Thursday, July 19, 2018

ក្រុមការងារគណបក្សប្រជាជនកម្ពុជា​ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិកនិងភ្នាក់ងារសង្កេតការណ៍បោះឆ្នោតក្នុងឃុំកុមាររាជា

នៅព្រឹកថ្ងៃទី១៨ ខែកក្កដា​ ឆ្នាំ២០១៨នេះ​ លោក ជា វ៉ាន់ដេត បេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលតាកែវ ប្រធានក្រុមការងារចុះជួយស្រុកបាទី​ និងលោក ស្វាយ ស៊ីថា ​សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាលជាមួយក្រុមការងារគណៈកម្មាធិការបក្សឃុំកុមាររាជា ភ្នាក់ងារសង្កេតការណ៍បោះឆ្នោតរបស់គណបក្សប្រជាជន និងប្រធានក្រុមបក្សទាំង១៣ភូមិក្នុងឃុំ​និងក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ធានទាំង១៣ភូមិដោយបានលើកឡើងអំពីការជំរុញ និងលើកទឹកចិត្តដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងឃុំទាំងមូល សូមត្រៀមឯកសារឱ្យបានរួចរាល់ និងត្រូវទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
លោក ជា វ៉ាន់ដេត បានមានប្រសាសន៍ថា បើបងប្អូនពលរដ្ឋជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា គឺជាការរួមចំណែកដ៏សំខាន់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព​ និងលើកទឹកចិត្តដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាក្នុងការ បន្តកសាង និងអភិវឌ្ឍមូលដ្ឋានរបស់បងប្អូនឱ្យកាន់តែរីកចម្រើនថែមទៀត។ លោក បានបន្ថែមថា គម្រោងផែនការអភិវឌ្ឍជាច្រើនទៀត នឹងត្រូវបានផ្តល់ជូនដល់បងប្អូន បន្ថែមលើសមិទ្ធផល ដែលបងប្អូនប្រជាពលរដ្ឋកំពុងទទួលផលកើតចេញពីការរួមចំណែករបស់ក្រុមការងារ ដែលបានគិតគូរនិងដោះស្រាយនូវរាល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងឃុំទាំងមូល។​ លោក ជា វ៉ាន់ដេត ក៏បានផ្តាំផ្ញើដល់ភ្នាក់ងារបក្ស និងប្រធានក្រុមបក្សសូមពិនិត្យមើលសមាជិករបស់ខ្លួន និងនាំគ្នាទៅបោះឆ្នោត ដើម្បីថែរក្សាសុខសន្តិភាព​ និងបរិយាកាសការងារ ក៏ដូចជាការលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើងថែមទៀត។ ប៉ុន្តែ​ ទោះយ៉ាងណា លោកបានក្រើនរម្លឹកដល់ភ្នាក់ងារគណបក្ស​​ និងអ្នកសង្កេតការណ៍បោះឆ្នោតដែលតំណាងឱ្យគណបក្សប្រជាជនកម្ពុជានៅតាមការិយាល័យបោះឆ្នោតនីមួយៗត្រូវគោរពច្បាប់ នីតិវិធី​​​ និងការណែនាំរបស់ គជប ឱ្យបានត្រឹមត្រូវ ។
ក្នុងឱកាសនោះ​ដែរ លោក ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ បានមានប្រសាសន៍ដោយណែនាំក្រុមការងារសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នាក្នុងឃុំ​កុមាររាជា អោយយកចិត្តទុកដាក់ខ្ពស់បំផុតនៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនេះ​ រហូតដល់ថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត គឺត្រូវគោរពច្បាប់ស្តីពីការបោះឆ្នោត អោយបានហ្មត់ចត់ដើម្បីធានាឱ្យបាននូវការបោះឆ្នោតមួយដែលនឹងប្រព្រឹត្តទៅដោយសេរី​ ត្រឹមត្រូវ និងយុត្តិធម៌​ ។
លោក ស្វាយ ស៊ីថា បានបញ្ជាក់បន្ថែមថា ក្នុងអាណត្តិ៥ឆ្នាំកន្លងទៅនេះ​ ប្រជាពលរដ្ឋទាំងអស់គ្នាបានរស់នៅជាមួយ សុខសន្តិភាព​ ដែលកើតចេញពីការប្រឹងប្រែងកសាង និងអភិវឌ្ឍប្រទេសជាតិនៃរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជា ប្រមុខ។ លោកបានសង្កត់ធ្ងន់ថា ក្នុងឃុំកុមាររាជា មានការអភិវឌ្ឍ ច្រើនណាស់ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មណ្ឌលសុខភាព​ ផ្លូវ ​អណ្តូងទឹក ស្រះទឹក ប្រឡាយទឹក វត្តអារាម និងការគិតគូរដោះស្រាយទុក្ខលំបាកជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដែលទាំងអស់នេះ​ គឺជាមោទនភាពបំផុតរបស់ក្រុមការងារដែលបានរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ​ហើយក្រុមការងារដែលចុះជួយ មូលដ្ឋានឃុំកុមាររាជា ក៍មានបំណងចង់ឱ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត និងចង់ឃើញប្រជាពលរដ្ឋទទួល បាននូវសេចក្តីសុខ ភាពសម្បូរ៍សប្បាយរីករាយ និងសុភមង្គលគ្រប់ក្រុមគ្រួសារ។ ដូច្នេះ​ ដើម្បីធានាឱ្យបាននូវការ លើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនឱ្យរីកចម្រើនថែមទៀត​ សូមសមាជិកបក្សទាំងអស់នាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ ជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ដែលមានរូប ទេវតាបាយផ្កាជាសញ្ញាសម្គាល់​កុំបីអាក់ខាន៕

អត្ថបទ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំកុមាររាជា







No comments:

Post a Comment