Monday, April 06, 2015

ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​លើរ​មណី​ដ្ឋាន​បុរាណ​នៅ​កម្ពុជា​តាមរយៈ​បច្ចេក​វិទ្យា​ LiDAR

បទបង្ហាញ​អំពី​បច្ចេក​វិទ្យា​ LiDAR​ បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅសាល​សន្និ​សីទ​​អាជ្ញាធរជាតិ​អប្ស​រា​នាទី​ក្រុងសៀ​មរាប​ ខេត្តសៀ​មរាប នៅ​ព្រឹក​ថ្ងៃច័ន្ទទី ៦ ខែ​មេសា ឆ្នាំ ២០១៥នេះ ក្រោម​អធិ​បតី​ភាព​​ឯកឧត្តម ប៊ុន ណារិទ្ធ អគ្គនាយកអា​ជ្ញាធរជាតិ​អប្សរា។
នៅ​ក្នុង​ឱកាសនោះ​ឯកឧត្តម ប្រាក់ សុណ្ណា​រ៉ា អគ្គនាយក ​នៃ​ក្រសួង​វប្បធម៌​ និងវិចិត្រ​សិល្បៈ​តំណាង​​អោយ​លោកជំទាវ​ ភឿង សកុណា រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​មាន​ប្រសាសន៍​​លើក​ឡើង​ថា «  បទឧទ្ទេសនាម​ដែល​អ្នកជំនាញ​ខ្មែរ​ និងបរទេស​លើក​យក​មក​​​បង្ហាញ​នាថ្ងៃនេះ គឺជា​លទ្ធផល​ទទួលបានពីការ​សិក្សា​ស្រាវជ្រាវ​តាម​បែប​បច្ចេកវិទ្យា​ LiDAR លើ​​រមណីដ្ឋាន​បុរាណ​​នៅកម្ពុជា ដូចជា​ អង្គរ ភ្នំ​គូលែន កោះកេរ្តិ៍ នា​ឆ្នាំ ២០១២ កន្លង​មក និង​លទ្ធផល​ថ្មីៗ បំផុត​លើ​រមណី​ដ្ឋាន​ដ៏មាន​សក្តា​នុពល​មរតក​វប្បធម៌​ផ្សេងៗទៀត​ ដែល​ស្ថិត​​នៅ​ក្រោ​ម​ការ​គ្រប់​គ្រង​របស់​ក្រសួង​វប្បធម៌​ និងវិចិត្រសិល្បៈដូច​ជា​អតីត​រាជ​ធានី​លង្វែក ឧត្តុង​​-ភ្នំ ​ព្រះរាជទ្រព្យ​តំបន់​ប្រាសាទ​សំបូ​រ​ព្រៃ​គុក​តំបន់​ប្រាសាទ​បាកាណ​ (ព្រះខ័ន​កំពង់​ស្វាយ​) និង​តំបន់​​ប្រាសាទ​បន្ទាយ​ឆ្មារ។ ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​លើ​រមណី​ដ្ឋាន​នៅ​កម្ពុជា​តាម​រយៈ​បច្ចេក​ វិទ្យា​ LiDAR  មាន​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​ក្រុម​អ្នក​ជំនាញ​ខ្មែរ​ និង​បរទេស​ មាន​ជាអាទិ៍ មន្រ្តី​អាជ្ញាធរ​ជាតិ​អប្សរា និង​មន្រ្តី​របស់​ក្រសួង​វប្បធម៌​ និងវិចិត្រ​សិល្បៈ»​
ឯកឧត្តម ប៊ុន ណារិទ្ធ​ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​មាន​ប្រសាសន៍​នៅ​ក្នង​ឱកាស​​បើក​​ធ្វើបទ​បង្ហាញ​ផ្សព្វផ្សាយ​ស្តីពី​​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​នៅព្រះ​រាជាណា​ចក្រ​កម្ពុជា​តាម​រយៈ​បច្ចេក​វិទ្យា​LiDAR​ ​ថា​ ពិតណាស់ ដើម្បី​ឲ្យការ​អនុវត្ត​ការងារ​អភិរក្ស​ និង​អភិវឌ្ឍន៍​តំបន់​រមណីយ​ដ្ឋាន​អង្គរ ក៏ដូច​ជា​បុរាណ​ដ្ឋាន​នានា ដែល​ស្ថិត​ក្រោម​សមត្ថ​កិច្ច​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា ប្រកប​​ដោយ​​លក្ខណៈ​វិទ្យាសាស្ត្រ និង​ធានា​និរន្តរ​ភាព​ទៅ​បាន​ អាជ្ញាធរ​ជាតិ​អប្សរា តែង​​សហការ​ជា​មួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ជាតិ និង​អន្តរ​ជាតិ ដើម្បី​ធ្វើ​ការ​ស្រាវ​ជ្រាវ​ថ្មីៗ​បន្ថែម​ទៀត​។ ជាក់​​ស្តែង ក្នុង​ឆ្នាំ​២០១២ យើង​បាន​រួប​រួម​គ្នា​ជា​មួយ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ចំនួន​៨ ដើម្បី​ធ្វើប្រតិ​បត្តិ​ការ​មួយ​យ៉ាង​ធំ ដែល​មិន​ធ្លាប់​មាន​នៅ​អង្គរ និង​មាន​តំណាង​ប្រទេស​ចំនួន​៧ បាន​ចូល​រួម​ថវិកា ដើម្បី​នាំ​យក​បច្ចេក​វិទ្យា LiDAR មក​ប្រើ​ប្រាស់។ គម្រោង​នោះមាន​ឈ្មោះ​ថា KALC (Khmer Archaeology LiDAR Consortium) ហើយ​កម្ម​វិធី​នេះ​បាន​បញ្ចប់​ដោយ​ជោគជ័យ នៅ​តំបន់​អង្គរ​ធំ ភ្នំគូលែន និង​កោះកេរ្តិ៍។​
ឯកឧត្តម​បាន​បន្ថែម​ទៀត​ថា លើស​ពីនេះ​ទៀត វា​អាច​បង្ហាញ​ឲ្យ​យើង​ដឹង​អំពី​ទីតាំង​ភូមិសាស្ត្រ​អតីត​កាល ការ​តាំង​ទីលំ​នៅ​​របស់​មនុស្ស និង​ប្រព័ន្ធ​ផ្លូវទឹក​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​សម័យ​បុរាណ​ និង​ការ​ប្រែប្រួល​សណ្ឋាន​ដីភូគព្ភ​សាស្ត្រ។

 ឯកឧត្តម ក៏បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ដោយ​យល់​ឃើញ​ពី​អត្ថប្រយោជន៍​ដ៏​សំខាន់​នេះ​ហើយ​ ទើប​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​សាលា​បារាំង​ចុង​បូព៌ា (EFEO) ចាប់​ផ្តើម​គម្រោងទី២ ដែល​នឹង​អនុវត្ត​ពីឆ្នាំ២០១៥ ដល់​ឆ្នាំ២០២០ នៅ​តំបន់​ចំនួន​៥គឺ​ លង្វែក​ (ឧដុង្គ) សម្បូរ​ព្រៃ​គុក ព្រះខ័ន​កំពង់​ស្វាយ​ ភ្នំ​គូ​លែន និង​បន្ទាយ​ឆ្មារ​បន្ថែម​ទៀត​។ ការងារ​នេះ នឹង​ជួយ​សម្រួល​ដល់​ការ​រៀប​ចំខ្លឹមសារ​ផ្នែក​បុរាណវិទ្យា ដើម្បី​ដាក់​បញ្ចូល​តំបន់​ទាំង​នោះ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក ដែល​ជាបំណង​ប្រាថ្នា​របស់​រាជ​រដ្ឋាភិបា​ល​កម្ពុជា​៕

No comments:

Post a Comment