Friday, September 21, 2018

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ នាដើមខែតុលា

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលនឹងរៀបចំឡើងនាដើមខែតុលាខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនរបស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៨-១៩ ខែកញ្ញា ឆ្នាំ២០១៨ តាមការអញ្ជើញរបស់លោក តារ៉ូ កូណូ រដ្ឋមន្ត្រីការបរទេសជប៉ុន។
ដំណើរទស្សនកិច្ចនេះ រួមជាមួយនឹងដំណើរទស្សនកិច្ចរបស់លោក តារ៉ូ កូណូ មកកាន់ប្រទេសកម្ពុជាកាល ពីខែមេសាកន្លងទៅ មានគោលបំណងជំរុញទំនាក់ទំនងជិតស្និទ្ធ និងភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែខ្លាំងក្លាថែមទៀតរវាងកម្ពុជា និងជប៉ុន ស្របពេលដែលឆ្នាំនេះប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី ៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត។
ក្នុងអំឡុងពេលទស្សនកិច្ចនោះ លោកឧបនាយករដ្ឋមន្រ្តីកម្ពុជា បានជួបពិភាក្សាប្រកបដោយមិត្តភាព ជាមួយសមភាគីជប៉ុន ដែលក្នុងឱកាសនោះ លោក ប្រាក់ សុខុន បានពាំនាំការថ្លែងអំណរគុណរបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជូនចំពោះលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន ដែលបានផ្ញើលិខិត អបអរសាទរជូនលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បន្ទាប់ពីត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជាថ្មីម្តងទៀត ក្រោយការបោះឆ្នោតទូទៅប្រកបដោយជោគជ័យ នាពេលថ្មីៗនេះ។
សេចក្ដីប្រកាសខាងលើបានឱ្យដឹងថា ក្នុងកិច្ចប្រជុំនោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានបញ្ជាក់ពីការចូលរួមរបស់លោក នាយករដ្ឋមន្រ្តី ក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ ដែលនឹងរៀបចំឡើងនៅដើមខែក្រោយនេះ នៅទីក្រុងតូក្យូ ហើយក៏បានពិភាក្សាជាមួយលោក កូណូ អំពីរបៀបវារៈនៃកិច្ចប្រជុំកំពូលនេះផងដែរ ៕




No comments:

Post a Comment