Friday, March 15, 2019

រដ្ឋបាលខេត្តស្វាយរៀង ច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរី

ស្វាយរៀង៖ ឆ្លើយតបចំពោះការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី នៅលើគេហទំព័ររបស់ខ្លួនដែលមានអាសយដ្ឋាន www.rfa.org/khmer កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ រដ្ឋបាលខេត្ត សូមជម្រាបជូនថា ខេត្តស្វាយរៀង មានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម ប្រវែង ២៥៨គ.ម ក្នុងនោះជាប់ខេត្តចំនួនពីរ គឺខេត្តឡុងអាន ប្រវែង ១២៨គ.ម និងខេត្តតៃនីញ ប្រវែង ១៣០គ.ម គ្រប់ដណ្ដប់លើក្រុង ស្រុក ចំនួន៧ ។
នៅទូទាំងខេត្ត មានច្រកទ្វារព្រំដែន ចំនួន ៨កន្លែង ក្នុងនោះច្រកទ្វារព្រំដែនអន្តរជាតិ មាន២កន្លែង គឺច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ច្រកទ្វារព្រំដែនទ្វេរភាគី មាន២កន្លែង គឺច្រកទ្វារព្រំដែនទ្វេភាគីសំរោង និងបុសមន និងច្រកទ្វារតំបន់ព្រំដែន មាន៤កន្លែង គឺច្រកទ្វារតំបន់ព្រំដែនស្រែបារាំង ព្រៃតាអី ដូង និងច្រកទ្វារតំបន់ព្រំដែនខ្សែដែក ។
ច្រកទ្វារព្រំដែនទាំងអស់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលការធ្វើពាណិជ្ជកម្ម និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយបានបង្កលក្ខណៈងាយស្រួល ក្នុងការដោះដូរផលិតផលគ្នាទៅវិញទៅមករវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម រវាងខេត្តស្វាយរៀង ខេត្តឡុងអាន និងខេត្តតៃនីញ ស្របតាមនីតិវិធីច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ជាពិសេសការដោះដូរកសិផលរបស់ប្រជាជន និងប្រជាជននៅតាមបណ្ដាក្រុង ស្រុក និងឃុំ សង្កាត់ ជាប់ព្រំដែន ដែលមានទីតាំងស្ថិតនៅជិតច្រកទ្វារព្រំដែន ។
ទន្ទឹមនេះ នៅក្នុងខេត្ត មានវរសនាតូចនគរបាល និងយោធាការពារព្រំដែនចំនួន ០៣កន្លែង ប៉ុស្ដិ៍ការពារព្រំដែន ចំនួន ១៥កន្លែង និងមានគោលដៅការពារព្រំដែន ចំនួន ៤៣កន្លែង ដែលជាទីតាំងសម្រាប់គ្រប់គ្រងការពារខ្សែបន្ទាត់ព្រំដែន និងការពារសន្តិសុខ សណ្ដាប់ធ្នាប់តំបន់ព្រំដែន ។
លោកអភិបាលខេត្ត សូមបញ្ជាក់ជូនថា ចំពោះការគ្រប់គ្រងច្រកទ្វារព្រំដែននេះ ខេត្ដតែងតែណែនាំដល់មន្រ្ដី កម្លាំងសមត្ថកិច្ចប្រចាំនៅច្រកទ្វារព្រំដែន អនុវត្ដឲ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីធានាការទប់ស្កាត់ទំនិញគេចពន្ធ ទំនិញក្លែងក្លាយខូចគុណភាព ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់ ការលួចជ្រៀតចូល នៃជនអន្ដោរប្រវេសន៍ខុសច្បាប់ អំពើរត់ពន្ធផ្សេងៗ និងត្រូវខិតខំរកចំណូលជូនរដ្ឋ ឲ្យបានគ្រប់តាមផែនការ និងត្រឹមត្រូវនីតិវិធី ។
ប្រសិនបើមានករណីណាមួយកើតឡើងខុសច្បាប់ មិនប្រក្រតី រដ្ឋបាលខេត្ត នឹងចាត់ក្រុមការងារចុះពិនិត្យ ស្រាវជ្រាវ និងចាត់វិធានការជាបន្ទាន់ ។ ស្ថានភាពទូទៅនៅតាមតំបន់ព្រំដែនក្នុងភូមិសាស្ត្រខេត្ត គឺមានសភាពល្អប្រសើរ ដែលមានសមត្ថកិច្ចនគរបាល និងសមត្ថកិច្ចគយ ប្រចាំការ បានយកចិត្តទុកដាក់ជំរុញការត្រួតពិនិត្យ និងទប់ស្កាត់ការចេញចូលឆ្លងដែន ការជ្រៀតចូលជនអន្តោប្រវេសន៍ និងទំនិញគេចពន្ធឆ្លងដែនគ្រប់ប្រភេទ ហើយបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តចេញចូល ឆ្លងកាត់ព្រំដែនដោះ ដូរទំនិញ និងកសិផលផ្សេងៗទៀតជាប្រក្រតីធម្មតា ។
ជារួម តាមការពិនិត្យរបស់រដ្ឋបាលខេត្ត គឺពុំមានបុគ្គល អង្គភាព ឬស្ថាប័នណាមួយដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ខុសច្បាប់ ឬបារ៉ាស់យកលុយរាប់ម៉ឺនដុល្លារ ឬអនុញ្ញាតឲ្យមានការចេញទំនិញដោយខុសច្បាប់ដោយ មិនឆ្លងកាត់ការត្រួតពិនិត្យ កើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ដូចការចោទប្រកាន់របស់វិទ្យុអាស៊ីសេរីនោះទេ ។

រាល់ព័ត៌មានដែលបានចុះផ្សាយជាសាធារណៈ ក្នុងនាមរដ្ឋបាលខេត្ត សូមអរគុណ ខេត្តនឹងយកចិត្តទុកដាក់ ធ្វើការស្រាវជ្រាវ ត្រួតពិនិត្យ និងដោះស្រាយឲ្យបានម៉ឺងម៉ាត់តាមវិន័យ និងច្បាប់របស់រដ្ឋ៕

No comments:

Post a Comment