Monday, April 06, 2015

បទ​វិចារណក​ថា ដោយ​៖ ​លី​ គាំ, ​ តើ​អង្គការ​មិន​មែន​រដ្ឋាភិ​បាល ចង់​បង្កើត​សភា​ទី​៣​ឬ?​

នៅ​ពេល​​​ថ្មីៗនេះ ​​លោក ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈនឹង​ជម្រុញឲ្យមានច្បាប់​«មាគម និងអង្គការមិន​រដ្ឋាភិបាល» ដែលសេចក្តីព្រាងនោះបានធ្វើឡើងអស់រយៈពេលរាប់ឆ្នាំ​​មក​​ហើយ។​ សេច​ក្តី​ថ្លែង​នេះ​ បាន​ធ្វើឲ្យ​អង្គការ​មិន​រដ្ឋាភិបាល (NGOs) មួយចំនួនកើតទុក្ខមិនសុខចិត្ត  
តាមរយៈ​​​​របាយការណ៍​ពី​ក្រសួង​មហាផ្ទៃ​​​​បាន​ឲ្យ​ដឹង​ថា អង្គការ​ក្រៅរដ្ឋាភិបាល​ទាំងក្នុងស្រុក​​​ និងក្រៅ​ស្រុក​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ កន្លង​មក មានប្រមាណ​​​ជិតបួនពាន់ប្រាំរយអង្គការ។
          អង្គការខ្លះ​​បាន​ជំនួយ​តិច​តួច​ អង្គការ​ខ្លះ​បាន​ជំនួយ​ច្រើន ​​ អង្គការ​ខ្លះបាន​ជំនួយ​ផ្ទាល់ពី​រដ្ឋាភិបាល​​​​​បរទេស ដូច​ជា​រដ្ឋាភិបាលសហរដ្ឋអាមេរិកជា​ដើម។
          ដោយ​មានអង្គការក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ទទួលលក្ខ័ណ្ឌច្បាស់​លាស់​ពីម្ចាស់​ជំនួយ ក្នុង​នោះ​មាន​កម្ម​វិ​ធី​ត្រួត​ពិនិត្យ​មើល​ដំណើរ​ការ​បោះឆ្នោត​ វាយតម្លៃ​ដំណើការ​បោះឆ្នោត​ វាយ​តម្លៃ​សកម្មភាព​បោះ​ឆ្នោត វាយ​តម្លៃតម្លាភាព​របស់រាជរដ្ឋាភិបាល និងរដ្ឋសភា វាយតម្លៃឯករាជ្យភាពតុលាការ។ល។ ប៉ុន្តែ​ពុំ​មាន​លក្ខ័ណ្ឌ​វាយតម្លៃលើ​ការ​របស់​ខ្លួន លាត​ត្រ​ដាង​ជា​សាធា​រណៈ​ឡើយ។
          យើង​និយាយ​នេះ​ដោយ​សំអាង​ថា ប្រជាពលរដ្ឋ​ខ្មែរ អ្នក​ដែល​ចេះ​ពិចារណា អ្នកនយោបាយ​​​ អ្នក​វិភាគនយោបាយ គេមើល​ឃើញ​រឿង​នេះ​យ៉ាង​ច្បាស់ តាមរយៈរបាយការណ៍ របស់​ក្រុម​នេះ តាមរយៈអ្នកតំណាងដែលមានវោហា​ស័ព្ទ​ជាង​គេ តែងតែលើកជារឿយៗថា រដ្ឋា​ភិបាល​ធ្វើខុស​យ៉ាង​នេះ រដ្ឋាភិបាល​ធ្វើ​ខុស​យ៉ាង​នោះ ឬ​មិន​ដើរ​តាម​គន្លងលិទ្ធិ​ប្រជាធិបតេយ្យ បាន​ដាក់​​សម្ពាធលើ​​ប្រព័ន្ធ​តុលាការ។ល។
          ថ្មីៗនេះ​ ពួក​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ​បានរិះគន់​គណបក្ស​ប្រឆាំង គឺ​​​​គណបក្សសង្រ្គោះ​ជាតិ  ថា​គ្មាន​ជំហរ​មុះមុត ដោយ​អនុញ្ញត​ឲ្យគណបក្សប្រជាជនកម្ពុជា ​​ដែល​​ជាគណបក្សកាន់អំណាច (ដែល​ប្រជាពលរដ្ឋ​បាន​ប្រគល់​សេចក្តី​ទុក​ចិត្ត ប្រគល់​អាណត្តិទីប្រាំដើម្បីដឹកនាំប្រទេស​​ជាតិ​បន្ត)​ អូស​ច្រមុះ​ទៅ​លិច ទៅកើត តាម​តែចិត្ត។
ដំ​បូង​ពួកក្រុមនេះនាំគ្នាអបអរសាទរ​បក្ស​ប្រឆាំង ដែល​បាន​បញ្ចប់នូវ​ពហិការ​របស់​ខ្លួន ធ្វើកិច្ច​ព្រមព្រៀង​គ្នាជាមួយគណបក្សប្រជាជន​កម្ពុជា កាលពីថ្ងៃទី២២ខែ​កក្កដាឆ្នាំ២០១៤ ដោយ​បានសម្រេចចិត្ត​​​ធ្វើច្បាប់មួយ​ចំនួយ​ មាន​ វិសោធនកម្មច្បាប់​បោះឆ្នោត​តំណាង​រាស្រ្ត ​ច្បាប់ការ​រៀប​ចំ​ និង​ដំណើរ​ការប្រ​ព្រឹត្ត​ទៅ ​​ និងតែងតាំងគណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត។ តែ​ក្រោយ​មក​ ក្រុមនេះបែរ​ជា​ភ្ញាក់ផ្អើល​ដូច​ធ្លាក់​ពី​លើ​ដើម​ឈើ​ ថាមិន​​គួរណា​ដែល​ពួកគេ​តាំងពី​ដើម​រៀង​មក​​​​ គាំ​ទ្របក្សប្រឆាំង​​​ ឲ្យប្រឆាំង​នឹងរាជរដ្ឋាភិបាល ​​ប៉ុន្តែពេល​​នេះ​បែរជាឯក​ភាព​ជា​មួយ​គណបក្ស​កាន់​អំណាច បាន​ឯកភាពនឹង​មាត្រា​មួយចំនួននៅក្នុងច្បាប់ ដកសិទ្ធិ​សេរីភាព​អង្គការ​ក្រៅរដ្ឋាភិបាល មិន​ឲ្យធ្វើសកម្មភាពក្តុងក្តាំងនៅកំឡុងពេលធ្វើយុទ្ធនាការបោះ​ឆ្នោត ដែល​ជា​តម្រុយ​មួយ ឲ្យ​ពួកគេបាត់បង់នូវលាភ​​សក្ការៈ បាត់​បង់នូវជំនួយដែល ញ៉ាំង​ដល់​ការ​កាត់​បន្ថយ ឬ​អាចឈានដល់​ការ​រំសាយបុគ្គលិករំលាយដល់អង្គការរបស់ខ្លួន​​ទាំង​ស្រុង ​ក៏អាច​ថា​បាន។ 
          ក្នុង​បរិការ​នេះ​យើង​សូម​ឆ្លៀត​ឱកាស​លើក​ពីការ​បង្កើត និង​បែប​បទនៃនីតិវិធី របស់អង្គការក្រៅរដ្ឋាភិបាល​នៅ​សហរដ្ឋអាមេរិក ដែល​ត្រូវឆ្លង​កាត់​ដំណើរ​ការជា​លំដាប់​លំ​ដោយ​មុន​នឹង​បង្កើត​អង្គការ​របស់​ខ្លួន ដូចជាត្រូវមាន​​អ្នកផ្តួចផ្តើម​បង្កើតអង្គការ​ ​អាចចាប់​ផ្តើម​ពី​មនុស្ស​៣​នាក់ ឬ៥នាក់​ឡើងទៅ ហើយត្រូវបញ្ជាក់ថា អង្គការ​ខ្លួន​នឹង​ផ្តល់​សេវា​ដោយ​មិន​យក​កំរៃ (Non Profit Organization)។ បើជាសមាគមត្រឹមត្រូវ​​​​​​មាន​​​សមាជិក មានលក្ខន្តិកៈ ស្តីពីការគ្រប់គ្រង​​សមាជិក និងអង្គការ។ ត្រូវរៀបចំឯកសារតាមបែប​​បទតម្រូវ​របស់រដ្ឋ ដែលហៅ (Articles of Incorporation) ដើម្បី​បញ្ជាក់​ប្រាប់​អាជ្ញាធរ​របស់រដ្ឋថា ខ្លួនជាអង្គការមិន​យកផល​ចំណេញ មិនធ្វើនយោបាយ គឺ​ដើម្បី​ផ្តល់​សេវាកម្ម​បែប​មនុស្សធម៌​សុទ្ធសាធ។ លើស​ពីនេះ ក្រុមនេះត្រូវ​បញ្ជាក់ថា ក្រុម​ខ្លួននឹងស្វែងរកមូលនិធិបែបណា រៃអង្គាសលុយពីសមាជិក ឬស្វែង​រក​ថវិកាពីមូលនិធិនានា ឬ​ពី​ជំនួយរបស់រដ្ឋាភិបាលជាដើម។ ជារៀង​​រាល់ឆ្នាំ​អង្គការ​នេះ​ត្រូវ​ធ្វើ​របាយការណ៍​ជូន​ម្ចាស់ជំនួយ ពីសកម្មភាព​​​របស់​ខ្លួន។ នេះជាតម្រូវ​ការ​អប្បបរមាប៉ុណ្ណោះ រីឯរបាយការណ៍​ជា​អតិបរិមាវិញគឺសំដៅត្រង់​​ថា អង្គការ​​នេះអាច​ធ្វើ​អ្វី​ខុស​នឺង​លក្ខន្តិកៈ​ ដែល​អាច​នឹង​ឈាន​ដល់​ការផ្តន្ទា​ទោស​តាម​ច្បាប់។
          ឥឡូវ​នេះយើង​សូម​បង្វែរ​មក​មើល​សភាពការណ៍​ជាក់​ស្តែងនៅកម្ពុជា​ម្តង ដើម្បីបាន​ឱកាស​​​​​ប្រៀបធៀប​រវាង​អង្គការមិន​មែន​រដ្ឋាភិបាល​នៅសហរដ្ឋអាមេរិក ​​និង​អង្គការ​នៅ​កម្ពុជា
          សហរដ្ឋអាមេរិក ជា​ប្រទេស​មហាអំណាច​នៅលើ​ពិភពលោក  ដែល​ជា​ប្រទេសអ្នកដឹកនាំ ឈាន​មុខ​ខាង​លិទ្ធិប្រជាធិបតេយ្យ គេ​បាន​អ​នុវត្ត​ន៍យ៉ាង​ស្រួច​ស្រាវ នូវ​ច្បាប់​ «សមាគម និង​អង្គការមិន​មែន​រដ្ឋាភិបាល» របស់​គេ តែ​នៅកម្ពុជា​វិញ ពួក​អង្គការ​មិន​មែន​រដ្ឋាភិបាល រស់​នៅ​​ និង​ប្រ​កប​​ការងារ​របស់ខ្លួន  ហាក់​ដូចជា​នៅឋានសួគ៌ ពោលគឺ​ស៊ី​ស្រួល ដេក​ស្រួល ធ្វើម្មភាព​បែប​អាណាធិបតេយ្យ ចង់​ស្តី​បន្ទោសន​ណា​ក៏​បាន ចង់​ស្តី​បន្ទោស លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន ក៏បាន ចង់​ស្តី​បន្ទោស​គណបក្សប្រជាជន​កម្ពុជា​ក៏​បាន ចង់ស្តីបន្ទោសគណបក្សសង្រ្គោះ​​ជាតិ ​​​​​​​ក៏បាន ចង់ស្តីបន្ទោសសភា​ក៏​បាន រហូតដល់​ហ៊ានរិះគន់​​​​ព្រះមហាក្សត្រ ទៅ​ទៀត។
          អ្នក​វិភាគ​នយោបាយ​មួយ​ចំនួន គេនៅ​តែ​ចោទសួរថា ប្រហែលជាពួក​ក្រុម​អង្គការ​មិន​មែន​​រដ្ឋា​ភិ​បាល រាប់ពាន់​ក្រុម​ទាំង​នេះ ចង់​បង្កើត​សភាទី៣ ដែលអាចមានឈ្មោះថា សភា​អង្គការ​មិន​មែន​​រដ្ឋា​ភិបាល​ទេដឹង? គេ​ចោទ​សួរ​ទៀត​ថា តើ​រាជរដ្ឋាភិ​បាល​ចាំ​អង្កាល​ទៀត​ ទើប​ដើរ​តាម​លំអាន​ស្រុក​គេ  រៀបចំ​ច្បាប់មួ​យ​ដើម្បី​ឲ្យ​អង្គការមិន​មែន​រដ្ឋាភិបាល មាន​ច្បាប់​ទម្លាប់​ក្នុង​ស្រុក​​​?   

          គេអាច​ឆ្លើយ​នឹងសំ​ណួរ​នេះបាន គឺ​គេត្រូវរង់ចាំ ការ​ប្តេជ្ញារបស់ ​លោក  ហ៊ុន  សែន ដែល​ថា ច្បាប់ «សមាគម និងអង្គការមិន​មែន​រដ្ឋាភិបាល (Law on Associations and NGOs)  គឺ​ត្រូវ​​តែ​ចាប់​បដិសន្ធិ​ យ៉ាង​យូរ ​នៅខែមិថុនា​ខាង​មុខ ដើម្បី​ផ្តល់​ជាមាគ៌ា​ «ផ្លូវដើរ» សម្រាប់ពួកគេដើរ៕

No comments:

Post a Comment