Friday, November 06, 2020

ក្រសួងសុខាភិបាល៖ គ្មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីទេ, អ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី សរុប៨៤០ នាក់ ត្រូវបានធ្វើតេស្ត លទ្ធផលគ្មានកូវីដ ១៩នោះទេ

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកដែលប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មប្រទេសហុងគ្រី កើនឡើងដល់៨៤០នាក់ ត្រូវបានធ្វើតេស្ត ប៉ុន្តែរកមិនឃើញកូវីដ១៩នោះទេ។

ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ការធ្វើតេស្តអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី មានចំនួន២១២នាក់ថែមទៀត (ជនជាតិហុងគ្រីម្នាក់) ទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់គ្នា។ ដូច្ចនេះចំនួនសរុបអ្នកប៉ះពាល់ទាំងអស់ មានចំនួន៨៤០នាក់ សម្រាប់ថ្ងៃទី០៤ និងទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់។

ក្រសួងបន្តថា ទោះជាយ៉ាងនេះក្តី ក្រសួងសូមណែនាំជូនដល់អ្នកប៉ះពាល់ទាំងអស់ ដែលមានលទ្ធផលលើកទី១ អវិជ្ជមានវីរុសកូវីដ១៩ ត្រូវបន្តធ្វើចត្តាឡីស័ក នៅតាមគេហដ្ឋានឲ្យបានត្រឹមត្រូវ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយសូមវិលមកធ្វើតេស្តឡើងវិញចំនួន៣ដងទៀត នៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានរៀបចំទីតាំងយកវត្ថុសំណាក សម្រាប់រកកូវីដ១៩ ចាប់ពីម៉ោង៧ព្រឹក ទៅតាមកាលបរិច្ឆេទដូចខាងក្រោម៖

* លើកទី២ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០
* លើកទី៣ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០
* លើកទី៤ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០

សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកម្ពុជា អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៩២នាក់ (ស្រី ៦០នាក់ និងបុរស ២៣២នាក់) ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៦នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០៦នាក់៕




No comments:

Post a Comment