Friday, March 15, 2019

ផ្សព្វផ្សាយព័ត៌មានពិតក្នុងការអភិវឌ្ឍន៍សង្គមជាតិមានសារៈសំខាន់ណាស់វាជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ លោកបណ្ឌិត អ៊ុ យូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង។
លោក ឈាង វណ្ណៈ អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានអានរបាយការណ៍ស្វាគមន៍ដោយបានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្នវិស័យព័ត៌មាននៅខេត្តកំពង់ឆ្នាំង មានការរីកចម្រើន ជាបន្តបន្ទាប់ ទាំងវិស័យឯកជន និងរដ្ឋ កំពុងបានដំណើរការផ្សព្វផ្សាយនូវរាល់ព័ត៌មានពិតជាក់ស្តែងអំពីកិច្ចការសង្គម និងការអភិវឌ្ឍរបស់ខេត្ត។
លោកបញ្ជាក់បន្តទៀតថា ក្រៅពីនេះ មន្ទីរព័ត៌មានខេត្ត ក៏មានប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ ដែលកំពុងដំណើរការជាប្រចាំ គឺមានវិទ្យុជាតិកំរិត ៩២.៣០ MHz ផេករបស់ទូរទស្សន៍ និង វេបសាយរបស់មន្ទីរដែលបានដំណើរការយ៉ាងសកម្ម ទទួលបានការគាំទ្រពីសាធារណៈជននៅទូទាំងខេត្ត ដែលមានកម្មវិធីផ្សាយ វប្បធម៌ ព័ត៌មាន កីឡា និងនាទីកំសាន្តផ្សេងៗផងដែរ ។
មានប្រសាសន៍សំណេះសំណាលជាមួយនិងមន្រ្តីរាជការ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង លោកបណ្ឌិត អ៊ុ យូរ៉ាន់ បានសំដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជំនាញ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដែលកន្លងមកនេះ បានយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ច កាតព្វកិច្ចរបស់ខ្លួនឆ្លើយតបបានទៅនឹងផែនការយុទ្ធសាស្រ្តរបស់ក្រសួងព័ត៌មាន តាមទិសស្លោក «ប្លែកលឿន ទុកចិត្តបាន នៅទីណា ពេលណាក៏បាន»។
លោកបណ្ឌិតបាន បញ្ជាក់ទៀតថា ការចូលរួមផ្សព្វផ្សាយព័ត៌មានពិត ក្នុងការអភិវឌ្ឍន៍សង្គមជាតិមានសារៈសំខាន់ណាស់ គឺជាកញ្ចក់ឆ្លុះបញ្ចាំង ក្នុងកិច្ចដំណើរអភិវឌ្ឍន៍មូលដ្ឋាន។ ដើម្បីលុបបំបាត់នូវរាល់ព័ត៌មានមិនពិត យើងទាំងអស់គ្នា ត្រូវបង្កើនការផ្សព្វផ្សាយនូវរាល់ព័ត៌មានដែលពិតជាក់ស្តែងជូនមហាជន ប្រជាពលរដ្ឋ នៅតាមប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន អោយបានច្រើន ប៉ុន្តែត្រូវឈរលើគោលការណ៍គោរពក្រមសីលធម៌ វិជ្ជាជិវៈអោយបានត្រឹមត្រូវ។

នៅក្នុងឱកាសនោះ លោកបណ្ឌិត អនុរដ្ឋលេខាធិការ បានចែកអំណោយដល់មន្រ្តីរាជការ នៃមន្ទីរព័ត៌មានខេត្ត និងរៀបចំពិសាអាហារសាមគ្គីផងដែរ៕



No comments:

Post a Comment