Tuesday, April 07, 2015

ឯក​ឧត្តម​ សម​ រង្ស៊ី​ កោត​សរសើរ​វប្បធម៌​សន្ទនា​ ខណៈ​ ឯកឧត្តម​ កឹម​ សុខា​ រឹងរូស

នៅ​ក្នុង​ជំនួប​ពិភាក្សា រវាង​ថ្នាក់​ដឹក​នាំ​គណបក្ស​នយោបាយ​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ កាល​ពីវេលាម៉ោង៥ និង៣០នាទី រសៀល ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ នៅ​វិមាន​រដ្ឋសភា ដែល​ដឹក​នាំ​ដោយ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ស ខេង និង​ឯកឧត្តម សម រង្ស៊ី បាន​បង្ហាញ​ពី​ចំណុច​វិជ្ជ​មាន​គួរ​ឲ្យ​កត់សំគាល់ ខណៈ​ដែល​ភាគី​ទាំង​ពីរ​នៅតែ​ប្រកាន់យក​ជំហរ​រក្សា​វប្បធម៌​សន្ទនា ដើម្បី​ដោះស្រាយ​បញ្ហា​នានា ចៀស​វាង​ការ​ប្រើ​ហិង្សា និងការវាយ​ប្រហារ​គ្នា​ដោយ​ពាក្យ​សំដី។ល។
នៅក្នុង​ជំនួប​កាល​ពី​ថ្ងៃម្សិល​មិញនេះ ឯកឧត្តម សម រង្ស៊ី បាន​និយាយ​ថា អ្វី​ដែល​បាន​សម្រេចជា​មួយ​គ្នា កាល​ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ គឺ​បាន​អនុវត្ត​ត្រឹម​ត្រូវ និង​សូម​ថ្លែង​អំណរគុណ​ចំពោះ​សុឆន្ទៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​បាន​ប្រកាន់​វប្បធម៌​សន្ទនា ដោយ​បាននាំមក​នូវ​ផ្លែផ្កា ជាវប្បធម៌​សន្តិភាព សហប្រតិបត្តិការ និង​ធ្វើ​ការ​ជាមួយ​គ្នាបាន​ល្អ​ប្រសើរ។ ឯកឧត្តម សម រង្ស៊ី បាន​បន្តថា ឯក​ឧត្តម​សង្កេត​ឃើញថា មាន​បរិយយា​កាស​ល្អ​រវាង​ថ្នាក់​ដឹក​នាំ​គណបក្ស​ទាំង​ពីរ ហើយ​វប្បធម៌​សន្ទនា បាន​រីក​ចំរើន​ល្អ​មែន​ទែន។
តាមរយៈ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ស ខេង ឯកឧត្តម សម រង្ស៊ី ក៏​ស្នើ​សុំ​ទៅ​សម្តេចតេជោនាយករដ្ឋមន្ត្រី សុំ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​របស់​ខ្លួន​ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស និងស្នើឲ្យ​បញ្ចប់​សំណុំ​រឿង​ចាស់​ដែល​តុលាការ​កំពុង​បន្តនីតិវិធី​បច្ចុប្បន្ន​នេះ។
ឆ្លើយ​តប​នឹង​សំណើរ​របស់​ឯកឧត្តម សម រង្ស៊ី ឯក​ឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ស ខេង បាន​មានប្រសាសន៍ថា ទាក់​ទង​នឹង​សំណើររបស់ ឯកឧត្តម សម រង្ស៊ី អំពី​ការដោះ​លែង​អ្នក​ជាប់​នៅ​ក្នុង​ពន្ធនាគារ គឺ​កិច្ច​ព្រម​ព្រៀង​នយោបាយ​មិន​អាច​បញ្ចប់នីតិវិធី​របស់​តុលាការ​បាន​ទេ ដំណើរ​ការរបស់​តុលាការ​នៅ​តែបន្ត​តាម​នីតិវិធី​ដែល​ច្បាប់​បាន​កំណត់។
ឯកឧត្តម ស ខេង បន្តថា ហើយ​ការ​ស្នើ​គណបក្ស​កាន់​អំណាច ពិសេស​រដ្ឋាភិបាល​ឲ្យ លើកលែងទោស ឬបន្ធូរ​បន្ថយ​ទោស​នេះ គឺ​ជា​រឿង​ដែល ឯកឧត្តម មិន​មាន​សិទ្ធិ​សម្រេច​ទាំង​ស្រុងទេ គឺ​ទុក​ឲ្យ​រដ្ឋាភិបាល តាមរយៈ​ស្ថាប័ន​ជំនាញ ដើម្បី​នឹង​ធ្វើ​ការ​សិក្សា​បញ្ហា​នេះ ឲ្យ​បាន​ជាក់លាក់​ តើអន្តរាគមន៍​បែប​ណា ឬ​តាម​តួនាទី​ភារ​កកិច្ច​របស់​រដ្ឋាភិបាល យើង​ខិត​ខំ​ធ្វើ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ទៅ​តាម​ច្បាប់។
គួរ​កត់​សំគាល់​ថា ឯកឧត្តម សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ ហាក់​មាន​ជំហររឹង​មាំក្នុង​ការ​រក្សា​នូវ​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ខ្លួន និង​គណបក្ស​កាន់​អំណាច ខណៈ​ដែល​អនុប្រធាន​បក្សសង្រ្គោះជាតិ គឺ​ឯកឧត្តម កឹម សុខា តែង​តែ​បង្ហាញ​ការ​មិនពេញ​ចិត្ត​នឹង​វប្បធម៌សន្ទនា​នេះ ហើយ​គេ​បាន​ដឹងថា ការចចេស​រឹងរូស ប្រឆាំង​នឹង​វប្បធម៌​សន្ទនា បាន​បង្ហាញ​ឲ្យឃើញ​នូវ​ចេតនា​បង្ក​ទំនាស់ របស់​ឯកឧត្តម កឹម សុខា តាមរយៈ​ឥរិយាបថ​ប្រឆាំង​ច្បាប់ ដោយ​សារ​មហិជ្ជតា​ដណ្តើម​អំណាច៕

អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment