Friday, September 21, 2018

មេបញ្ជាការយោធភូមិភាគទី៥ ធ្វើទស្សនកិច្ចសិក្សា ស្តីពីការងារ ​កសាងពង្រឹង​ អង្គភាពរឹងមាំ​លើគ្រប់វិស័យ ​នៅទីបញ្ជាការវរសេនាតូចលេខ ១​

ប៉ៃលិន៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ និងលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីទស្សនកិច្ចសិក្សា ស្តីពីការងារ កសាងពង្រឹង អង្គភាពរឹងមាំលើគ្រប់វិស័យ នៅទីបញ្ជាការវរសេនាតូចលេខ ១ ចំណុះឱ្យតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយ នាយរងសេនាធិការ នាយការិយាល័យយោធភូមិភាគទី៥ មេបញ្ជាការកងពល មេបញ្ជាការបណ្តាវរៈចំណុះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងបណ្តាសម្ព័ន្ធមេត្រីភាព ព្រមទាំងនាយទាហ៊ាន និងពលទាហ៊ាន ចំនួន ២៦៤នាក់ផងដែរ។
មានប្រសាសន៍ស្វាគមន៍ ក្នុងពិធីនោះ លោកវរសេនីយ៍ឯក កែម អនុជ មេបញ្ជាការរង និងជានាយសេនាធិការ នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន បានឱ្យដឹងថា បើទោះបី សភាពការណ៍នៅតាមជួរបន្ទាត់ព្រំដែន (ខ្មែរ-ថៃ) ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន មានសភាពស្ងប់ស្ងាត់ធម្មតាយ៉ាងណាក៏ដោយ ក៏អង្គភាពតំបន់ប្រតិបត្តិការសឹកងខេត្ត និងអង្គភាពចំណុះ បានបំពេញភារកិច្ចទទួលខុសត្រូវការងាររៀងៗខ្លួន ដោយចិត្តមុះមុត ក្លាហាន រឹងមាំ និងមានសាមគ្គីភាពល្អ ដោយឈរលើគោលជំហររបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងប្រជាជន។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ទោះក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺតែងតែគិតគូពីសុខទុក្ខរបស់កងទ័ព និងគ្រួសារទ័ព នៅគ្រប់កងឯកភាពដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងកាន់តែបង្ហាញនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាងថ្នាក់ដឹកនាំកំពូល ជាមួយថ្នាក់ក្រោមដែលមិនអាចខ្វះបាន។
លោកអភិបាលខេត្ត បានបន្តទៀតថា ក្នុងនាមអភិបាលខេត្ត និងជា ប្រធានគណៈបញ្ជាការឯកភាពខេត្ត លោកនឹងជំរុញដល់បណ្តាអង្គភាពសម្ព័ន្ធមេត្រីភាពទាំងអស់ក្នុងខេត្ត ត្រូវបន្តការឧបត្ថម្ភគាំទ្រ និងចុះសួរសុខទុក្ខ ដល់កងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញភារកិច្ចការពារជាតិ និងប្រជាជន ដើម្បីជាការលើកទឹកចិត្ត ដែលពួកគាត់បានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាផ្សារភ្ជាប់មនោសញ្ចេនារវាងសមរភូមិមុខ និងសមរភូមិក្រោយឱ្យបានកាន់តែជិតសិ្នទ្ធថែមទៀត។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ប៊ុន សេង បានកោតសរសើរ ដល់អង្គភាពវរសេនាតូចលេខ១ ដោយជាក់ស្តែងឃើញថា មានការវិវឌ្ឍឈានឡើងច្រើន បើប្រៀបធៀបទៅនឹងរយៈពេលមុន នេះសបញ្ជាក់ពីប្រសិទ្ធភាពនៃការដឹកនាំរបស់ថ្នាក់ដឹកនាំរបស់អង្គភាពគ្រប់ជាន់ថ្នាក់ មានការសាមគ្គីឯកភាពផ្ទៃក្នុងល្អ និងដោយអាស្រ័យមានការចូលរួមដ៏សស្រាក់សស្រាំពីនាយ-ពលទាហានគ្រប់ៗរូប និងការយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំខេត្ត សប្បុរសជន និងបណ្តាសម្ព័ន្ធមេត្រីភាព។
ថ្លែងក្នុងពិធីនោះដែរ លោកមេបញ្ជាការ ក៏បានមានប្រសាសន៍ផ្តាំផ្ញើ ដល់បណ្តាអង្គភាពទាំងអស់ ជាពិសេសអង្គភាពវរសេនាតូចលេខ១ ចំណុះឱ្យតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ត្រូវបន្តអនុវត្តន៍ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់ វិស័យ ដូចដែលមានចែងនៅក្នុងផែនការកសាង ពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យរបស់យោធភូមិភាគទី៥ ទាំង៤ ខ្លឹមសារ ដោយស្មារតី ទទួលខុសត្រូវខ្ពស់ ស្មារតីច្នៃប្រឌិត គំនិតផ្តើមតទៅមុខទៀតឲ្យដូចភ្លៀងរលឹម។
ព្រមជាមួយគ្នានេះ លោក ប៊ុន សេង ក៏បានក្រើនរំលឹកដល់គ្រប់អង្គភាពទាំងអស់ ត្រូវអនុវត្តន៍ឱ្យបានរឹងមាំនូវភារកិច្ចនៃកងយោធពលខេមរភូមិន្ទ គឺការពារជាតិ បូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសន្តិភាព ស្ថិរភាពសង្គមជាតិ ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណា ក៏ដោយ។
បើតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ ហោ ប៊ុនហៀង មេបញ្ជាការវរសេនាតូចលេខ១ បានឱ្យដឹងថា រចនាសម្ព័ន្ធវរសេនាតូចលេខ១ មានទីបញ្ជាការវរសេនាតូចចំនួន ១ អនុសេនាធំចំនួន ៤ (គឺកងអនុសេនាធំទី១,ទី២,ទី៣ និងកងអនុសេនាធំគាំទ្រ) កងអនុសេនាតូចចំណុះទីបញ្ជាការវរៈ ចំនួន៣ (គឺកងអនុសេនាតូចស៊ើបការ /ការពារ ,ដឹកជញ្ជូន និងបញ្ជូនសារ) ដោយមានទ័ពសរុបចំនួន ៣៩នាក់ ស្មើនឹង ១៦% នៃក្របខ័ណ្ឌថ្នាក់លើកំណត់ ២៥០នាក់ ក្នុងនោះនាយទាហ៊ាន ចំនួន ៣៧នាក់ និងនាយទាហ៊ានរងចំនួន ២នាក់៕




No comments:

Post a Comment