Friday, March 15, 2019

មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង៖ ពាណិជ្ជកម្មកម្ពុជា-កូរ៉េ នឹងរឹតតែរឹងមាំក្រោយដំណើរទស្សនកិច្ចលោក មូន ជែអ៊ីន

លោក ក្វុន ព្យុងអូ (Kwon Pyung-oh) នាយកប្រតិបត្តិនៃទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA) បានបង្ហាញក្តីរំពឹងរបស់ខ្លួនថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងរឹតតែរឹងមាំ​ថែមទៀត នៅក្រោយដំណើរទស្សនកិច្ចរបស់លោក មូន ជែអ៊ិន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េនៅ​ក្នុង​ប្រទេសកម្ពុជា។
ការបង្ហាញក្តីរំពឹងរបស់លោក ក្វុន ព្យុងអូ បានធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ក្នុងពេលរូបលោក​អញ្ជើញ​ជួបពិភាក្សារងារជាមួយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ក្នុងជំនួបនោះលោករដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានសម្ដែងសេចក្ដីរីករាយចំពោះការមកដល់របស់លោក មូន ជែអ៊ិន ដែលបានមកបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដោយមានរួមដំណើរផ្ទាល់ដោយដោយលោក ក្វុន ព្យុងអូ ផងដែរ។
នៅចំពោះមុខលោក ក្វុន ព្យុងអូ, លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ សង្ឃឹមថា វត្តមានរបស់លោក​ប្រធានាធិបតី​សាធារណរដ្ឋកូរ៉េ នឹងពង្រឹងសេចក្ដីទុកចិត្តដល់ធុរជននៃសាធារណរដ្ឋកូរ៉េ ឲ្យរឹតតែមានជំនឿចិត្ត​លើ​ស្ថេរភាពនយោបាយនៅកម្ពុជា ព្រមទាំងបន្ដាក់ទុនវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រី មានសុទិដ្ឋិនិយមថា វេទិកាធុរកិច្ចដែលកម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងរៀបចំរួមគ្នាក្នុងកំលុង​ពេលនៃដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ នឹងទាក់ទាញបានវិនិយោគពី​បរទេសដោយ​ផ្ទាល់បន្ថែម​ទៀតពីប្រទេសកូរ៉េ ព្រមទាំងលើកទឹកចិត្តឲ្យក្រុមហ៊ុនកូរ៉េ សិក្សា និងស្វែងរកដៃគូជាមួយនឹងក្រុមហ៊ុនកម្ពុជា ដើម្បីធ្វើពាណិជ្ជកម្មរួមគ្នា។
លោក ក្វុន ព្យុងអូ បានបង្ហាញជំនឿដូចនឹងរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាផងដែរ។ លោកឡើងថា ពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរ នឹងរឹតតែរឹងមាំបន្ថែមទៀតក្រោយពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះត្រូវបានបញ្ចប់។
លោក ក្វុន ព្យុងអូ បានលើកឡើងទៀតថា ជំរុញពាណិជ្ជកម្ម និងវិនិយោគសាធារណរដ្ឋកូរ៉េ នឹងបន្តកិច្ច​សហប្រតិបត្តិការល្អជាមួយនឹងក្រសួងពាណិជ្ជកម្ម ក៏ដូចជាសហគមន៍ធុរកិច្ចដទៃទៀត ដើម្បីពង្រឹង និងទាក់ទាញបន្ថែមវិនិយោគិនមកកម្ពុជា ដោយជាក់ស្ដែងនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ នឹងមានការចុះអនុស្សារណៈយោគយល់គ្នារវាងទីភ្នាក់ងារ KOTRA ជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីផ្សារភ្ជាប់ចំណងសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ឲ្យរឹតតែស៊ីជម្រៅថែមទៀត។
សូមបញ្ជាក់ថា ទំហំពាណិជ្ជរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េបានកើនឡើងជា​បន្តបន្ទាប់នៅក្នុងរយៈ​ពេល​ប្រមាណជា ១០ឆ្នាំចុងក្រោយនេះ។ នៅក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ មានចំនួនជាង ៧៤៦លានដុល្លារ ក្នុងកម្ពុជានាំចេញទៅសាធារណរដ្ឋកូរ៉េមានជាង ២០២លានដុល្លារ ខណៈកូរ៉េនាំ​ចូលមកកម្ពុជាវិញមានមានជាង ៥៤៣លានដុល្លារ។
ទំនិញដែលកម្ពុជានាំចេញទៅកូរ៉េខាងត្បូងមានសំលៀកបំពាក់ គ្រឿងអេឡិកត្រូនិក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ និងក្រដាសកាតុង។ ដោយឡែកទំនិញដែលកម្ពុជា នាំចូលពីកូរ៉េច្រើនបំផុតមាន ក្រណាត់ត្បាញ រថយន្តដឹកទំនិញ ភេសជ្ជៈ គ្រឿងអេឡិកត្រូនិក គ្រឿងម៉ាស៊ីន វត្ថុតុបតែងលម្អផ្ទះ ឱសថ សាប៊ូ និងផលិតផលប្លាស្ទិក។

កូរ៉េខាងត្បូងក៏ជាប្រទេសដែលមានអ្នកវិនិយោគមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាធំមួយផងដែរ។ ក្នុងនោះគិតពីឆ្នាំ១៩៩៦ ដល់ ខែមករា ឆ្នាំ២០១៩ ការវិនិយោគដោយអ្នកវិនិយោគកូរ៉េខាងត្បូង មានចំនួន ២១៤គម្រោង ជាមួយទំហំទឹកប្រាក់ប្រមាណ ៤.៤៧ពាន់លានដុល្លារ។ ក្នុងចំណោមគម្រោងទាំងនេះមាន ១២៣គម្រោង គឺជារោងចក្រដែលមានទំហំទុនវិនិយោគសរុប ៤៨៦លានដុល្លារអាមេរិក បង្កើតការងារប្រមាណ ៨ម៉ឺនកន្លែង ៕





No comments:

Post a Comment