Wednesday, April 15, 2015

នំអន្សម​យក្ស​របស់​​កម្ពុជា ដែល​​មាន​​ទម្ងន់​​ជាង​​៤តោន បាន​ជាប់​ក្នុង​កំណត់​ត្រា​​ពិភព​​លោក​​ហើយ



នំអន្សមយក្សរបស់ខ្មែរដែល​មាន​ទម្ងន់​ដល់​ទៅ​ប្រមាណ​៤,០៤០តោន ក្រោយ​ពី​ចម្អិន​អស់​រយៈ​ពេល​៤៥ម៉ោង នៅ​ពេល​នេះត្រូវបានចៅ​ក្រម​អន្តរជាតិ​ សម្រេច​ដាក់​បញ្ចូលទៅ​ក្នុង​កំណត់​ត្រា​ពិភពលោក «Guinness World Records» ដោយ​ជោគ​ជ័យ​ហើយ ​នារសៀល​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៥​នេះ ដែលជាប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់កម្ពុជា ។

លោកស្រី Seyda Subasi Gemici តំណាងស្ថាប័ន Guinness World Records បាន​អញ្ជើញ​មកដល់​កម្ពុជា​ដោយ​ផ្ទាល់ និង​បាន​ប្រកាសដាក់បញ្ចូលនំ​អន្សម​ខ្មែរ ក្នុងកំណត់ត្រាពិភព​លោ​ក បន្ទាប់ពីបានវាយតម្លៃយ៉ាងល្អិតល្អន់ ពាក់ព័ន្ធទៅនឹងទម្ងន់ រសជាតិនំ ជាមួយនឹង​គ្រឿងផ្សំ ព្រមទាំងគុណភាពនំផងដែរ។  លោកស្រី Seyda Subasi Gemici បានវាយ​តម្លៃ​ថា នំអន្សម​របស់កម្ពុជា មានទម្ងន់ធ្ងន់ជាងគេបំ​ផុតលើពិភពលោក និង​បាន​ប្រគល់​វិញ្ញាបនប័ត្រ Guinness World Records ជូន​ចំពោះ ឯកឧត្តមអភិបាល នៃ​គណៈអភិបាល​ខេត្តសៀម​រាប និង​គណៈគ្រប់​គ្រង​កម្មវិធី ​ ដឹក​នាំ​ដោយ​ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជ​ន​​កម្ពុជា និង​វត្តមាន​ នៃក្រុម​ការងារ​រៀប​ចំ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​ជា​ច្រើន​​រូបចូល​រួម ​ផង​ដែរ​។
ពិធី​ដ៏ឧឡារិក​នេះ បាន​ធ្វើ​ឡើង​មុន​មួយ​ថ្ងៃ​ ដែល​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​សម្តេច​កត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​ជាច្រើន​រូប ដែល​នឹង​អញ្ជើញ​ចូល​រួម​ជា​អធិបតី​ ជា​កិត្តិយស នៃ​ការ​បើក​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​ឆ្នាំ​២០១៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១៤ ដល់បញ្ចប់​នៅ​ថ្ងៃទី​១៦ ខែ​មេសា ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ។

ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​ឆ្នាំ​២០១៥​នេះ​ ក៏​មាន​វត្តមាន​ចូល​រួមផង​ដែរ​ពី​ឯកឧត្តម​ សម រង្ស៊ី និង​លោក​ជំ​ទាវ ជូឡុង សូម៉ូ​រ៉ា តប​តាម​ការ​អញ្ជើញ​របស់​ ឯកឧត្តម ហ៊ុន ម៉ា​នី​ អ្នក​តំ​ណាង​រាស្ត្រ​គណបក្ស​​ប្រជា​ជន​កម្ពុជា និង​ជាប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។

នំអន្សមយក្សនេះ​ ត្រូវ​បាន​វេចខ្ចប់ដោយ​ស្លឹក​ចេក​ទម្ងន់៣៣៣គី​ឡូក្រាម និ​ងខ្សែចេក​ទម្ងន់​៣៧៥​គីឡូក្រាម​ ដោយ​មាន​គ្រឿង​ផ្សំ​អង្ករដំ​ណើប១,០០០គីឡូក្រាម​ ខ្ទិះដូង​៤៩៩គីឡូក្រាម​ អំ​បិល​​​១៥គីឡូក្រាម  សណ្តែក​បាយ៤៩៩គីឡូក្រាម​ សាច់​ជ្រូក​បី​ជាន់​៥០៧គីឡូក្រាម​ ស្ករ៤​គីឡូ​ក្រាម​ ម្រេចកំ​ពត៣គីឡូក្រាម​ ខ្ទឹម​ចិញ្ច្រាំ១០គីឡូក្រាម​ និង​ស្លឹក​ខ្ទឹម​ចិញ្ច្រាំ១៦គីឡូក្រាម​។ នំ​អន្សម​យក្ស​នេះ​ ត្រូវ​បាន​ចម្អិន​តាម​លក្ខណៈបច្ចេក​ទេស​ត្រឹម​ត្រូវ​ និង​មាន​រសជាតិ​ទាក់​ទាញ​ ជា​ពិសេស នំ​អន្សម​នេះ​ត្រូវ​បាន​ចម្អិន​ឡើង​ដោយ​ក្រុម​ចុង​ភៅ​ខ្មែរ និង​កូន​កាំ​បិត​ចំ​នួន​១០០​នាក់​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ចេញ​​ផ្សាយ​បន្ទាប់​ពី​នំ​អន្សម​យក្ស​ខ្មែរត្រូវ​បាន​បញ្ចូល​ក្នុង​កំ​ ណត់​ត្រាពិភព​លោក​ Guinness World Records។
សេចក្តី​ប្រកាសព័ត៌មាន​របស់ ស.ស.យ.ក បាន​បន្ថែម​ថា លោក​ ចាន់​ សុភា តំ​ណាង​សមាគម​ចុង​ភៅកម្ពុជា បាន​និយាយ​ដោយ​ទឹក​មុខ​រីករាយ​ថា ក្នុង​នាម​ជា​តំ​ណាង​សមាគមចុង​ភៅ ក៏ដូច​ជាប្រជាជន​កម្ពុជានៅ​ទូ​ទាំង​ប្រទេស​ លោក​ពិត​ជា​មាន​មោទនភាព​ ដែល​ក្រុម​ការងារ​ទាំង​អស់​បាន​រួម​គ្នា​ធ្វើ​ឲ្យ​កម្ពុជា​បាន​លេចធ្លោនៅ​ ក្នុង​ពិភព​លោក​។

សូម​បញ្ជាក់​ផង​ដែរថា មុន​នឹងការប្រកាសដាក់នំអន្សមយក្ស ក្នុងកំណត់ត្រាពិភពលោកនោះ ក្បួនដង្ហែដ៏មហោឡារឹកមួយត្រូវបានធ្វើឡើងកណ្តាលក្រុងអង្គរ ដោយមានមហាជន​ចូលរួម និងអ្នកឈរអមសងខាងផ្លូវរាប់ម៉ឺននាក់ ហើយ​ដែល​ពិធី​ប្រគល់​វិញ្ញាបនបត្រ ចូល​ក្នុង​កំ​ណត់​ត្រាពិភព​លោក បាន​ធ្វើ​ឡើង​នៅទីលានជល់ដំរី ជា​ទីកន្លែងដែល នំអន្សមក្នុង​តម្កល់សម្រាប់​អប​អរសាទរព្រឹត្តិការណ៍​អង្គរ​ សង្រ្កាន្តតែម្តង។

ពិធីប្រគល់​វិញ្ញាបនបត្រដាក់បញ្ចូលនំ​អន្សមយក្សក្នុងកំ​ណត់​ត្រាពិភព​លោក គឺ​ជាលើក​ទី​មួយសម្រាប់​ប្រជាជន​កម្ពុជា និង​ប្រជាជន​នៅ​លើ​ពិភព​លោក ដែល​កំណត់ត្រាពិសេសនេះ មិន​ធ្លាប់​មាន​ពីមុនមកទេក្នុង​ប្រវត្តិសាស្ត្រ​ ​៕




No comments:

Post a Comment