Friday, September 21, 2018

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាត UN និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងញូវយ៉ក នៅសប្តាហ៍ក្រោយនេះ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការ​សហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូវយ៉ក។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលទើបទទួលបាន។
មហាសន្និបាតនេះនឹងប្រព្រឹត្តទៅ ក្រោមមូលបទ «ធ្វើឲ្យអង្គការសហប្រជាជាតិមានសារសំខាន់ពាក់ព័ន្ធ​ជាមួយប្រជាជនទាំងអស់ ភាពជាអ្នកដឹកនាំសកល និងការទទួលខុសត្រូវរួម សម្រាប់សង្គម​ប្រកបដោយ​សន្តិភាព សមធម៌ និងនិរន្តរភាព»។
ប្រតិភូជាន់ខ្ពស់ ដែលអញ្ជើញអមដំណើរលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន រួមមាន លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ច​ការនារី ព្រមទាំងឥស្សរៈជនសំខាន់ៗមួយចំនួនទៀត។
ក្រសួងការបរទេសបានបញ្ជាក់ថា នៅទីក្រុងញូវយ៉ក លោកនាយករដ្ឋមន្រ្តី នឹងធ្វើសេចក្តីថ្លែងការណ៍មួយផ្តោត​លើការវិវត្តនាពេលថ្មីៗ និងសមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាលសម្រេចបាន និងបញ្ហាតំបន់ និងអន្តរជាតិដែលជាការព្រួយបារម្ភរួម។
ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លោកនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយ លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បូយកូ បូរីស្សូវ (Boyko Borissov) នាយករដ្ឋមន្រ្តីប៊ុលហ្គារី លោក ខាដហ្កា ប៉្រាសាទ ស្សាម៉ា អូលី (Khadga Prasad Sharma Oli) នាយករដ្ឋមន្រ្តីនេប៉ាល់ និងជួបពិភាក្សាដោយមិត្តភាពជាមួយប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសមួយចំនួនទៀត។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក លោកនាយករដ្ឋមន្រ្តី នឹងជួបជាមួយសហគមន៍ខ្មែរ​ដែលរស់នៅ​សហរដ្ឋអាមេរិក និងកាណាដា ផងដែរ។
នៅក្នុងកំរិតថ្នាក់រដ្ឋមន្រ្តីវិញ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជួបពិភាក្សាទ្វេភាគីជាបន្តបន្ទាប់ ជាមួយសមភាគីរបស់លោក មកពីប្រទេសអូស្រ្តាលី កាណាដា ហ៊្សកហ្ស៊ី អេស្តូនី ហុងហ្គ្រី ស៊ែប៊ី និង មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក ក្រសួងការបរទេសចក្រភពអង់គ្លេស និងពីបណ្តាប្រទេស​មួយចំនួនទៀត។
លោកឧបនាយករដ្ឋមន្រ្តីនឹងចុះហត្ថលេខាជាមួយលោក Zohrab Mnatsakanyan រដ្ឋមន្រ្តីការបរទេស​នៃសាធារណរដ្ឋអារមេនី លើអនុស្សរណៈស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋអារមេនី។
គណៈប្រតិភូកម្ពុជាក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានក្រៅផ្លូវការ (IAMM) កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយប្រធានកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (AUMM) កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីចលនាមិនចូលបក្សសម្ព័ន្ធ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃប្រទេសដែលមានការអភិវឌ្ឍយឺត កិច្ចប្រជុំក្រុមប្រទេស ៧៧ និងចិន និង កិច្ចប្រជុំជាច្រើនទៀត ៕




No comments:

Post a Comment