Friday, November 06, 2020

ក្រុមប្រឹក្សាខេត្តសៀមរាបជំរុញដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុកបង្កើនការយកចិត្តទុកដាក់ដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន

 សៀមរាប៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ក្រោមការដឹកនាំរបស់លោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងលោកអភិបាល នៃគណៈអភិបាលខេត្ត ដោយមានសមាសភាពចូលរួមរបស់សមាជិកក្រុមប្រឹក្សាខេត្តអស់លោក លោកស្រីជានាយករដ្ឋបាល ខេត្ត អាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព នាយកទីចាត់ការចំណុះសាលាខេត្ត អាជ្ញាធរក្រុង ស្រុក ផងដែរ ។

ក្នុងកិច្ចប្រជុំនេះសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត បានលើកឡើងសំខាន់ ទៅលើគម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែក្នុងក្រុង សៀមរាប និង ផលប៉ះពាល់ទឹកជំនន់ ព្រមទាំងបានផ្តោតទៅខ្លឹមសារ អន្ថន័យទៅនឹងរបាយការណ៍ខែតុលាផងដែរ។ ជាមួយគ្នានេះ អង្គប្រជុំក៏បានចាប់អារម្មណ៍ ចំពោះការរុះរើរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានក្បាលដី និង លំនៅដ្ឋានប៉ះពាល់គម្រោងផ្លូវទាំង៣៨ខ្សែ ដោយមានប្រជាពលរដ្ឋប្រមាណ៩០%បានធ្វើការរុះរើ និង មួយចំនួនតូចមិនទាន់រុះរើ ។

លោក លី សំរិទ្ធ ក្នុងនាមលោក ទៀ សីហា អភិបាលខេត្ត បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរពីស្មារតីរបស់បងប្អូនប្រជាពលរដ្ឋក្នុងការចូលរួមនៃកិច្ចអភិវឌ្ឍន៍ក្រុងប្រវត្តិសាស្ត្រសៀមរាប សំខាន់បងប្អូនប្រជាពលរដ្ឋ ដែលមានក្បាលដី និង លំនៅដ្ឋានប៉ះពាល់លើគម្រោមស្ថាបនាផ្លូវទាំង៣៨ខ្សែក្នុងក្រុង សៀមរាប ដែលបានស្ម័ត្រចិត្តរុះរើជាមួយក្រុមការងារ ដើមី្បឲ្យកិច្ចដំណើរការស្ថាបនាផ្លូវបានដំណើរការទៅឲ្យរលូន ទទួលបានជោគជ័យ ហើយបងប្អូនមួយចំនួនតូចដែលមិនបានទាន់ធ្វើការរុះរើ ដោយពួកគាត់កង្វះនូវក្រុមជាងសំណង់ តែមុននឹងក្រោយពួកគាត់នឹងធ្វើការរុះរើទាំងអស់ផងដែរ។ ក្នុងនោះ លោក ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋមួយទាំងអស់ចូលរួមសហការ ដើមី្បជាផលប្រយោជន៍ដល់សង្គមជាតិ ក៏ដូចជាផលប្រយោជន៍របស់បងប្អូនទៅថ្ងៃអនាគត ហើយទទួលបានជោគជ័យទាំងផ្លូវ និងកុំមានសតិអារម្មណ៍មិនល្អក្នុងការងារអភិវឌ្ឍន៍នេះ លោកក៏បានគូសបញ្ជាក់ថា ផ្លូវទាំង៣៨ខ្សែនេះ គឺផែនការប្រវត្តិសាស្ត្ររបស់ខេត្តសៀមរាបមួយ ក្រោមការឧបត្ថម្ភគាំទ្រនិងការផ្តល់នូវកញ្ចប់ថវិការបស់លោកនាយករដ្ឋមន្ត្រី ដើមី្បធ្វើការអភិវឌ្ឍន៍នូវហេដ្ឋារចនា សម្ព័ន្ធផ្លូវ ថ្នល់ ក្នុងទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រឲ្យកាន់តែមានសោភណ្ឌភាពស្រស់ត្រកាលឡើងក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ។

លោក អ៊ឹង ហឿន ក៏បានថ្លែងអំណរគុណដល់ក្រុម ការងារខេត្ត ដែលបានសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋ ព្រមទាំងធ្វើការវាយតម្លៃខ្ពស់អំពីកិច្ចអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងពេលដែលនៅលើ ពិភពលោកបានកំពុងជួបនូវវិបត្តិកូវីដ១៩។ ម៉្យាងទៀតក្រោយការរៀបចំហេដ្ឋារចនាសម្ព័ន្ធនេះរួច ក្រុងសៀមរាបនឹងកាន់តែមានសោភណ្ឌភាពស្រស់ត្រកាល ក្នុងការទាក់ទាញដល់អារម្មណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្តព្រមទាំងបាន បញ្ជាក់ពីគម្រោងសាងសង់ព្រលានយន្តហោះថ្មី ដែលនឹងត្រូវបញ្ចប់នៅឆ្នាំ២០២៣ ខាងមុខ និងគម្រោងសាងសង់ទីក្រុងថ្មី អាចសង់អគារខ្ពស់ៗបាននៅស្រុកសូទ្រនិគមទៀតផង ។

លោក ក៏បានសំណូមពរដល់បណ្តាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក គឺត្រូវបង្កើនការងាររបស់ខ្លួន សំខាន់រាល់បញ្ហាដែលនៅសេសសល់ យកមកធ្វើការដោះស្រាយ ដើមី្បឲ្យអស់ពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងកន្លងមក ក្នុងគោលដៅបម្រើនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងសង្គមជាតិ ។ ចំពោះរាល់បញ្ហាដែលក្រុមប្រឹក្សាខេត្ត បានលើកនូវក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨នេះ សូមសាមីមន្ទីរ អង្គភាព និង អាជ្ញាធរក្រុង ស្រុក ត្រូវយកទៅធ្វើការពិនិត្យ និង អនុវត្តឲ្យបានទទួលលទ្ធផលជាផ្លែផ្កាក្នុងការលើកកម្ពស់ជីវភាព និង សុខមាលភាពរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប៕







No comments:

Post a Comment