Friday, September 21, 2018

ក្រសួងទេសចរណ៍ប្រកាសចលនាប្រឡងប្រណាំង «ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត» លើកទី១

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានប្រកាសចលនាប្រឡងប្រណាំង « ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត » លើកទី១ អមជាមួយការផ្សព្វផ្សាយដាក់ឱ្យអនុវត្តកូនសៀវភៅ (GREEN PASSPORT) ដើម្បីចូលរួមវាយតម្លៃអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត ក្រោមអធិបតីភាព លោក ជា បូរ៉ា រដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍។
សូមបញ្ជាក់ថា ចលនាប្រឡងប្រណាំងនេះ ផ្អែកលើការអនុវត្តក្រម «ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត» ដោយផ្ដោតលើចំណុចពីរសំខាន់គឺ៖
– ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ស្អាត គឺភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ គ្មានសម្រាមក្រោមតុ
– ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ស្អាត គឺភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ មានបង្គន់អនាម័យស្អាត ។
ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត គឺត្រូវ៖
១)- អនាម័យគ្មានសម្រាមជាក្រដាសនៅក្រោមតុរបស់ភ្ញៀវ ដោយត្រូវរៀបចំឱ្យមានកន្ត្រក ឬធុងសម្រាមដោយឡែកសម្រាប់តុអាហារនីមួយៗ (មានថង់ទ្រនាប់ និងត្រូវលាងសម្អាតជារៀងរាល់ថ្ងៃ) ត្រូវបិទសារឬពាក្យស្លោករំលឹកអំពីបញ្ហាអនាម័យដល់ភ្ញៀវក្នុងបរិវេណទីតាំងអាជីវកម្ម ឬនៅលើតុអាហារតែម្ដង ត្រូវចាត់ឱ្យមានភ្នាក់ងារសម្រាប់ការប្រមូលសម្រាមដែលភ្ញៀវចោលក្រៅកន្ត្រកឬធុង និងត្រូវលើកទឹកចិត្តដល់ភ្ញៀវទេសចរក្នុងការផ្ដល់ជូនជាកន្សែងសម្រាប់ជូត ឬកន្សែងត្រជាក់ ជំនួសឱ្យការផ្ដល់ជូននូវក្រដាសអនាម័យ។
២)- បង្គន់អនាម័យស្អាត ដោយត្រូវរៀបចំតាមស្ដង់ដាបង្គន់សាធារណៈកម្ពុជា ដោយយ៉ាងហោចណាស់ពុំមានក្លិនមិនល្អ មានការបែងចែករវាងបង្គន់អនាម័យប្រុស និងស្រី មានដាក់សាប៊ូទឹកសម្រាប់លាងដៃ និងត្រូវចាត់ឱ្យមានបុគ្គលិកប្រចាំការដើម្បីលាងសម្អាតជាប្រចាំ។
សូមជម្រាបថា ចលនាប្រឡងប្រណាំង «ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ស្អាត» លើកដំបូងនេះ ក៏ជាសារមួយក្រើនរំឭក និងប្រកាសជូនប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធឱ្យចូលរួមគ្រប់គ្រងសំរាមនៅតុអាហារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសោភ័ណភាព និងភាពស្អាត ដែលជាកត្តាសំខាន់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយចីរភាព៕



No comments:

Post a Comment