Wednesday, April 15, 2015

សម្តេច​​តេជោ ហ៊ុន សែន​ ចង់​ឲ្យ​​មហាជន​​ឈប់​​ហៅ​​បក្ស​​សង្គ្រោះ​​ជាតិ ថា បក្ស​​ប្រឆាំង​ទៀត​




សម្តេច​តេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ បាន​ថ្លែង​ថា យើង​គួរឈប់​ហៅ​គណបក្ស​របស់​ឯកឧត្តម សម រង្ស៊ី ​ថា ​គណ​បក្សប្រឆាំង​តទៅ​ទៀត គួរ​តែ​ហៅ​ថា បក្ស​ក្នុង​រដ្ឋាភិបាល សំ​ដៅ​លើ​គណបក្សប្រជាជន​កម្ពុជា​ និង​​ហៅ​គណបក្ស​សង្គ្រោះ​ជាតិ​ ថាបក្ស​ក្រៅ​រដ្ឋាភិបាល​វិញ​។
សម្តេច​តេជោ មាន​ប្រសាសន៍​បែប​នេះ​ ក្នុង​ពេល​អញ្ជើញ​ជា​អធិបតី​ បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្តនៅ​ខេត្ត​សៀម​រាប ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៥​ ខណៈឯកឧត្តម សម រង្ស៊ី និង​លោក​ជំ​ទាវ​កំ​ពុង​មាន​វត្តមាននៅ​ក្នុង​នោះ​ អង្គុយ​ចំ​ពី​ក្រោយ​ខ្នង​សម្តេច​តេជោ ហ៊ុន សែន​។
ជា​មួយ​គ្នា​នេះ​ដែរ សម្តេច​តេជោ ​បាន​បន្ថែម​ថា  សម្តេចតេជោ ក៏​ចង់​ឲ្យ​កូន​ៗរបស់​ឯកឧត្តម សម រង្ស៊ី មាន​ការ​ជួប​ជុំ​គ្នា​ញ៉ាំ​បាយ​ជាមួយ​កូន​ៗរបស់​សម្តេច ដែល​សម្តេច ​ចាត់​ទុក​ថា ការ​រៀប​ចំ​ឲ្យ​មាន​ការ​ជួប​ជុំ​គ្នា​ក្នុង​កម្ម​វិធី​បែប​នេះ គឺ​ជា​ការ​បណ្តុះកូន​ៗ​ឲ្យ​ចេះ​ធ្វើ​ការ​ជា​មួយ​គ្នា​។
សម្តេចតេជោ ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ ដោយ​សម្តេច​ចង់​ឲ្យ​មាន​វប្បធម៌សន្ទនានេះ រីក​ទៅ​ដល់​មូលដ្ឋាន​ ។ សម្តេចតេជោ​ បញ្ជាក់​​ថា ទោះ​ជា​អ្នក​ស្រឡាញ់គណបក្សណា​មួយ​ក៏​ដោយ វាជា​សិទ្ធិ​រៀង​ៗខ្លួន​ ប៉ុន្តែ សម្តេច​ មិន​ចង់​ឃើញ​ ប្រជាពលរដ្ឋ​នៅ​ចុង​ភូមិ​បក្ស​ផ្សេង នៅ​កណ្តាល​ភូមិ​បក្ស​ផ្សេង​នោះ​ទេ គឺ​ត្រូវ​តែបញ្ចប់ កុំ​មាន​ដាច់​ខាត​នូវ​វប្បធម៌​នេះ​។
ទន្ទឹម​នឹង​ការ​ថ្លែង​កោត​សរសើរចំ​ពោះ​ការ​រៀប​ចំ​ព្រឹត្តិការណ៍​អង្គ​ រសង្ក្រាន្ត​​ ថាជា​ជោគ​ជ័យ​ដ៏​ធំ​ធេង​ កើត​ចេញ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រុម​យុវជន​ និងសរសើរដល់​យុវជន​ស្ម័គ្រចិត្តប្រមាណ​២៩២៩​នាក់​ ដែល​បាន​លះ​បង់​ពេល​វេលា​របស់​ខ្លួន​ក្នុង​ការ​ចូល​រួម​រៀប​ចំព្រឹត្តិការណ៍ ​នេះ ថាបាន​ផ្តល់​ឱកាសឲ្យ​កម្ពុជា​បង្ហាញ​ខ្លួន​កាន់​តែ​ល្បី​រន្ទឺលើឆាក​ អន្តរជាតិ​ និង​ថា​ ជា​ព្រះ​រាជាណា​ចក្រសំ​បូរ​ដោយ​វប្បធម៌  ជា​ពិសេសជោគ​ជ័យ​ ដែល​នំ​អន្សម​យក្ស​របស់​កម្ពុជា​បាន​បំ​បែក​​ក្នុង​កំ​ណត់​ត្រា ឯកទគ្គ​​កម្ម​ពិភព​លោក  និង​ការ​រាំ​ចង្វាក់​ម៉ា​ឌី​ហ្សូន បំ​បែក​ឯកទគ្គកម្ម​ពិភព​លោក​ដែរ​នោះ​  សម្តេច​តេជោ​​ក៏​បាន​ឆ្លៀត​យក​ឱកាសនេះ ផ្តល់​អនុសាសន៍​ដល់​យុវជន​ជំ​នាន់ក្រោយ​ ត្រូវ​តែ​ហ៊ាន​គិត​ ហ៊ាន​ធ្វើ​ និង​ហ៊ាន​ទទួល​ខុសត្រូវ​ ហើយ​និង​ហ៊ាន​ទទួល​យក​នូវ​ការ​រិះ​គន់​ទាំង​អស់​យក​ទៅ​ពិគ្រោះ​យោបល់ជា​មួយ​ អ្នក​ជំ​នាញ​ ដើម្បី​កែ​លម្អ​ ទើប​មាន​អនាគតរុង​រឿង ល្អ​ប្រសើរ ដោយ​មិន​ត្រូវ​ពួក​គេផ្តេក​ផ្តួល​តែ​លើ​ឳពុក​ម្តាយ​នោះ​ឡើយ​។
សម្តេច​តេជោ បញ្ជាក់​ថា តាម​រយៈព្រឹត្តិការណ៍​ដែល​រៀប​ចំ​ដោយ​ក្រុម​យុវជន​នេះ ​ក៏​ជា​វិធី​សាស្ត្រ​​ឲ្យ​យុវជន​ចេះ​ទទួលខុសត្រូវ​ និង​សម្រាប់​បន្ត​វេន​ដឹក​នាំ​ប្រទេស​ផង​ដែរ៕

No comments:

Post a Comment