Wednesday, April 15, 2015

សម្តេច​​តេជោ ហ៊ុន សែន ចាត់​ទុក​​​ការដុត​​ខ្លោងទ្វា​រអង្គរ​សង្រ្កាន្ត​ជាសកម្មភាព​ជ្រុល​​និយម​ ​ និង​បញ្ជាឲ្យ​​អាជ្ញា​ធរមាន​​សមត្ថ​កិច្ច​ស្វែង​​រក​ចាប់​​ខ្លួន​ជន​​ប្រព្រឹត្ត​ល្មើស



 

សម្តេច​តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​ឆ្នាំ​២០១៥ ព្រឹកថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៥​  ដោយ​បញ្ជាឲ្យ​អាជ្ញាធរមាន​សមត្ថកិច្ច​ស្វែង​រក​ចាប់​​ខ្លួន​ជន​ ប្រព្រឹត្តល្មើសដែល​បាន​លួចដុត​​ខ្លោងទ្វារអង្គរសង្រ្កាន្តយក​មក​អប់​រំ​ និងបាន​ចាត់​ទុក ទង្វើ​នោះ​ថា ជាសកម្មភាពជ្រុល​និយម និង​ខុសច្បាប់​​​។

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ សម្តេច​តេជោ បាន​​បន្ត​ថា អាជ្ញាធរ​ត្រូវ​តែ​រក​មុខ​អ្នក​លួច​ដុត​ឲ្យ​បាន និងយក​មក​​អប់រំថា ​នេះ​ជា​អំពើ​ខុស​ច្បាប់ បើ​ទោះ​អ្នក​លួច​ដុត​ទាំងនោះ​មក​ពី​គណបក្ស​ណា​ក៏​ដោយ​។​​ សម្តេច​​ បន្ថែម​ថា ​រូបលោក និង​ឯកឧត្តម​ សម រង្ស៊ី នឹង​ធ្វើ​ការ​ងារ​នេះ​ជាមួយ​គ្នា ដើម្បី​លុប​បំបាត់​ភាព​​ជ្រុល​និយមរបស់​ក្រុម​ណាមួយ។ សម្តេច​បញ្ជាក់​ថា តួនាទី​របស់​ឯកឧត្តម សម រង្ស៊ី និង​សម្តេចត្រូវ​ខំ​ធ្វើ​យ៉ាង​ម៉េច ដើម្បី​ឲ្យ​យុវជន​និយម​កណ្តាល ចៀសវាង​ភាព​ជ្រុល​និយម​ និង​ការ​រើសអើង​ជាតិ​សាសន៍​ហួសហេតុ​។ ជាមួយ​គ្នា​នេះ សម្តេច​តេជោនាយករដ្ឋមន្រ្តី​ក៏បាន​អំពាវនាវផង​ដែរ « សូម​កុំ​ឲ្យប្រជាពលរដ្ឋ​​​ចាត់ទុក​ពណ៌ណាមួយ​ជា​របស់យួន​ និង​លាប​ពណ៌​ដាក់គ្នា ដែល​នាំ​ឲ្យ​មាន​ការ​ស្អប់ខ្ពើមគ្នា» ។ សម្តេច​នាយករដ្ឋមន្រ្តី​ បន្ត​ថា ​ការ​រចនាខ្លោង​ទ្វារ​នេះ គឺ​ជា​ការ​ខិតខំ​រក​ប្រភពដើម​របស់​ខ្មែរ បូក​ផ្សំ​នឹង​ការ​ច្នៃប្រឌិត​។ ប៉ុន្តែ ទោះ​យ៉ាង​ណា​ សម្តេច​តេជោ បាន​អំ​ពាវ​នាវ​ដល់យុវជន​ត្រូវ​តែ​ទទួល​យក​នូវ​មតិរិះគន់​ទាំង​អស់​ យក​ទៅ​ពិគ្រោះ​យោបល់​ជា​មួយ​អ្នក​ជំ​នាញ បើ​មាន​ការ​ខ្វះ​ចន្លោះ​ត្រូវ​បំ​ពេញ​បន្ថែម ប៉ុន្តែ បើ​បាន​ល្អ​ ត្រឹម​ត្រូវ​ហើយ​ គឺ​ជា​រឿង​មួយ​ដ៏​ប្រសើរខ្លាំង​ណាស់ ដែល​មិន​គួរ​ត្រូវ​បាន​ មាន​ក្រុម​ជ្រុល​និយមបង្ក​បញ្ហា​នោះ​ទេ​។

សូម​បញ្ជាក់​ថា ក្រោយ​ពី​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្តចាស់ដែល​រង​ការរិះគន់​ពី​ក្រុម​ជ្រុល​ និយម​មួយ​ចំ​នួន​តាម​ប្រព័ន្ធ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុកថា​ ជាធ្វើ​ឡើង​តាម​រចនបទ​វៀតណាម និង​ចិនមក​នោះ ​ត្រូវ​បានជនល្មើសលួច​ដុតកាលពីថ្ងៃ​ទី​០៧ខែ​មេសា​ ឆ្នាំ​២០១៥ ក្នុង​ដំ​ណាក់​កាល​ដែល​ខ្លោង​ទ្វារនោះ ត្រូវ​បាន​មន្ត្រី​រៀប​ចំ​កម្ម​វិធី​អង្គរសង្ក្រាន្ត​ ដឹក​នាំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បញ្ជាក់​ថា កំ​ពុង​សាង​សង់​មិន​ទាន់​រួចរាល់​នៅ​ឡើយ។ ប៉ុន្តែ បន្ទាប់​ពី​ត្រូវ​បាន​ជន​ជ្រុល​និយម​លួចដុត​បំ​ផ្លាញ​ ​ ​ខ្លោង​ទ្វារមួយ​នេះ​ក៏​បាន​ជុសជុល ​កែសម្រួល​ឡើងវិញ៕

No comments:

Post a Comment