Friday, September 21, 2018

ប្រជាពលរដ្ឋចាស់ជរា មានជីវភាពខ្វះខាត១២០គ្រួសារ រួមជាមួយលោកគ្រូ​ អ្នកគ្រូ ​និងសិស្សានុសិស្ស ​ ក្នុងខេត្តត្បូងឃ្មុំ​ ទទួលអំណោយ​ពីសប្បុរសជន​

ត្បូងឃ្មុំ៖ ដោយមើលឃើញពីការលំបាក និងជីវភាពខ្វះខាតក្នុងការរស់នៅ របស់ប្រជាពលរដ្ឋ ជាជនចាស់ជរានោះ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយ និងសប្បុរសជនមាន លោកស្រី ម៉ៅ មុំ ឧកញ្ញ៉ា ទ្រី ភាព លោកស្រី កែវ វង្ស សៀក ប្រធានក្រុមហ៊ុន SK កែសម្ភស្ស អ៊ីវ៉ុល និងលោកស្រី ជួប វ៉ារី ឧកញ្ញ៉ា សូ សេត បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ចាស់ជរា ចំនួន ១២០គ្រួសារដែលមានជីវភាពខ្វះខាត នៅភូមិថ្មពេជញរ២ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
មានមតិសំណេះសំណាលនាឱកាសនោះ លោកស្រី ម៉ៅ មុំ បានឲ្យដឹងថា អំណោយទាំងនេះ គឺជាទឹកចិត្តផ្ទាល់របស់លោកស្រី រួមជាមួយសប្បុរសជននានា បានមូលមតិគ្នាដើម្បីប្រមូលថវិការ និងគ្រឿងបរិភោគឧបភោគមួយចំនួន មកចែកជូនប្រជាពលរដ្ឋដែលមានវ័យចាស់ជរា និងមានជីវភាពខ្វះខាត។
លោកស្រី បានបន្តថា អំណោយទាំងនេះដែរ គឺគ្រាន់តែជាការចូលរួមចំណែកកាត់បន្ថយ ភាពខ្វះខាត និងជួយសម្រាលទុក្ខលំបាកបានតែមួយ រយៈពេលខ្លីប៉ុណ្ណោះ ហើយចែកជូនដោយមិនប្រកាន់ ជាតិសាសន៍ ពណ៌សម្បុរ និងនិន្នាការ នយោបាយឡើយ ។ ដូច្នេះ លោកស្រី ក៏បានសំណូមពរដល់បងប្អូនទាំងអស់ សូមឲ្យមានការយោគយល់ អធ្យាស្រ័យ ចំពោះ អំណាយទាំងអស់នេះ គឺជួយសម្រាលទុក្ខលំបាកបានមួយគ្រាតែប៉ុណ្ណោះ។
ក្នុងឱកាសនោះដែរ លោក លី ឡេង បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃ និងបានផ្តល់នូវធនធានមួយចំនួន ដល់ប្រជាពលរដ្ឋចាស់ជរា ដែលមានជីវភាពខ្វះខាតនាពេលនេះ ។
ដោយសាររដូវនេះ ជារដូវទឹកជំនន់ មានភ្លៀងធ្លាក់ និងអាចមានខ្យល់កន្រ្តាក់ ក្នុងនាមអាជ្ញាធរខេត្ត លោក លី ឡេង បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ សូមថែរក្សាសុខភាព ត្រូវយកចិត្តទុកដាក់មើលថែរក្សាកូនតូចៗឲ្យបានល្អប្រសើរ និងត្រូវអនុវត្តតាមទិសស្លោកទាំង ៣ គឺ ៖ ផឹកស្អាត ហូបស្អាត រស់នៅស្អាត ដើម្បីទទួលបានសុខភាពល្អ ជៀសឆ្ងាយពីជំងឺដង្កាត់ និងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។
សូមបញ្ជាក់ថា អំណោយចែកជូនប្រជាពលរដ្ឋចាស់ជរា ចំនួន ១២០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានអង្ករ៥០គីឡូក្រាម, មី១កេស, ត្រីខ១ដុំ, ប្រេងឆា១ដប, ទឹកស៊ីអ៊ីវ១យួរ, ទឹកត្រី១យួរ, ប៊ីចេងកញ្ចប់, ក្រមា១ និងថវិកា ១០ ម៉ឺនរៀល។ ចំណែកលោកគ្រូ-អ្នកគ្រូ ២០នាក់ ម្នាក់ៗទទួលបាន ទឹកសាប៊ូអនាម័យ១ដប ក្រមា១ និងថវិការ១០ម៉ឺនរៀល។ ដោយឡែកសិស្សានុសិស្សចំនួន ៣០០នាក់ ម្នាក់ៗ ទទួលបាន សៀវភៅ ប៊ិច ខ្មៅដៃ និងថវិកា ១០០០០រៀលផងដែរ៕




No comments:

Post a Comment