Friday, September 21, 2018

អ្នកនាំពាក្យការពារជាតិ៖ ការលាលែងរបស់មេទ័ពទាំង៥រូបពីតំណែងនាយរងសេនាធិការចម្រុះគឺជាការអនុវត្តតាមច្បាប់និងប្រសិទ្ធភាពការងារ

នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិនៅព្រលប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការលាលែងរបស់មេទ័ពទាំង៥រូបចេញពីតំណែងនាយរងនាយសេនាធិការចម្រុះគឺជាការអនុវត្តប្រកាសរបស់លោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិដែលធ្វើការកែសម្រួល ផ្ទេរក្របខ័ណ្ឌអង្គភាពកងពលធំអន្តរាគមន៍ និងកងពលតូចអន្តរាគមន៍ចំនួន៥។

ការចេញមុខអះអាងរបស់អ្នកនាំពាក្យក្រសួង​ការពារជាតិ បានធ្វើឡើងបន្ទាប់ពីឧត្តមសេនីយ៍ឯក ស្រី ឌិក មេបញ្ជាការកងពលធំអន្ដរាគមន៍៣ ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំអន្ដរាគមន៍លេខ២ ឧត្តមសេនីយ៍ឯក ចាប ភក្ដី មេបញ្ជាការកងពលតូចទ័ពពិសេសឆ័ត្រយោង ៩១១ ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការកងពលតូចអន្ដរាគមន៍លេខ១ និងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០បានធ្វើលិខិតមួយសុំលាលែងពីតំណែងនាយរងសេនាធិការចម្រុះកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការលាលែងរបស់មេទ័ពទាំង៥រូបចេញពីតំណែងនាយរងសេនាធិការចម្រុះ គឺជាការអនុវត្តឱ្យស្របតាមសេចក្តីសម្រេចសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ដែលកែសម្រួល ផ្ទេរក្របខ័ណ្ឌអង្គភាពកងពលធំអន្តរាគមន៍ និងកងពលតូចអន្តរាគមន៍ចំនួន៥ ពីអគ្គបញ្ជាការដ្ឋានមកចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក»។

បើតាម លោក ឈុំ សុជាត ការលាលែងរបស់មេទ័ពទាំង៥រូបចេញពីតំណែងនាយរងសេនាធិការចម្រុះគឺមិនមែនជារឿងចម្លែកនោះទេ ពីព្រោះពួកគាត់បានទៅកាន់តំណែងជាមេបញ្ជាការកងពលរៀងៗខ្លួន ដែលស្ថិតនៅក្រោមចំណុះផ្ទាល់របស់បញ្ជាការដ្ឋានកងទ័ពជើងគោក។ លោកបានបញ្ជាក់បន្ថែមថា «ការកែ សម្រួលរចនាសម្ព័ន្ធ និងក្របខណ្ឌមួយចំនួននេះគឺដើម្បី​ពង្រឹង​ខឿន​ការពារជាតិ ក៏ដូចជាជំរុញឱ្យប្រសិទ្ធភាពការងារនៅក្នុងក្របខណ្ឌការពារជាតិកម្ពុជាកាន់តែប្រសើរនិងខ្លាំងក្លាថែមទៀត»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួ​ងការពារជាតិបានចេញសេចក្តីសម្រេចថ្មីមួយដោយកែសម្រួលផ្ទេរក្របខ័ណ្ឌ អង្គភាពកងពលធំអន្តរាគមន៍ និងកងពលតូចអន្តរាគមន៍ចំនួន៥ ពីអគ្គបញ្ជាការដ្ឋានមកចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ព​ជើងគោក។​ កងពលទាំង៥នោះរួមមានកងពលធំអន្ដរាគមន៍៣, កងពលធំអន្ដរាគមន៍លេខ២, កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១, កងពលតូចអន្ដរាគមន៍លេខ១ និងកងពលតូចថ្មើរជើងលេខ៧០ ផងដែរ ដែលកន្លងទៅ កងពលទាំងនេះ បានស្ថិតនៅក្រោមការដឹកនាំបញ្ជាររបស់នាយសេនាធិការចម្រុះ៕

ប្រភព៖ Fresh News


No comments:

Post a Comment