Friday, November 06, 2020

អភិបាលខេត្តប៉ៃលិន ជំរុញឱ្យប្រជាពលរដ្ឋខិតខំចិញ្ចឹម សត្វ និងដាំដំណាំលក្ខណៈគ្រួសារ

ប៉ៃលិន៖ មានប្រសាសន៍លើកឡើងក្នុងពិធីសំណេះ សំណាល និងចែកសម្ភារៈ តង់ប្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប និងចំណី ដែលជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជម្រុញឱ្យបងប្អូន ប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំតាមគេហដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពគ្រួសារឱ្យបានកាន់តែល្អ ប្រសើរឡើង បន្ទាប់ពីរងផលប៉ះពាល់ដោយសារការផ្ទុះឡើងនៃជម្ងឺកូវីត-១៩ និងជំនន់ទឹកភ្លៀង។

លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ដើម្បីសម្រេចគោលដៅលើការចិញ្ចឹមកង្កែប និងត្រីនេះ កសិករផលិតត្រូវមានកិច្ចសហការល្អជាក្រុមបណ្តុំតាមមូលដ្ឋាននីមួយៗ និងរៀបចំផែនការផលិតឱ្យត្រូវ តាមរដូវកាល និងតម្រូវការទីផ្សារផងដែរ លើសពីនោះកសិករយើងត្រូវតែមានឆន្ទៈលើការចិញ្ចឹម និងថែទាំឱ្យបានត្រឹមត្រូវ តាមការណែនាំនិងលក្ខណៈបច្ចេកទេសរបស់មន្ត្រីជំនាញ។

លោក ផាន់ ចាន់ធុល ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់ ត្រូវ មាន ការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយរដូវនេះមានភ្លៀងធ្លាក់ច្រើន ដែលងាយបង្កឱ្យកើតមានជម្ងឺ ដម្កាត់ ផ្សេងៗ ជាពិសេសត្រូវមានការប្រុងប្រយ័ត្ន ចំពោះជម្ងឺកូវីត ១៩ និងត្រូវចូលរួមទប់ស្កាត់ការរីករាលដាល ហើយ បើ មានបញ្ហាអ្វីកើតឡើងក្នុងមូលដ្ឋាន ត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដែលនៅជិតកៀកជាមួយបង ប្អូន ផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។

លោក ចាន់ សុវឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍លើកឡើងថា ការផ្តល់សម្ភារៈតង់ប្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប និងចំណី ដល់កសិករបណ្តុំអាជីវកម្មវារីវប្បកម្មតាមបណ្តាខេត្តនានា ក៍ដូចជាខេត្តប៉ៃលិននាពេលនេះ គឺជាគោល ដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាល ផ្តល់បច្ចេកទេស ធនធាន ថវិការ សំភារៈ ដល់ប្រជាពលរដ្ឋទាំងអស់ដែលកំពុងជួបបញ្ហាអំឡុងពេលជម្ងឺកូវីត១៩ នឹងគ្រោះធម្មជាតិដោយជំនន់ទឹកភ្លៀងកន្លងមក អោយពួកគាត់មានមុខរបរ និងការងារ ដើម្បីបង្កើនផលិតផលនានាសំរាប់ផ្គត់ផ្គង់ទីផ្សារនៅតាមតំបន់នានា អោយបានគ្រប់គ្រាន់ទាន់ពេលវេលា និងបង្កើននូវជីវភាពរបស់បងប្អូនប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរឡើង។

លោករដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកវិស័យកសិកម្ម ជាផ្នែកមួយយ៉ាងសំខាន់ដើម្បីស្តារឃឿនសេដ្ឋកិច្ចជាតិឱ្យបានរីកចំរើន ព្រោះថាប្រទេសយើងជាប្រទេសដែល មានសក្តានុពលលើផ្នែកកសិកម្ម ដោយប្រជាពលរដ្ឋជាង ៨០ភាគរយ ជាកសិករប្រកបរបរកសិកម្ម ដូចនេះសូមអោយប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំបង្កបង្កើនផលនានា ដែលមានស្រាប់ ទៅតាមជំនាញរៀងៗខ្លួន ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាល។

បើតាមរបាយការណ៍របស់លោក ផាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់និងនេសាទខេត្ត បានអោយដឹងថា អំណោយរបស់រាជរដ្ឋាភិបាល បានផ្តល់អោយប្រជាកសិករ ក្នុងអំឡុងពេលនៃការឆ្លងរាលដាល ជម្ងឺកូវីត-១៩ មានចំនួន ៤២គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបានរួមមាន៖ កូនត្រី និងកង្កែប ចំនួន ៧០០ក្បាល តង់ប្លាស្ទិកចិញ្ចឹមត្រី ១ ចំណីត្រី ៤បេ និងវិតាមីន ៣កញ្ចប់ផងដែរ៕










No comments:

Post a Comment