Tuesday, April 07, 2015

ខ្លោងទ្វារអង្គរសង្ក្រាន្ត ត្រូវបានមន្ត្រីរៀបចំពិធីអះអាងថាជារចនាបទខ្មែរ

មន្ដ្រី​រៀបចំ​ព្រឹត្ដិការណ៍​អង្គ​រ​សង្ក្រាន្ដឆ្នាំ​២០១៥​  និង​ជា​អ្នក​នាំ​ពាក្យនៃ​កម្មវិធី​នោះ លោក សោម រតនា ​បាន​បញ្ជាក់​ថា រចនាបទខ្លោងទ្វារ​អង្គរ​សង្ក្រាន្ដ សម្រាប់​អប​អរ​ឆ្នាំ​ថ្មី​ប្រពៃ​ណីខ្មែរ​នៅ​តំបន់​អង្គរ​នោះ មិនមាន​អ្វី​ប្រាសចាក​ពី​រចនាបថ​របស់​ខ្មែរ​នោះ​ទេ​ ។​
​ការលើកឡើង​នេះ គឺ​បន្ទាប់ពី​មាន​ការរិះគន់​ពីក្រុម​ប្រឆាំងដែល​ប្រើ​ប្រាស់​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម​ ហ្វេសប៊ុក មួយ​ចំ​នួន​ ជក់​ខ្យល់​នឹង​ការ​រិះ​គន់ វាយ​ប្រហារ​ ខំបង្កើនយុទ្ធនាការ​ប្រឆាំង បើ​ទោះ​ជាការ​រៀប​ចំ​បែប​ណា​ក៏​ខុសចិត្ត​ពួក​គេដែរ​នោះ ក្នុង​ន័យ​ថា ជំ​ទាស់​គ្រប់​ជំ​ហ៊ាន​ ប៉ុន្តែ ការ​ចូល​រួម​ដោយ​ស្មោះ​ស និង​លើក​ស្ទួយ​តម្លៃ​វប្បធម៌​ជាតិ​ខ្មែរមិន​មាន​ឡើយ។
ក្រុម​អ្នក​រិះ​គន់​ទាំង​នោះ ​នៅលើ​ទំ​ព័របណ្ដាញ​សង្គម​ហ្វេ​សប៊ុក និង​អ្នក​ខ្លះ​បញ្ចេញ​នូវ​កាយ​វិការ​ដូច​ជា​ខឹង​សម្បារហួសហេតុជា​មួយ​អ្នក​រៀប​ចំ​កម្មវិធីដោយ​ចោទ​ប្រកាន់​ថា​ ខ្លោងទ្វារ​នោះជា​រចនាបថ​វៀតណាម និង​ចិន​ ទៅ​វិញ​។
តើ​ខ្មែរណា​ដែល​មិន​ស្រឡាញ់ និង​លើក​ស្ទួយ​តម្លៃ​ខ្មែរ ឬ​មួយ​ក៏​គិត​ថា ឲ្យ​តែ​អ្នក​រៀប​ចំ​កម្ម​វិធី​ ដែល​មិន​មែន​ជា​ក្រុម​គាំ​ទ្រនយោបាយបក្ស​ខ្លួន គឺ​ត្រូវ​តែ​ប្រឆាំង​ និង​ជំ​ទាស់​លើគ្រប់​បញ្ហា​?
​អ្នកនាំពាក្យ​នៃ​​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ដ លោក សោម រតនា បាន​ថ្លែង​ថា ក្បាច់​រចនា ដែល​ធ្វើឡើង​នៅ​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ដ ដូចជា​រាជរថ ឬ​ដង​ស្នារ និងក្បាច់រចនា​ផ្សេៗ​​ទៀត  គឺ​ធ្វើឡើង​ស្រប​តាម​ក្បួនខ្នាត​ក្បាច់​ខ្មែរ ដែល​បោះពុម្ព​ដោយ អង្គការរៃ​យំ និង​យក​គំរូ​តាម​ក្នុង​ព្រះ​វិហារ​​ព្រះ​កែវ​មរកត​ផងដែរ ពោល​ គឺជា​រចនាបទ​ខ្មែរ​ពិតៗ​ ហើយ​លោក សោម រតនា បញ្ជាក់ថា ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ដ​នោះ​មិន​ទាន់​យក​ជា​ផ្លូវការ​នៅឡើយ​ទេ ដោយ​លោក​អះអាងថា កំពុង​ដំណើរការ​សាងសង់​ លាបពណ៌ឲ្យ​ត្រូវតាម​ក្បួនច្បាប់​ខ្មែរ​ ដូច្នេះ​ ក្នុង​ដំ​ណាក់​កាលនេះ ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួម​​មិតិយោបល់បន្ថែម ដើម្បី​ស្ថាបនាឲ្យបាន​ល្អ​ប្រសើរ។​
ការរៀប​ចំ​ព្រឹត្តិការណ៍​អ្វី​មួយ​ជា​ប្រវត្តិសាស្ត្រ គឺគណៈកម្មការរៀប​ចំ​ពិធី និង អាជ្ញាធរ​ជាតិ​អប្សរា បាន​ខិត​ខំ​រិះ​រក​វិធី​រៀប​ចំ​​ក្បាច់រចនា​ ដើម្បី​ទាក់​ទាញ​​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ​និង​ចង់​បង្ហាញ​ពី​​រចនាបថ​របស់​ខ្មែរ​ជូន​អន្តរជាតិ​បាន​ស្គាល់​ផង​ដែរ​ ​។​ ប៉ុន្តែ សារជាតិ​របស់​ក្រុម​ប្រឆាំង​ គឺ​ដោយ​សារ​ការប្រកាន់​ខ្ជាប់​នូវ​ទម្លាប់​រិះ​គន់​ វាយ​ប្រហារ និង​និយាយបំ​បោង​ មួល​សភាការណ៍​ ដោយ​ពួក​គេជាប់​ស្អិត​នឹង​ការ​រើសអើង​ជាតិ​សាសន៍ហួសហេតុ ​គឺ​ក្រុម​ប្រឆាំង​បាន​បង្កើន​ល្បឿន​រិះ​គន់​ នៅ​ក្នុង​ចេតនាបំ​ផ្លាញ​ ជាជាង​ការ​ចូល​រួម​ស្ថាបនា ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រុម​អ្នក​លេង​ហ្វេសប៊ុក​មួយ​ចំ​នួន​ទៀត ដោយ​ចរិត​ប្រឆាំង​ និង​ប៉ុនប៉ង​បង្ក​អស្ថិរភាព​សង្គម ជា​ពិសេស ចង់​បំ​ផ្លាញ​នូវ​ព្រឹត្តិការណ៍​ដ៏​សំ​ខាន់​នោះ​ឲ្យ​អាប់​អួរ​ គឺ​ជានិច្ចកាល​ពួក​ប្រឆាំង​តែង​តែ​បង្កើត​បញ្ហា​ភ្ជាប់​ទៅ​ជា​មួយ​បញ្ហាជាតិសាសន៍ និង​ការ​លាប​ពណ៌ ។ ជាក់​ស្តែង មាន​ការ​បង្ហោះ​ផ្សាយ​ថា ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​ នាឱកាសចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ​ខាង​មុខ  ពួក​គេបំ​ផុសថា យួន​រៀប​ចំ​ផែន​ការ​ដើម្បី​បំ​ផ្លាញ​អង្គរវត្ត ហើយ​ថា​នឹងមាន​បញ្ហា​គ្រោះ​ថ្នាក់​កើត​ឡើង ក្នុង​ន័យ​និយាយបំ​ភ័យ​ពល​រដ្ឋខ្មែរកុំ​ឲ្យ​ចូល​រួម​ជា​ដើម។
សម្តី​អស់​ទាំង​នេះ គឺ​ជា​ការ​ប្រឌិត​ឡើង​ដោយ​ក្រុម​ជ្រុល​និយម​មួយ​ចំ​នួន ដែល​យល់​អគតិចំ​ពោះ​សង្គម​ជាតិ និង​ក្នុង​ខួរ​ក្បាល​ពួក​គេ រិះ​រក​តែ​វិធី​ណា​បំ​ពុល និង​បំ​ផ្លាញ​បរិយាកាស​សង្គម​ប៉ុណ្ណោះ ដោយ​គេអាច​គិត​ថា ពួក​ក្រុម​នោះ​ប្រឆាំង​ និង​មាន​ចេតនា​បង្ក​ចលាចល នៅ​ពេល​ ប្រមុខដឹក​នាំ​រាជ​រដ្ឋាភិបាល សម្តេច​តេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ សុខ អាន នឹង​ជា​អធិបតី​ក្នុង​ពិធី​បើកនិងការប្រព្រឹត្តិទៅ​នៃកម្មវិធី​នោះ​ ដែល​មាន​មហាជន​​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ។

​សូមបញ្ជាក់​ថា ព្រឹតិ្ដការណ៍​អង្គរ​សង្ក្រាន្ដ ឆ្នាំ​២០១៥​នេះ រៀបចំ​ដោយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា ដែល​ដឹក​នាំ​ផ្ទាល់​ដោយ ឯកឧត្តម​ ហ៊ុន ម៉ា​នី ជា​ប្រធាន  ហើយ​គេ​រំពឹងថា នឹង​មាន​ភ្ញៀវ​ទេស​ចរ​​ទៅ​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍​នេះ​ប្រមាណ​៥០​ម៉ឺន ​នាក់​ ៕​

No comments:

Post a Comment