប​ចំ​កម្មវិធី​អង្គរសង្ក្រាន្តនេះ គឺបាន​ធ្វើ​ឲ្យ​អង្គរ ដែល​ជា​សម្បត្តិ​បេតិក​ភណ្ឌ​​ពិភព​លោក កាន់​តែល្បីរន្ទឺ​បន្ថែម​ទៀត​លើ​ឆាក​អន្តរជាតិ​។

បន្ទាប់​ពី​ប្រកាសបើកកម្មវិធី​អង្គរ​សង្ក្រាន្តរួម​មក​ សម្តេចតេជោនាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល និង​ឯកឧត្តម​ សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ ចូល​រួម​អម​ដំ​ណើរដោយ​ភរិយានៃ​មេដឹក​នាំ​ និង​មន្ត្រី​ជាន់​ខ្ពស់​ជាច្រើន​រូប​ បានដើរ​ទស្សនា​ទិដ្ឋភាព​ប្លែកៗ​ជា​ច្រើន​កន្លែង​ជាមួយ​គ្នា ប្រកប​ដោយ​បរិយាកាសរីក​រាយ ​ល្អូក​ល្អឺន និង​ស្និទ្ធ​ស្នាល​ ​​៕





No comments:

Post a Comment