Friday, March 15, 2019

ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក មូន ចេអ៊ីន គឺជាព្រឹត្តិការណ៍ដ៏សំខាន់នៃការពង្រឹងចំណងមិត្តភាពកម្ពុជា-កូរ៉េឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ

នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវក្តីរីករាយ និងស្វាគមន៍យ៉ាងក្តៅជាទីបំផុតចំពោះទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Moon Jae-in ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ នៅព្រះជាណាចក្រកម្ពុជា។ លោក បានមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍សំខាន់ណាស់សម្រាប់ធ្វើឱ្យចំណងមិត្តភាពរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា កាន់តែរឹងមាំ កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងមានវិសាលភាពទូលំទូលាយទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ លោកបានថ្លែងដូចនេះនៅក្នុងសន្និសីទរួមគ្នាបន្ទាប់ពីលោកនិងលោកប្រធានាធិបតីសាធារណរដ្ឋកូរ៉េ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង ដែលធ្វើឡើងនៅវិមានសន្តិភាព។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលសាធារណរដ្ឋកូរ៉េសម្រេចបានក្នុងការកសាងជាតិរហូតបានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿននាំមុខនៅលើពីភពលោក និងធំលំដាប់ទី៤ នៅអាស៊ី ហើយបានដើរតួនាទីយ៉ាងសកម្មនៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ ទន្ទឹមនឹងនេះ វឌ្ឍនភាពនៃប្រទេសកូរ៉េ មិនត្រឹមតែនាំមកនូវវិបុលភាពមកឱ្យប្រទេសប្រជាជនកូរ៉េប៉ុណ្ណោះទេ តែក៏បានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដល់ប្រទេសផ្សេងៗទៀតរួមទាំងកម្ពុជាផងដែរ។
ក្នុងគោលដៅនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគកម្ពុជា-សាធារណរដ្ឋកូរ៉េ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ពីសារៈសំខាន់ និងជំរុញយុទ្ធនាការកែលំអរបរិយាកាសធុរកិច្ចនៅកម្ពុជាដែលនឹងធានាជោគជ័យក្នុងការអភិវឌ្ឍឧស្សាហកម្ម និងធ្វើប្រព្រឹត្តិកម្មគ្រប់វិស័យ សេដ្ឋកិច្ចកម្ពុជា នាំមកនូវផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសយើងទាំងពីរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធាននាធិបតីកូរ៉េ មានចក្ខុវិស័យ និងការពេញចិត្តដូចគ្នា ដោយសង្កេតឃើញពីកំណើរការប្រាស្រ័យទាក់ទងរវាងប្រជាជននៃប្រទេសយើងទាំងពីរ តាមរយៈការផ្លាស់ប្តូរផ្នែកទេសចរណ៍ និងធុរកិច្ច ក៏ដូចជាការបញ្ជូនពលករខ្មែរទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ។ ទន្ទឹមនឹងនេះ ស្តីពីកិច្ចការតំបន់ និងអន្តរជាតិ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកប្រធានាធិបតីកូរ៉េ បានប្តូរយោបល់គ្នាពីកិច្ចសហប្រតិបត្តិការក្នុងវេទិកាអន្តរជាតិ ទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ បញ្ហាឧបទ្វីកូរ៉េ និងបញ្ហាផ្សេងៗទៀតដែលយើងបានយកចិត្តទុកដាក់ដូចគ្នា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលរួមអបអរសាទរ សាធារណរដ្ឋកូរ៉េ ដែលនៅចុងឆ្នាំ២០១៩នេះ នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំក្នុងកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ ជាលើកដំបូង តភ្ជាប់ជាមួយនឹងកិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ។ លោក ជឿជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីសាធារណរដ្ឋកូរ៉េ នៅកម្ពុជា នាពេលនេះ នឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-សាធារណរដ្ឋកូរ៉េ មានភាពកាន់តែសកម្មប្រកបដោយផ្លែផ្កា និងឈានឡើងដល់កម្រិតខ្ពស់ថែមទៀតដែលស្របទៅនឹងនយោបាយថ្មីឆ្ពោះទៅទិសខាងត្បូងរបស់សាធារណរដ្ឋកូរ៉េខាងត្បូង ក្នុងគោដៅជំរុញវិបុលភាពរួម ការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន និងសន្តិភាពជានិរន្ត៍នៅក្នុងតំបន់៕


No comments:

Post a Comment