Monday, April 06, 2015

ស្ពាន ស៊ូបាសា ដែលបានប្រកាស​ឲ្យប្រើប្រាស់​នៅថ្ងៃនេះ​ ត្រូវបានកំណត់​ថា​សមិទ្ធផល​ប្រវត្តិសាស្រ្ត​ដ៏ថ្មីសន្លាង​របស់កម្ពុជា

ប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ​ហ៊ុន សែន​ បានថ្លែង​នៅក្នុងពិធី​ សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ ស្ពានមិត្ត​ភាព​ កម្ពុជា​-ជប៉ុន​ ដែល​ប្រសិទ្ធនាម​ថា​ ស៊ូបាហ្សា ​នៅព្រឹក​ថ្ងៃទី៦​ ខែមេសា​ ឆ្នាំ២០១៥​នេះ​ ថា​ ជាសមិទ្ធផល​ប្រវត្តិសាស្រ្ត ​ដ៏ថ្មី​សន្លាង​នេះ ​នឹង​បញ្ចប់ទាំង​ស្រុង​នូវ​បញ្ហាកក​ស្ទះសាឡាង​អ្នក​លឿង​ ដែល​បន្លឺ​ចេញ​ពីមាត់​ពលរដ្ឋ​ខ្មែរ​ច្រើន​ទសវត្សរ៍​កន្លង​ទៅ ​ជាពិសេស​ពេលមាន​បុណ្យទាន​ធំៗ​ ចូលឆ្នាំ ​និងភ្ជុំបិណ្ឌ។
សម្តេចតេជោ ​បានមាន​ប្រសាសន៍បន្ត​ថា ​ស្ពាននេះ​ដែលបាន​ចំណាយ​ពេលសាង​សង់​អស់​រយៈជិត​ ៥ឆ្នាំ​ ហើយដាក់​ឲ្យប្រើប្រាស់​នៅមុនពេល​បុណ្យចូលឆ្នាំថ្មី ​ឈានមកដល់​តែមួយស​ប្តាហ៍នេះ នឹងក្លាយ​ជាសមិទ្ធផល​ដ៏ត្រកាល​សម្រាប់ចង​ភ្ជាប់ខេត្ត​កណ្តាល​ទៅខេត្តព្រៃ​វែង​ និងស្វាយរៀង​ ជាពិសេស​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង​ និង​ស្វាយរៀង ​អាច​ធ្វើដំណើរ​ទៅកាន់​ស្រុក​កំណើត​ជួប​ជុំអ្នកមាន​គុណ ​បងប្អូន​ញាតិមិត្ត ​ដោយចិត្ត​សប្បាយ​រីករាយ​។​ ពួកគេ​លែងមាន​អារម្មណ៍​មួរហ្មង​ធុញថប់ ​នៃការរង់ចាំ ​សាឡាង​អ្នកលឿង​ ដូចឆ្នាំ​កន្លងទៅ​ទៀត​ហើយ​។
សម្តេចនាយក​រដ្ឋមន្ត្រី​បានបន្ថែមថា ​សមិទ្ធិផល​កើតចេញពីតម្លៃ ​នៃសន្តិភាព​ «ស៊ូបាសា» ​មិនត្រឹម​តែជាសមិទ្ធផល​ប្រវត្តិសាស្រ្ត​នាំមកនូវភាព​រីករាយ​ ស្រស់ស្រាយ​សប្បាយចិត្ត ​បម្រើ​ប្រយោជន៍​សម្រាប់ប្រជា​ពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ​ទេ​ តែស្ពាន​ដ៏វែងនៅ​កម្ពុជាមួយ​ នេះ ​ក៏នឹងក្លាយ​ជាសរសៃ​ឈាម​សេដ្ឋកិច្ច ​ដ៏សំខាន់​មួយសម្រាប់​ប្រទេស​ជាសមាជិក​អាស៊ានផង​ដែរ។​ «ស៊ូបាសា» ដែលជាជំនួយ​ឥតសំណង​របស់រាជ​រដ្ឋាភិបាល​ជប៉ុន​ នឹងចូលរួមបម្រើ​ប្រយោជន៍​យ៉ាងសំខាន់​បម្រើដល់​វិស័យ​ទេសចរណ៍​ និងការដឹក​ជញ្ជូន​ពីប្រទេស​មួយទៅ​កាន់​ប្រទេស​មួយទៀត​ នៅក្នុង​តំបន់​អាស៊ាន។
ឯកឧត្តម​ ត្រាំ​ អ៊ីវតឹក​ រដ្ឋមន្ត្រី​ក្រសួងសាធារ​ណការ ​និងដឹកជញ្ជូន​ បានមាន​ប្រសាសន៍​ថា​ស្ពាននេះ​នឹង​ជួយសម្រួល​ ការកក​ស្ទះ​ចរាចរណ៍ ​ពិសេស​នៅ​រដូវ​បុណ្យ​ជាតិធំៗ ​ដូចជារដូវ​បុណ្យ​ភ្ជុំបិណ្ឌបុណ្យចូលឆ្នាំ ​ក៏ដូចជា​ថ្ងៃឈប់​សម្រាក​ដទៃទៀត​។​ ឯកឧត្តម​បន្តថា ​ស្ពាននេះ​នឹង​តភ្ជាប់​បណ្តាញ​ចរាចរណ៍​ដឹកជញ្ជូន​ដ៏សំខាន់​ រវាង​រាជធានី​ភ្នំពេញ​និង​ផ្នែក​ខាងលិច​ទន្លមេគង្គ​ ទៅនឹង​ផ្នែក​ខាងកើត​របស់កម្ពុជា ​ដែលរួម​មានខេត្ត​ព្រៃវែង​ ស្វាយរៀង​ជាដើម​។​ ឯកឧត្តម ​ត្រាំ ​អ៊ីវតឹក​ ឲ្យដឹងទៀតថា ​តំបន់ទាំង​នោះ​ជា​បណ្តាខេត្ត​ដែលមាន​សក្តានុពល​ ខាងកសិកម្ម​ដែល​ជាជង្រុក​ស្រូវមួយ ​កសិ​ឧស្សាហកម្ម ​និង​ទេសចរណ៍​ធម្មជាតិ​។
ឯកឧត្តម ​ត្រាំ​ អ៊ីវតឹក ​បាន​អំពាវនាវ​ឲ្យអ្នក​បើកបរ​ទាំងអស់ ​ទាំង​ម្ចាស់ក្រុមហ៊ុន ​ពិសេស​ក្រុម​ហ៊ុនដឹក​ជញ្ជូនទំនិញ ​និង​ក្រុមហ៊ុន​ដឹក​សម្ភារ​សំណង់ ​ដឹកដី ​និង​ដឹកខ្សាច់ ​ជាដើម​ កុំដឹក​ជញ្ជូន​លើសកម្រិត​ក្នុងច្បាប់ ​ដែលនាំ​ឲ្យខូចខាត​ស្ពាន ​និង​ការកកស្ទះ​ចរាចរណ៍​លើ​ស្ពាន។
គួរបញ្ជាក់​ឲ្យដឹងថា​ ការដ្ឋានសាង​សង់​ស្ពាន​អ្នកលឿង​នេះ ​ត្រូវបាន​ចាប់ផ្តើម​តាំង​ពីឆ្នាំ២០១១​ ហើយ​បញ្ចប់​រួចរាល់​នៅថ្ងៃទី១៥​ ខែមីនា ​ឆ្នាំ២០១៥​។​ ស្ពាន​អ្នកលឿង​ដែល​តភ្ជាប់​ ពីខេត្ត​កណ្តាល​ទៅខេត្ត​ព្រៃវែង ​មាន​ប្រវែងសរុប​ ២២២០ម៉ែត្រ ​និង​មាន​ទទឹងប្រវែង​ ១៣ ម៉ែត្រ ​ជាមួយ​នឹង​កម្ពស់​ស្ពាន​ ផុត​ពីផ្ទៃទឹក ​នៅ​រដូវវស្សា ​៣៧ម៉ែត្រកន្លះ ​។​ ស្ពាន​ អ្នកលឿង​តម្លៃ​ប្រមាណ​១២៧​លានដុល្លារ​ ដែល​ជាស្ពាន​បំពាក់ដោយ​ខ្សែកាបធំ​ជាង​គេនៅ​កម្ពុជា ​ត្រូវបាន​ដាក់ឲ្យប្រើ​ប្រាស់​ជាផ្លូវការ​នៅថ្ងៃទី០៦ ​ខែមេសានេះ​។
ស្ពានអ្នកលឿង​ត្រូវបាន ​រាជរដ្ឋាភិបាល​កម្ពុជា ​និង​ជប៉ុន​ បាន​សម្រេច​ប្រសិទ្ធ​នាម​ឲ្យឈ្មោះ​ថាជាស្ពាន​ ស៊ូបាសា ​។​ ស៊ូបាសា ​គឺ​ជាភាសា​ជប៉ុន​ ដែល​មានអត្ថន័យ​ថា​(សត្វបក្សី​ត្រដាង​ស្លាបហោះ)​។​ ការ​ឲ្យឈ្មោះ​បែបនេះ ​ដោយសារ​តែ​ស្ពាន​អ្នកលឿង​សាងសង់​បែប​ជា​ស្ពានយោល​ ដែល​មាន​ខ្សែកាប​សងខាង ​ពណ៌លឿង ​ដូចជាសត្វបក្សី ​កំពុងត្រដាង​ស្លាបហោះ ​
គួររំលឹកថា​ ស្ពាន «​ត្សឹបាសា» ដែលដាក់​សម្ពោធ​ឲ្យប្រើប្រាស់​ធ្វើឡើង ​នៅចំ​ឆ្នាំខួបទី៦០​ នៃទំនាក់​ទំនង​ការទូតកម្ពុជា​-ជប៉ុន​ ក៏​បាន​ បង្ហាញ​ឲ្យឃើញ​ពី​ទំនាក់​ទំនង​ដ៏​ស្និទ្ធស្នាល ​រវាង​រាជ​រដ្ឋាភិបាល​ជប៉ុន​ និង​រាជរដ្ឋាភិបាល​កម្ពុជា​។​ ក្នុង​ឱកាស​ចាក់បេតុង​ភ្ជាប់​ស្ពានកាល​ពី​ ខែមករា ​សម្តេច​តេជោ ​បាន​បញ្ជាក់ថា​ ស្ពាន​ «ស៊ូបាសា» ដែលមាន​ខ្សែកាប្លិ៍​យោងសងខាង​ ប្រៀប​ដូច​បក្សី​មួយគូ ​តំណាង​ឲ្យកម្ពុជា-​ជប៉ុន​ កាន់​ដៃ​គ្នាហោះលើ​វេហា ​ឈាន​ទៅរក​ចំណង​សាមគ្គីភាព​ដ៏ស្អិត​ល្មួត​ និង​កិច្ចសហប្រតិបត្តិការ​គ្រប់ជ្រុង​ជ្រោយ​ជាមួយគ្នា៕

អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment